អត្ថបទពាណិជ្ជកម្ម
ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ថ្លែង​សារ​ពិសេស​ជូន​ប្រជាជន​កម្ពុជា ក្នុង​ខួប​លើក​ទី​៧២​នៃ​ទិ​វា​សាធារណរដ្ឋ​ឥណ្ឌា
26, Jan 2021 , 3:32 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១៖ ក្នុងឱកាស​នៃ​ទិវា​សាធារណរដ្ឋ​ឥណ្ឌា​ខួប​លើក​ទី​៧២ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោកជំទាវ ទេវ្យានី ខូប្រាកាដេ បាន​ថ្លែង​សារ​ពិសេស ជូន​ដល់​ប្រជាជន​កម្ពុជា​។ នៅក្នុង​សារ​ពិសេស​នេះ លោកជំទាវ​រៀបរាប់​ដូច្នេះ​៖«​ខ្ញុំ​សូម​ជូនពរ​អ្នក​ទាំងអស់គ្នា ឲ្យ​ប្រកបដោយ​ភាព​រីករាយ វិបុលភាព និង​សុខ​ភាពល្អ ក្នុងឱកាស​ឆ្នាំ​ថ្មី​។ ឆ្នាំ​២០២០ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា និង​ឥណ្ឌា​រួមគ្នា​បន្ថែមទៀត នៅក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាដ កូ​វីដ​១៩»​។​
 
«​ការឈាន​មកដល់​នៃ​ឆ្នាំ​២០២១ បាន​នាំមក​នូវ​ក្តីសង្ឃឹម​ដល់​យើងទាំងអស់គ្នា ក្នុងការ​ទទួលបាន​វ៉ាក់សាំង ការពារ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ ប្រទេស​ឥណ្ឌា ផលិត​វ៉ាក់សាំង​បាន​ជាង​៦០ ភាគរយ នៃ​ពិភពលោក​។ ឥណ្ឌា​បាន​ដើរតួ​ជា​ឱសថស្ថាន នៃ​ពិភពលោក​យ៉ាងពិត​ប្រាកដ ហើយ​នេះ​បានបង្ហាញ​នូវ​សារៈសំខាន់​របស់ខ្លួន ដល់​ពិភពលោក នៅក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩»​។ លោកជំទាវ ទេវ្យានី ខូប្រាកាដេ បាន​ថ្លែង​ដូច្នេះ ក្នុង​ឧកាស​នោះ​។​
 
លោកជំទាវ ទេវ្យានី ខូប្រាកាដេ បាន​មានប្រសាសន៍ថា​៖ «​ប្រទេស​ឥណ្ឌា​មាន​មោទកភាព ចំពោះ​ការវិវត្តន៍ ទំនាក់ទំនង​វប្បធម៌ និង​អរិយធម៌​នេះ ហើយនឹង​ព្យាយាម​បង្កើន​ទំនាក់ទំនង រវាង​ប្រជាជន​នៃ​ប្រជាជាតិ​ទាំងពីរ តាមរយៈ​ការតភ្ជាប់​ផ្លូវអាកាស ដោយផ្ទាល់​រវាង​ប្រទេស​យើង​។ ឥណ្ឌា ក៏​ខិតខំ​ស្វែងយល់ ពី​ទំនាក់ទំនង​រវាង​ព្រះពុទ្ធសាសនា និង​អបអរ​សារ របស់​ព្រះសម្មាសម្ពុទ្ធ ដែល​បាន​ដឹកនាំ​ទាំង​សង្គម​ឥណ្ឌា និង​ខ្មែរ​។ នៅក្នុង​យុគសម័យ​ទំនើប ប្រព័ន្ធ​សភា​ពហុ​ប្រជាធិបតេយ្យ និង​សភា​ពហុ​គណបក្ស បាន​ផ្សារភ្ជាប់​យើង​រួមគ្នា ក្នុងការ​ស្វែងរក​រួម​គ្នា ដើម្បី​ភាពជឿនលឿន និង​សន្តិភាព​»​។​
 
​ជា​ចុងក្រោយ​លោកជំទាវ ទេវ្យានី ខូប្រាកាដេ បាន​បន្ថែមទៀតថា​៖ «​ឥណ្ឌា ក៏បាន​គាំទ្រ​ប្រទេស​កម្ពុជា ដោយបាន​ផ្តល់ជំនួយ​ម​នុស្ស​ធម៌ នៅពេល​មាន​វិបត្តិ​។ ការផ្តល់​ជំនួយ​មនុស្ស​ធម៌ តាមរយៈ​នាវា​របស់​ឥណ្ឌា INS-Kiltan ដែល​បាន​បញ្ជូន​សម្ភារ​សង្គ្រោះ​គ្រោះទឹកជំនន់ សម្រាប់​បណ្តា​ខេត្ត​ដែល​រង​ផលប៉ះពាល់ ដោយ​ទឹកជំនន់ ក្នុងអំឡុង​ខែតុលា ដល់​ខែវិច្ឆិកា ឆ្នាំ​២០២០ គឺជា​ឧទាហរណ៍​មួយ​។ ប្រទេស​ឥណ្ឌា បានចាប់ផ្តើម​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច​សំខាន់ៗ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច ដែល​បណ្តាលមកពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​រំពឹងថា នឹងមាន​ការ​ងើប​ឡើងវិញ នៃ​សេដ្ឋកិច្ច​នៅក្នុង​ឆ្នាំ​២០២១​។ ឆ្លងកាត់​រយៈពេល​ដ៏​លំបាក​នេះ យើង​បាន​ឈរ​នៅ​ជាមួយ​ប្រទេស​កម្ពុជា ហើយ​បាន​ប្តេជ្ញាចិត្ត​ជាថ្មី​ក្នុងការ​ធ្វើការ​ជាមួយ​ប្រទេស​របស់​អ្នក សម្រាប់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស សម្រាប់​ភាគី​ទាំងពីរ​។ ជា​ចុងបញ្ចប់ នៃ​ទិវា​សាធារណរដ្ឋ​លើក​ទី ៧២ របស់​ឥណ្ឌា ថ្ងៃទី ២៦ ខែមករា​ឆ្នាំ ២០២១ ខ្ញុំ​សូម​បញ្ចប់​ជាមួយ​គាថា របស់​ព្រះសម្មាសម្ពុទ្ធ​របស់​យើង​ថា​៖ សូម​ឲ្យ​សត្វលោក​ប្រកបដោយ​សេចក្តីសុខ និង​សុភមង្គល​»៕

© រក្សាសិទ្ធិដោយ thmeythmey.com