ជាតិ
អគ្គ​ស្នងការរង​នគរបាលជាតិ​៖ សមត្ថកិច្ច​តាម​ចាប់ខ្លួន​មេបញ្ជាការរង​មូលដ្ឋានទ័ព​សមុទ្រ​រាម​ពាក់ព័ន្ធ​ជម្លោះ​បាញ់បោះ​ជាមួយ​ជនជាតិ​ចិន​
01, Jun 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ ទិដ្ឋភាពផែសំចតនាវាល្បាតនៃកងទ័ពជើងទឹកកម្ពុជា នៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)
រូបឯកសារ៖ ទិដ្ឋភាពផែសំចតនាវាល្បាតនៃកងទ័ពជើងទឹកកម្ពុជា នៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)
ដោយ: VOA
​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​នាយ​ទាហានជើងទឹក​ជាន់​ខ្ពស់​មួយរូប នៃ​មូលដ្ឋាន​សមុទ្រ​រាម​ក្នុង​ខេត្ត​ព្រះសីហនុ​និង​គូកន ទាក់ទិន​នឹង​ការជាប់​ពាក់ព័ន្ធ​របស់លោក​ក្នុង​ហេតុការណ៍​ប្រទូស្ដ​រ៉ា​យ​ហិង្សា​រហូត ផ្ទុះអាវុធ​នៅ​កន្លែង​កម្សាន្ត​មួយ​នៅ​កោះរ៉ុង កាលពី​ពាក់កណ្ដាល​ខែឧសភា​។ នេះ​បើតាម​ការ​ឱ្យដឹងពី​មន្ត្រីជាន់ខ្ពស់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

 
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​ថ្លែងប្រាប់ VOA នៅ​ថ្ងៃ​សុក្រ​នេះ​ថា នគរបាល​កំពុង​តាម​ចាប់ខ្លួន​លោក​ឧត្ដមនាវីទោ ហាស់ សុទ្ធា មេបញ្ជាការរង​មូលដ្ឋាន​សមុទ្រ​រាម នៃ​កងទ័ពជើងទឹក និង​បុគ្គល​ពីររូប​ទៀត ពាក់ព័ន្ធ​នឹង​ករណី​វាយតប់​រហូត​មាន​ផ្ទុះអាវុធ​ជាមួយ​ជន​ជាតិចិន​មួយក្រុម​។​
 
​នៅពេល​សួរថា​ការ​តាម​ចាប់​នេះ​មាន​ដីកា​ពី​តុលាការខេត្ត​ព្រះសីហនុ​បង្គាប់​ឱ្យ​ចាប់ខ្លួន ឬ​យ៉ាងណា  លោក ឆាយ គឹម​ខឿន បាន​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា​៖ «​ករណីនេះ​បញ្ជូនទៅ​តុលាការ​ហើយ​តើ​!​ហើយ​បីនាក់​ទៀត កំពុង​រត់គេចខ្លួន​។ យើង​កំពុង​តាម​ចាប់​»​។​
 
​លោក​វរសេនីយ៍ទោ ហេង គីម​អាន អធិការនគរបាល​ក្រុង​កោះរ៉ុង បាន​បញ្ជាក់ថា ករណី​ជម្លោះ​ហិង្សា​ខាងលើ បាន​កើតឡើង​កាលពី​ថ្ងៃទី​១៤ ខែឧសភា នៅ​ឆ្នេរ​ឋានសួគ៌ ភាគ​ខាងលិច​នៃ​កោះរ៉ុង ក្បែរ​ទី​លំហែ​ម៉ាហ្វីយ៉ា​។ ជម្លោះ​នេះ​មាន​ការប្រតាយប្រតប់គ្នា​រហូតដល់​ផ្ទុះអាវុធ​។ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​បន្ថែម​លើ​បញ្ហា​នេះ​នោះទេ​។​
 
