អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មាន​ប្រវត្តិ​ដូចម្ដេច​?
20, Mar 2023 , 11:30 am        
រូបភាព
តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ។ រូបភាព Reuters
តុលាការព្រហ្មទណ្ឌអន្តរជាតិ នៅទីក្រុងឡាអេ។ រូបភាព Reuters
ដោយ: ថ្មីៗ
​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (International Criminal Court) ត្រូវបាន​បង្កើត​ឡើងជា​ផ្លួ​វ​ការ ក្នុង​ឆ្នាំ ២០០២ ដើម្បី​ទទួល​ភារកិច្ច​ដោះស្រាយ​សំណុំ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ធំៗ​រួមទាំង​បទ​ប្រល័យពូជសាសន៍​ផង​។ វត្តមាន​នៃ​ស្ថាប័ន​យុត្តិធម៌​មួយ​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការវិវត្ត​យ៉ាង​រហ័ស​នៃ​វិស័យ​ច្បាប់​អន្តរជាតិ ប៉ុន្តែ​ទោះជា​បែបនេះ​ក្តី តុលាការអន្តរជាតិ​មួយ​នេះ​រង​ការរិះគន់​ច្រើន ដោយសារ​ខ្វះខាត​អំណាច​អនុវត្ត​ច្បាប់​ទូទៅ ជាពិសេស​អនុវត្ត​ដីកាចាប់ខ្លួន​ជាដើម​។ តើ​តុលាការ​នេះ​មាន​ដើមកំណើត​ដូចម្តេច​?

 
​នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​១៩៩៨ លក្ខន្តិកៈ​ក្រុង​រ៉ូម ស្តីពី​ការបង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC) ត្រូវបាន​អនុម័ត​ក្នុង​សន្និសីទ​ទីក្រុង​រ៉ូម ប៉ុន្តែ​លិខិត​បទ​ដ្ឋាន​អន្តរជាតិ​នេះ​ចូល​ជា​ធរមាន​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ២០០២​។ 
 
​ក្នុង​អាយុ ១៨ ឆ្នាំ តុលាការ​មួយ​នេះ​មាន​រដ្ឋ​សមាជិក​ចំនួន​១២៣ ដោយមាន​យុត្តាធិការ​លើ​បទល្មើស​ព្រហ្មទណ្ឌ​អន្តរជាតិ​ចំនួន​៤​។ ការបង្កើតបាន​នូវ​តុលាកា​អចិន្ត្រៃយ៍​នេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ជំហាន​ចំបង​មួយ​ក្នុងការ​វិត្ត​នៃ​ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ក៏ដូចជា​ការបង្កើត​យ​ន្ត​ការ​ក្នុងការ​បញ្ចប់​វប្បធម៌​និ​រ​ទណ្ឌ​ភាព ដោយ​នាំ​បុគ្គល​ប្រព្រឹត្ត​អំពើ​សាហាវ​ឃោ​ឃៅ​ដូចជា​ប្រល័យពូជសាសន៍ រំលោភបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​បំពាន​ច្បាប់​សង្គ្រាម​មក​ទទួលទោស​ចំពោះមុខ​ច្បាប់​។ 
 
​ទោះជា​តុលាការ​អចិន្ត្រៃយ៍​នេះ ត្រូវបាន​គេ​ចាត់ទុកជា​ជំហាន​យ៉ាងសំខាន់​ក្នុង​វិស័យ​ច្បាប់​អន្តរជាតិ​យ៉ាងណាក្តី គេ​មិនអាច​ភ្លេច​បាន​កេរដំណែល​របស់​តុលាការ​ចំពោះ​កិច្ច (ad hoc Tribunal) មួយចំនួន​ដូចជា​តុលាការ​លី​ប​ហ្ស៊ិ​ក​(Leipzig) និង អ៊ី​ស្តង់​ប៊ុល​ដែល​កាត់ក្តី​បុគ្គល​ក្រោយ​សង្គ្រាមលោកលើកទី​១ តុលាការ​នូ​រេ​ម​ប៊ឺ​ក​(Nuremberg)  និង​តូ​ក្យូ​ក្រោយ​សង្គ្រាមលោកលើកទី​២ ក៏ដូចជា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​អតីត​រដ្ឋ​យូ​ហ្កោ​ស្លា​វី​(ICTY)​ និង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់រ​វ៉ាន់ដា​(ICTR)​។ 
 
