អន្តរជាតិ
សភាតំណាង បញ្ជូនមាត្រាចោទប្រកាន់លោក ត្រាំ ទៅព្រឹទ្ធសភាហើយ 26, Jan 2021 , 11:59 am
លោកដូណាល់ត្រាំ អតីតប្រធានាធិបតីអាមេរិក។ រូបភាព៖ AFP
× សភាតំណាងអាមេរិក បានបញ្ជូនមាត្រាចោទប្រកាន់អតីតប្រធានាធិបតីដូណាល់ ត្រាំទៅព្រឹទ្ធសភានៅថ្ងៃទី២៥ មករា។ សភាតំណាងដែលគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ បានចោទលោក ត្រាំ ពីបទញុះញង់ឱ្យអ្នកគាំទ្របះបោរប្រឆាំងរដ្ឋាភិបាលអាមេរិក បន្ទាប់ពីមានការអុកឡុកសភាដែលកំពុងប្រជុំបញ្ជាក់ពីជ័យជម្នះលោកចូ បៃឌិន នៅថ្ងៃទី៦ មករា គ្រាដែលលោក ត្រាំនៅកាន់តំណែងជាប្រធានាធិបតីនៅឡើយ។
តំណាងរាស្ត្របក្សប្រជាធិបតេយ្យចំនួន៩រូប ដើរតួនាទីជារដ្ឋអាជ្ញាក្នុងការចោទប្រកាន់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ។ នៅថ្ងៃទី១៣ ខែមករា សភាតំណាងបានអនុម័តច្បាប់ចោទប្រកាន់ប្រធានាធិបតី ត្រាំ ។ ជាកិច្ចបន្ទាប់ព្រឹទ្ធសភាអាមេរិក នឹងត្រូវកាត់ក្តីអតីតប្រធានាធិបតីរូបនេះនៅថ្ងៃទី៩ កុម្ភៈ។ លោក ត្រាំ ជាប្រធានាធិបតីអាមេរិកតែមួយរូបគត់ដែលត្រូវសភាចោទប្រកាន់ចំនួនពីរដង ដោយលើកទីមួយនៅខែធ្នូ ឆ្នាំ២០១៩ តែត្រូវព្រឹទ្ធសភាកាត់ក្តីឱ្យរួចខ្លួននៅថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២០។
ក្នុងការកាត់ក្តីនេះ លើបទចោទការបះបោរប្រឆាំងរដ្ឋាភិបាល សមាជិកព្រឹទ្ធសភា៦៧រូប ក្នុងចំណោម១០០រូប ត្រូវបោះឆ្នោតថា លោក ត្រាំ ពិតជាបានប្រព្រឹត្តបទល្មើសមែន។ ប្រធានអង្គជំនុំជម្រះ គឺប្រធានដឹកនាំអង្គប្រជុំព្រឹទ្ធសភា (President pro tempore of Senate) ដែលបច្ចុប្បន្នជាលោក Patrick Leahy សមាជិកព្រឹទ្ធសភាមានវ័យចំណាស់បំផុតមកពីបក្សប្រជាធិបតេយ្យ។ ក្នុងន័យនេះ លោក Leahy វ័យ៨០ឆ្នាំ និងជាសមាជិកព្រឹទ្ធសភាតាំងពីឆ្នាំ១៩៧៤ នឹងត្រួតពិនិត្យការកាត់ក្តីនេះ។
«ក្នុងប្រវត្តិសាស្ត្រ ប្រធានដឹកនាំអង្គប្រជុំព្រឹទ្ធសភា មាននាទីជាប្រធានអង្គជំនុំជម្រះក្នុងការកាត់ក្តីដកតំណែងបុគ្គលដែលមិនមែនជាប្រធានាធិបតី»។ នេះជាការលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់លោក Leahy ចុះថ្ងៃទី២៥ ខែមករា។ តាមរដ្ឋធម្មនុញ្ញអាមេរិក ប្រធានក្រុមចៅក្រមនៃតុលាការកំពូល មាននាទីជាប្រធានអង្គជំនុំជម្រះក្នុងការកាត់ក្តីទម្លាក់ប្រធានាធិបតីពីតំណែង។
ដំបូងឡើយ បក្សប្រជាធិបតេយ្យចង់កាត់ក្តីលោក ត្រាំ ឱ្យបានលឿនបំផុត តែបានព្រមព្រៀងជាមួយបក្សសាធារណរដ្ឋក្នុងការពន្យារពេលដើម្បីឱ្យលោក ត្រាំ អាចត្រៀមការពារខ្លួន និងទុកពេលឱ្យព្រឹទ្ធសភាបោះឆ្នោតអនុម័យសមាសភាពគណៈរដ្ឋមន្ត្រីរបស់លោក បៃឌិន ផង។
លោក Jerry Nadler តំណាងរាស្ត្របក្សប្រជាធិបតេយ្យ និងជាប្រធានគណៈកម្មការយុត្តិធម៌សភា និយាយថា លោក ត្រាំ ត្រូវតែទទួលខុសត្រូវ និងថា លោកនឹងមិនឱ្យលោក ត្រាំ រួចខ្លួនចំពោះការញុះញង់បង្ករហិង្សានៅវិមានសភាឡើយ។ លោកNadler បញ្ជាក់ថា សភាបានធ្វើការងាររួចរាល់ក្នុងការចោទប្រកាន់លោកត្រាំហើយ។ ពេលនេះព្រឹទ្ធសភាត្រូវបញ្ចប់ការងារដោយធានាយ៉ាងណាលោក ត្រាំ លែងអាចបង្កគ្រោះថ្នាក់ដល់អាមេរិកទៀតបាន។
បក្សប្រជាធិបតេយ្យ ដែលមានសមាជិកព្រឹទ្ធសភាចំនួន៥០រូប ត្រូវបញ្ចុះបញ្ចូលសមាជិកព្រឹទ្ធសភាសាធារណរដ្ឋយ៉ាងហោចណាស់១៧រូបបន្ថែមទៀត ទើបអាចកាត់ទោសលោក ត្រាំ បាន។ យោងតាមវិសោធនកម្មបន្ថែមទី១៤ នៃរដ្ឋធម្មនុញ្ញអាមេរិក បើពិតជាត្រូវបានព្រឹទ្ធសភារកឃើញថា មានទោសក្នុងការបះបោរមែន នោះលោក ត្រាំ នឹងមិនអាចឈរឈ្មោះបោះឆ្នោត ឬកាន់តំណែងបានទៀតឡើយ។ លោក ត្រាំ ធ្លាប់បានបង្ហាញពីបំណងក្នុងការបង្កើតបក្សនយោបាយថ្មី ដើម្បីឈរឈ្មោះប្រធានាធិបតីឆ្នាំ២០២៤៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com