​ទី​លំហែ​ខាងលើ​ជា​កម្មសិទ្ធិ​របស់​ឧកញ៉ា ទៀ វិចិត្រ កូនប្រុស​បង្កើត​លោកនាយ​ឧត្ដមនាវី ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក ដែលជា​ប្អូនប្រុស​របស់លោក​ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​។​
 
​លោក លឹម ប៊ុនហេង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​បញ្ជាក់ថា មាន​ជន​ពាក់ព័ន្ធ​ទាំងអស់ ១៩ នាក់ ដែល​ត្រូវបាន​បញ្ជូន​ឈ្មោះ​មក​សាលាដំបូង​ខេត្ត ក្នុងនោះ​ជនជាតិ​ចិន ១៦​នាក់​។ លោក​បញ្ជាក់ថា ពួកគេ​ត្រូវបាន​ចោទប្រកាន់​ពី «​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» និង «​បទ​ប្រើប្រាស់​អាវុធជាតិផ្ទុះ​»​។​
 
 
​យ៉ាងណាក៏ដោយ មន្ត្រី​តុលាការខេត្ត​ព្រះសីហនុ​រូបនោះ បាន​បដិសេធ​មិន​ផ្ដល់ព័ត៌មាន​ថា បាន​ចោទប្រកាន់​ពីថ្ងៃ​ណា ដោយ​ព្រះរាជអាជ្ញារង​រូប​ណា​នោះទេ ហើយ​លោក​ក៏​បដិសេធ​មិន​និយាយ​ចំឈ្មោះ​ថា លោក ហាស់ សុទ្ធា ដែលជា​មេបញ្ជាការរង​មូលដ្ឋាន​សមុទ្រ​រាម​នៃ​កងទ័ពជើងទឹក បាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ​ឬ​អត់​។​
 
«​ប៉ុន្តែ​គ្រាន់តែ​ថា សំណុំ​រឿងនេះ វា​មានការ​ស្មុគស្មាញ​គ្នាច្រើន ហើយ​យើង​ត្រូវការ​ស្រាវជ្រាវ​។ អ៊ីចឹង​ខ្ញុំ​អត់​អាច​ផ្ដល់​ថា ចំណាត់ការ​ហ្នឹង​យ៉ាងម៉េច​អី​យ៉ាងម៉េច​ទេ​»​។​
 
​ប៉ុន្តែ​លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ប្រាប់ VOA នៅ​ថ្ងៃ​សុក្រ​នេះ​ថា នគរបាល​ខេត្ត​មិនទាន់​បានទទួល​ដីកា​បញ្ជា​ឱ្យ​ចាប់ខ្លួន ឬ​នាំខ្លួន​ទាក់ទិន​នឹង​ករណី​នោះ​នៅឡើយ​ទេ​។​
 
«​សូម​អធ្យាស្រ័យ ខ្ញុំ​អត់​ទាន់​មាន​ទទួល​មាន​អ្វី​ទេ ព្រោះ​នៅក្នុង​ដៃ​ចៅក្រម​ស៊ើប [​សួរ​] កំពុង​អនុវត្ត​នីតិវិធី​។ ខ្ញុំ​រង់ចាំតែ​អនុវត្តតាម​នីតិវិធី និង​អធិបញ្ជា​របស់​ចៅក្រម​និង​ព្រះរាជអាជ្ញា​»​។​
 
​លោក​បន្តថា ជនជាតិ​ចិន​ទាំង ១៦ នាក់ កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង ហើយ​កំពុង​ត្រូវបាន​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត ក្បែរ​តំបន់​ក្បាលឆាយ​។ ប៉ុន្តែ​លោក​ថា អ្នកពាក់ព័ន្ធ ៣ នាក់​ទៀត ដែលជា​ជនជាតិខ្មែរ បាន​ចាក​ចេញពី​កន្លែងកើតហេតុ មុន​សមត្ថកិច្ច​ទៅដល់​។ លោក​ថា ភាគី​ជម្លោះ​មាន​របួស​ទាំង​សង​។​
 