​ការវិវត្ត​ក្រោយ​សង្គ្រាមលោកលើកទី​២
​ក្រោយ​សង្គ្រាមលោកលើកទី​២ បញ្ចប់​ទៅ និង​មានការ​អនុម័ត​អនុសញ្ញា​ប្រឆាំង​អំពើ​ប្រល័យពូជសាសន៍​ក្នុង​ឆ្នាំ​១៩៤៨ អង្គ​មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ​បានស្នើ​ឲ្យ​គណៈកម្មាធិការ​ច្បាប់​អន្តរជាតិ​(International Law Commission ) របស់​អង្គការ​នេះ​សិក្សា​ពី​លទ្ធភាព និង​ការចង់​បង្កើត​តុលាការអន្តរជាតិ​អចិន្ត្រៃយ៍​មួយ​ក្នុងការ​ជំនុំជម្រះ​បទល្មើស និង​អំពើ​ឃោ​ឃៅ​យង់ឃ្នង​។ អត្ថបទ​ព្រាង​នៃ​តុលាការ​អចិន្ត្រៃយ៍​មួយ​ត្រូវបាន​រៀបចំឡើង ប៉ុន្តែ​នៅ​ឆ្នាំ​១៩៥០ អង្គ​មហាសន្និបាត​សម្រេច​ផ្អាក​ដំណើរការ​នេះ​រហូតដល់​គេ​អាច​កំណត់​និយមន័យ​បទល្មើស​ព្រហ្មទណ្ឌ​ឈ្លានពាន និង​សម្រេច​ឲ្យ​រួចរាល់​នូវ​សេចក្តីព្រាង​ស្តីពី​បទល្មើស​ប្រឆាំង​សន្តិភាព និង​សន្តិសុខ​នៃ​មនុស្សជាតិ​( Code of Offences against Peace and Security of Mankind)​។​
 
​មិនតែប៉ុណ្ណោះ គោលបំណង​ក្នុងការ​បង្កើត​តុលាកា​អចិន្ត្រៃយ៍​មួយ ក៏ត្រូវ​បាន​ផ្អាក​បន្តទៀត​ដោយសារតែ​សង្គ្រាមត្រជាក់​។ ក្នុងអំឡុង​ពេលនោះ​គំនិត​ផ្តួចផ្ដើម​បង្កើត​តុលាការ​កាត់ទោស​ក្នុង​កម្រិត​អន្តរជាតិ ពុំ​ទទួលបាន​ការគាំទ្រ​ជា​សកល​ឡើយ ដ្បិតអី​ប្រទេស​ស្ថិតក្នុង​ប៉ូល​ទាំងពីរ​ទាំង​ប៉ូល​សេរី និង​កុម្មុយនីស្ត គិតថា​គេ​នឹង​អាច​ប្រើ​តុលាការអន្តរជាតិ​ជា​ឧបករណ៍​សម្រាប់​ឃោសនា​នយោបាយ​។ ក្នុងអំឡុង​ពេលនោះ ការយកចិត្តទុកដាក់​លើ​វិស័យ​ព្រហ្មទណ្ឌ​ត្រូវបាន​បង្វែរ​ទៅលើ​តុលាការជាតិ រួមមាន​ទាំង​ការ​កិច្ចសហប្រតិបត្តិការ​រ​វាង​រដ្ឋ​និង​រដ្ឋ ក្នុង​ការធ្វើ​បត្យាប័ន ក៏ដូចជា​ជួយ​គ្នា​ទៅវិញទៅមក​ក្នុង​វិស័យ​ច្បាប់​។​
 
