COVID-19
ជាតិ
កូវីដ-១៩ ធ្វើឲ្យសណ្ឋាគារមួយទៀត នៅសៀមរាប ត្រូវផ្អាកដំណើរការ
24, Nov 2020 , 6:10 pm        
រូបភាព
បុគ្គលិក ឈរមុខសណ្ឋាគារ Le Meridian Angkor ដើម្បីទាមទារអត្ថប្រយោជន៍ផ្សេងៗ ខណៈសណ្ឋាគារនេះ ត្រូវបិទទ្វារបណ្តោះអាសន្ន (រូបពីលោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មនិយោជិតវិស័យទេសចរណ៍កម្ពុជា)
បុគ្គលិក ឈរមុខសណ្ឋាគារ Le Meridian Angkor ដើម្បីទាមទារអត្ថប្រយោជន៍ផ្សេងៗ ខណៈសណ្ឋាគារនេះ ត្រូវបិទទ្វារបណ្តោះអាសន្ន (រូបពីលោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មនិយោជិតវិស័យទេសចរណ៍កម្ពុជា)
ភ្នំពេញ៖ ម្ចាស់សណ្ឋាគារឡឺម៉េរីឌានអង្គរ (Le Meridian Angkor) នៅខេត្តសៀមរាប សម្រេចបិទដំណើរការសណ្ឋាគារខ្លួនជាបណ្ដោះអាសន្ន ដោយសារវិបត្តិកូវីដ-១៩ ដែលធ្វើឲ្យតម្រូវការភ្ញៀវធ្លាក់ចុះ។ នេះបើតាមការអះអាងរបស់ កញ្ញា ទូច អង្គសភាព នាយកផ្នែកលក់និងទីផ្សារនៃសណ្ឋាគារឡឺម៉េរីឌានអង្គរ។



កញ្ញា អង្គសភាព ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធ Telegram នៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ថា ការបិទដំណើរការបណ្ដោះអាសន្ននេះ ភាគីសណ្ឋាគារនឹងទូទាត់អត្ថប្រយោជន៍ឲ្យបុគ្គលិ។ ប៉ុន្តែបុគ្គលិកសណ្ឋាគារ អះអាងថា ភាគីសណ្ឋាគារទូទាត់អត្ថប្រយោជន៍ឲ្យពួកគេខ្វះចន្លោះនិងគិតមិនត្រូវតាមរូបមន្តនៃច្បាប់ការងារ។

កញ្ញា អង្គសភាព បានបញ្ជាក់ថា៖«ដោយសារបញ្ហាសុខភាពសាធារណៈដែលមិនធ្លាប់មានពីមុនមក ហើយផលប៉ះពាល់ដោយសារកូវីដ-១៩នៅតែបន្តមាន ម្ចាស់សណ្ឋាគារឡឺម៉េរីឌែន បានសម្រេចចិត្តបិទសណ្ឋាគារបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងបន្ថែម»។

ជាមួយគ្នាដែរ កញ្ញា អង្គសភាព អះអាងថា សម្រាប់ដំណោះស្រាយដែលផ្តល់ដល់បុគ្គលិកទាំងអស់គឺមានកញ្ចប់ខ្ពស់ជាងអត្ថប្រយោជន៍នៃច្បាប់ការងារកម្ពុជា។ កញ្ញា បន្តថា ការផ្ដល់ឲ្យនោះ គឺជាប្រាក់អតីតការងារ និងការទូទាត់ស្រប់តាមតម្រូវការច្បាប់ការងារ។

យ៉ាងណាក៏ដោយ លោក សឿន សោម ជាបុគ្គលិនៃសណ្ឋាគារនោះប្រាប់សារព័ត៌មានថ្មីៗថា ភាគីសណ្ឋាគារនឹងទូទាត់អត្ថប្រយោជន៍៥ចំណុចឲ្យបុគ្គលិក រួមមាន ប្រាក់ឈប់សម្រាកប្រចាំឆ្នាំ, ប្រាក់អតីតភាពការងារ២០២០, ប្រាក់អតីតភាពមុខឆ្នាំ២០១៩, ទូទាត់ប្រាក់អត្ថប្រយោជន៍បន្ថែម និងប្រាក់ជួសឲ្យការជូនដំណឹង។ លោក បញ្ជាក់ថា ការទូទាត់នេះ នៅខ្វះប្រាក់សងជំងឺចិត្ត ហើយការគិតប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ គឺគិតមិនត្រូវតាមរូបមន្ត។

លោក និយាយថា៖«ខាងសណ្ឋាគារជូនដំណឹងឲ្យពួកខ្ញុំថ្ងៃទី២៣ ខែវិច្ឆិកា ហើយថ្ងៃ២៤ ខែវិច្ឆិកានេះ ឲ្យពួកខ្ញុំទទួលយកលឿនពេកហើយ។ អ្វីដែលទូទាត់គឺខ្វះប្រាក់សងជំងឺចិត្ត ហើយប្រាក់អតីតភាពការងារមុនឆ្នាំ២០១៩ ខាងសណ្ឋាគារ យកប្រាក់គោលប្រចាំខែគិត ប៉ុន្តែអ្វីដែលពួកខ្ញុំចង់បានគឺយកប្រាក់ខែគោលបូកជាមួយប្រាក់អត្ថប្រយោជន៍បន្ទាប់បន្សំទៅគិតបានត្រូវ»។

បុគ្គលិកសណ្ឋាគាររូបនេះ លើកឡើងទៀតថា ទោះមិនខ្វះចន្លោះ ក៏ក្រុមបុគ្គលិព្រមទទួលយកការទូទាត់នេះដែរ ដើម្បីកុំឲ្យមានរឿងរ៉ាវច្រើននិងជាការយោគយល់៕

Tag:
 COVID-19
  សណ្ឋាគារ Le Meridian Angkor
© រក្សាសិទ្ធិដោយ thmeythmey.com