«​ពេលនោះ​មាន​របួស​សងខាង ហើយ​ខាង​ភាគី​ខ្មែរ​ដូចជា​មានការ​ដឹកជញ្ជូន​ទៅ​មន្ទីរពេទ្យ​»​។​
 
​មិនមាន​ព័ត៌មាន​អំពី​មនុស្ស​ស្លាប់​នៅក្នុង​ជម្លោះ​ប្រើ​អាវុធ​នេះ​ទេ​។​
 
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ចុះ​ថ្ងៃទី ២៨ ខែឧសភា ទីបញ្ជាការដ្ឋាន​មូលដ្ឋាន​សមុទ្រ​រាម បាន​បដិសេធថា ពុំមាន​ការចេញ​ដីកា​តាម​ចាប់ខ្លួន​លោក ហាស់ សុទ្ធា ហើយ​នាយ​ទាហានជើងទឹក​ផ្កាយ​ពីររូប​នេះ ក៏​មិនបាន​រត់គេចខ្លួន​នោះដែរ​។ ប៉ុន្តែ​សេចក្តីថ្លែងការណ៍​នេះ​មិនបាន​បញ្ជាក់​នោះទេ ថា លោក ហាស់ សុទ្ធា កំពុង​បំពេញ​តួនាទី​ធម្មតា ឬក៏​កំពុងស្ថិត​នៅទីណា​នោះទេ​។​
 
​សេចក្តីថ្លែងការណ៍​នេះ​បញ្ជាក់ថា​៖ «​មេបញ្ជាការ​មូលដ្ឋាន​ស​មុ​ទ្រ​កងទ័ពជើងទឹក​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ជ្រាប​នូវ​អង្គហេតុ ព្រមទាំង​បានធ្វើការ​ត្រួតពិនិត្យ វាយតម្លៃ​យ៉ាង​ល្អិតល្អន់​រួចហើយ ចំពោះ​ករណី​ហិង្សា​មកលើ​លោក ហាស់ សុទ្ធា និង​មិត្តភក្ដិ​»​។​
 
​សេចក្ដីថ្លែងការណ៍​បន្ថែ​ម​ថា​៖ «​អង្គភាព​បាន​ត្រៀម​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ដើម្បី​បញ្ជូន​លោក ហាស់ សុទ្ធា ចូលខ្លួន​ទៅ​បំភ្លឺ តាម​ការកោះហៅ​របស់​ក​ង​កម្លាំង​សមត្ថកិច្ច​និង​ស្ថាប័ន​តុលាការ​»​។​
 
​លោក​ឧត្ដមនាវីឯក អ៊ុក សីហា មេបញ្ជាការ​មូលដ្ឋានទ័ព​សមុទ្រ​រាម បដិសេធ​មិន​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​។ VOA ក៏​មិនទាន់​អាចទាក់ទង​លោក ហាស់ សុទ្ធា ដើម្បី​សុំ​ការបំភ្លឺ​បានដែរ​។​
 
​លោក អំ សំអាត នាយករង​ទទួលបន្ទុក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ជំរុញ​ឲ្យ​តុលាការ​ស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់ចត់​លើ​ករណីនេះ ហើយ​សមត្ថកិច្ច​ត្រូវ​តាម​ចាប់ខ្លួន​អ្នក​ដែល​ប្រព្រឹត្ត​ខុស ដោយ​មិន​ផ្អឹប​សំណុំរឿង​ទុក​។​
 
​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​រូបនេះ បាន​បន្តថា កន្លងទៅ លោក​សង្កេតឃើញថា ទាល់តែ​មានការ​បញ្ជា​ឬ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី ទើប​សមត្ថកិច្ច​និង​តុលាការ​មាន​ចំណាត់ការ​ចំពោះ​ករណី​ដែល​អ្នកមានអំណាច ឬ​សែស្រឡាយ​របស់​អ្នកមានអំណាច​ជាប់​ពាក់ព័ន្ធ ឲ្យ​ពួកគេ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com