​ការវិវត្ត​ក្រោយ​សង្គ្រាមត្រជាក់​
​នៅ​ឆ្នាំ​១៩៨៩ ប្រទេស​តូច​មួយ​ក្នុង​តំបន់​អាមេរិក​ឡាទីន គឺ ប្រទេស​ទ្រី​នី​ដា​ដ និង​តូ​បា​ហ្គោ​(Trinidad and Tobago) បានដាក់​សំណើរ​ទៅ​អង្គការសហប្រជាជាតិ​ដើម្បី​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​មួយ​។  បញ្ហា​ដែល​ប្រទេស​ទ្រី​នី​ដា​ដ និង​តូ​បា​ហ្គោ​បារម្ភ​នៅពេលនោះ គឺ​ការកាត់ទោស​ជា​អន្តរជាតិ​នូវ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ប៉ុណ្ណោះ​។ ឆ្លើយតប​ទៅនឹង​សំណើ​របស់​ប្រទេស​ទ្រី​នី​ដា​ដ និង​តូ​បា​ហ្គោ មហាសន្និបាត​អង្គការសហប្រជាជាតិ បានស្នើ​សុំ​ឲ្យ​គណៈកម្មាធិការ​ច្បាប់​អន្តរជាតិ​រៀបចំសេចក្តី​ព្រាង​ស្តីពី​លក្ខន្តិកៈ​នៃ​តុលាការ​។ គណៈកម្មការ​ច្បាប់​អន្តរជាតិ​របស់​អង្គការសហប្រជាជាតិ​បាន​ឆ្លើយតប​យ៉ាង​ឆាប់រហ័ស​ទៅនឹង​សំណើ​នេះ ដោយ​រៀបចំ​សេចក្តីព្រាង​ស្តីពី​លក្ខន្តិកៈ​នៃ​តុលាការ​នៅ​ឆ្នាំ​១៩៩៤​។ 
 
​ការសម្រេចបាន​សេចក្តីព្រាង​នេះ គឺ​ចំពេល​វេលា​ដែល​សង្គ្រាមត្រជាក់​បាន​ផុតរលត់​បាត់ ហើយ​វា​ក៏បាន​បង្កើត​ឲ្យ​មាន​បរិយាកាស​សមស្រប​មួយ​ដែល​អនុញ្ញាត​ឲ្យ​សហគមន៍​អន្តរជាតិ​អាច​ជជែក​វែកញែក​ពេញលេញ​លើ​បញ្ហា​នេះ​។ វា​ក៏​បើកផ្លូវ​ឲ្យ​សហគមន៍​អន្តរជាតិ​គិតគូរ​ឡើងវិញ​ដែរ​ពី​ការជំនុំជម្រះ​ក្តី​ព្រហ្មទណ្ឌ​អន្តរជាតិ​។ ទីមួយ​គឺ​ដោយសារតែ​ការមើលឃើញ​ពី​អំពើ​ប្រល័យពូជសាសន៍​មួយចំនួន​ដែល​កើតឡើង​ដូចជា​នៅ​កម្ពុជា រ​វ៉ាន់ដា និង​ទី​ម័​រ​ខាងកើត​។ ឯ​កត្តា​មួយទៀត​នោះ​គឺ​សហគមន៍​អន្តរជាតិ​ចាប់ផ្តើម​យកចិត្តទុកដាក់​លើ​ការពង្រឹង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ និង​ច្បាប់​មនុ​ស្សធ​ម៌​អន្តរជាតិ។​
 
​ការចរចា និង​សន្និសីទ​ទីក្រុង​រ៉ូម ឆ្នាំ​១៩៩៨
​ឆ្នាំ​បន្ទាប់មក អង្គ​មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ បាន​បង្កើត​គណៈកម្មកា​រ​រៀបចំ (Preparatory Committee)​មួយ ដើម្បី​សិក្សា និង​បំពេញបន្ថែម​លើ​អត្ថបទ​សេចក្តីព្រាង​ស្តីពី​លក្ខន្តិកៈ​តុលាការ ដែល​រៀបរៀង​ដោយ​គណៈកម្មាធិការ​ច្បាប់​អន្តរជាតិ​។ ស្ថាប័ន​មួយ​នេះ​រៀបរៀង បន្ថែម​លក្ខន្តិកៈ​តុលាការ ក៏ដូចជា​ទទួលយក​សេចក្តីស្នើ​ផ្សេងទៀត​រាប់រយ​។ ឯកសារ​ព្រាង​ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ខាងលើ ត្រូវបាន​ប្រើប្រាស់​ជា​មូលដ្ឋាន​ក្នុង​ការចចារ ក្នង​ឱកាស​សន្និសីទ​ទីក្រុង​រ៉ូម​។​
 
​ការចចារ​លើ​សេចក្តីព្រាង​ស្តីពី​លក្ខន្តិកៈ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែលមាន​ការចូលរួម​ពី​រដ្ឋ​ចំនួន​១៤៨ បានអូសបន្លាយ​ពេល​អ​ស់ ៥ សប្តាហ៍​ពោល​ពីថ្ងៃ​១៥ ខែមិថុនា ដល់​ថ្ងៃទី​១៧ ខែកក្កដា​ឆ្នាំ​១៩៩៨​។ ក្រៅតែពី​រដ្ឋ​ចំនួន​១៤៨ គេ​ក៏​ឃើញ​មាន​វត្តមាន​អង្គការក្រៅរដ្ឋាភិបាល​អ​ន្ត​រ​ជាតិ​ដូចជា​គណៈ​កម្ម​ការកាកបាទ​ក្រហម​អន្តរជាតិ (ICRC) អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International ) ក៏ដូចជា​អង្គការសិទ្ធិមនុស្ស និង​មនុស្សធម៌​ដទៃទៀត​។ អង្គការ​ទាំងនេះ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញ​ការចចារ និង​បញ្ចុះបញ្ចូល​បណ្តា​រដ្ឋ​នានា​ក្នុងដំណាក់កាល​ច​ចារ​ទាំងនោះ​ផង​។ 
 
​រដ្ឋ​ចំនួន​៦០ មានគំនិត​ប្រហាក់ប្រហែលគ្នា​ក្នុង​ការគាំទ្រ​ការបង្កើត​តុលាការ ដោយ​ជួយ​ជ្រោមជ្រែង​ដំណើរ​ការចចារ ក៏ដូចជា​ស្នើឡើង​ចំណុច​លម្អិត​ក្នុង​អត្ថបទ​ព្រាង​យកមក​ច​ចារ​។ សហភាព​អឺរ៉ុប ចលនា​មិន​ចូលបក្ស​សម្ព័ន្ធ និង​សហគមន៍​អភិវឌ្ឍន៍​អាហ្វ្រិក​ខាងត្បូង (Southern African Development Community) ក៏​ស្ថិត​ក្នុងចំណោម​ក្រុម​ដែល​ជួយ​សម្របសម្រួល​ការចចា​រលើ​បញ្ញត្តិ​មួយចំនួន​ដូចគ្នា​ក្នុង​លិខិតបទដ្ឋាន​គតិយុត្ត​នេះដែរ​។ 
 

សន្នីសិទទីក្រុងរ៉ូម ឆ្នាំ១៩៩៨។ រូបភាព Coalition for ICC
​ក្រៅពីនេះ បណ្តា​ប្រទេស​អា​ហ្រ្វិ​ក ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើត​តុលាការ​នេះដែរ​។ ជាក់ស្តែង អ្នកការទូត​មកពី​បណ្តា​ប្រទេស​អាហ្វ្រិក​មាន​វត្ត​មាននៅ​ក្នុង​គ្រប់​គណៈកម្មការ​ទាំងអស់ នៃ​ការចចារ​កន្លងមក​។ ចំណែក​ប្រទេស​អាហ្វ្រិក​ខ្លះ​ក៏​កាន់កាប់​តំណែង​អនុប្រធាន​ចំនួន​៨ ក្នុងចំណោម​តំណែង​អនុប្រធាន​ចំនួន ៣១​នៃ​សន្និសីទ និង​មាន​កាន់តំណែង​ជា​ប្រធាន​នៃ​គណៈកម្មការ​ព្រាង​ទៀត​។ មិនតែប៉ុណ្ណោះ មុននឹង​សន្និសីទ​បានចាប់ផ្តើម សហគមន៍​អភិវឌ្ឍ​អាហ្វ្រិក​ខាងត្បូង ដែលមាន​ប្រទេស​ចំនួន​១៦ បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ដា​កា ប្រទេស​សេ​ណេ​ហ្គា​ល់ ដោយ​បានចេញ​សេចក្តីប្រកាស​គាំទ្រ និង​លើកឡើង​ពី​សារសំខាន់​នៃ​តុលាការ​មួយ​នេះ តាមរយៈ​ការចេញ​សេចក្តីប្រកាស​ស្តីពី​ការបង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(Declaration on the Establishment of the International Criminal Court) ថែម​ទៀតផង​។ 
 
ការចាប់​កំណើត​ឡើង​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​
​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​១៩៩៨ បន្ទាប់ពី​បាន​ច​ចារ វែកញែក​លើ​អត្ថបទ​នៃ​លក្ខន្តិកៈ​របស់​តុលាការ​ចប់សព្វគ្រប់​ហើយ​។ សេចក្តីព្រាង​ស្តីពី​លក្ខន្តិកៈ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ត្រូវបាន​ដាក់​ឲ្យ​បោះឆ្នោត​អនុម័ត​។ ក្នុងចំណោម​ប្រទេស ១៤៨ ដែល​ចូលរួម មាន​ប្រទេស​ចំនួន​១២០ បាន​បោះឆ្នោត​គាំទ្រ ៧​ប្រឆាំង និង ២១​អនុបវាទ​។ ចំណែក ចិន អ៊ីរ៉ាក់ កាតា អ៊ីស្រាអែល និង​សហរដ្ឋអាមេរិក នាំគ្នា​បោះឆ្នោត​ប្រឆាំង​សេចក្តីព្រាង​នេះ​។​
 



រដ្ឋមន្ត្រីការបរទេសអ៊ីតាលី ចុះហត្ថលេខាលើលក្ខន្តិកៈក្រុងរ៉ូម ឆ្នាំ១៩៩៨។ រូបភាព UN
​ក្រោយ​ការចចារ​មាន​បទល្មើស​ព្រហ្មទណ្ឌ​អន្តរជាតិ​ចំនួន​៤ ត្រូវបាន​អនុម័ត​ក្នុងនោះ​មាន​បទឧក្រិដ្ឋប្រល័យពូជសាសន៍​(genocide) បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​(crime against humanity) បទឧក្រិដ្ឋ​សង្គ្រាម​(war crime) និង​បទឧក្រិដ្ឋ​ឈ្លានពាន (crime of aggression)​។​យ៉ាងណាមិញ តុលាការ​នេះ​មិនទាន់​អាចអនុវត្ត​យុត្តាធិការ​របស់ខ្លួន​លើ​បទឧក្រិដ្ឋ​ឈ្លានពាន ដ្បិត​ខ្លួន​ពុំទាន់​មាន​និយមន័យ និង​ធាតុ​ផ្សំ​នៃ​បទល្មើស​ជាក់លាក់​នៅឡើយ​។ ជារួម ក្រោយ​ការអនុម័ត​លិខិតបទដ្ឋាន​ខាងលើ តុលាការ​អាច​ត្រឹម​អនុវត្ត​យុត្តាធិការ​លើ​បទឧក្រិដ្ឋ​ចំនួន​៣ សិន​ប៉ុណ្ណោះ​។​
 
​បើទោះបីជា​សេចក្តីសម្រេច​ត្រូវបាន​អនុម័ត​ក៏ពិតមែន ហើយ​តុលាការ​ត្រូវបាន​បង្កើត​យ៉ាងណាក្តី គេ​ត្រូវ​រង់ចាំ​រហូតដល់​ប្រទេស​ចំនួន​៦០​ផ្តល់​សច្ចាប័ន ដើម្បី​អាច​ឲ្យ​លក្ខន្តិកៈ​នេះ​ចូល​ជា​ធរមាន ។ នៅ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០០២ លក្ខន្តិកៈ​សេចក្តី​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែលមាន​ឈ្មោះថា «​លក្ខន្តិកៈ​ក្រុង​រ៉ូម​»(The Rome Statue) បាន​ចូល​ជា​ធរមាន នឹង​បើកផ្លូវ​ឲ្យ​តុលាការ​ចាប់ផ្តើម​អនុវត្ត​យុត្តាធិការ​របស់ខ្លួន​ដែរ​។ នាពេល​បច្ចុប្បន្ននេះ កម្ពុជា​ជា​ប្រទេស​តែមួយគត់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែលជា​រដ្ឋ​សមាជិក​របស់​តុលាការ ដោយបាន​ផ្តល់​សច្ចាប័ន នៅ​ថ្ងៃទី​១១ ខែមេសា ឆ្នាំ​២០០២​។​
 
​ដោយឡែក ដើម្បី​ឲ្យ​តុលាការ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​បាន សន្និបាត​នៃ​រដ្ឋ​សមាជិក​ដែល​បង្កើតឡើង​ដោយ​លក្ខន្តិកៈ​ក្រុង​រ៉ូម ចាំបាច់​ត្រូវ​ជួបប្រជុំ​អនុម័ត​ធាតុ​ផ្សំ​នៃ​បទល្មើស និង វិធាន​នៃ​នីតិវិធី និង​ភស្តុតាង​៕


បន្ទប់សវនាការរបស់តុលាការ។ រូបភាព AFP
 
 អត្ថបទដោយ៖ គយ រតនបូរិន្ទ

Tag:
 តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​
  ចំណេះដឹង​ទូទៅ​
© រក្សាសិទ្ធិដោយ thmeythmey.com