ដោយ៖ គយ រតនបុរិន្ទ
ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ Michelle Bachelet ស្នើឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមប្រព្រឹត្តដោយយោធាស្រីលង្កាក្នុងជម្លោះជាមួយក្រុមឧទ្ទាមផ្តាច់ខ្លួនតាមិលពីឆ្នាំ១៩៨៣ ដល់ឆ្នាំ២០០៩។ ស្ថាប័នសិទ្ធិមនុស្ស UN ចោទថា រដ្ឋាភិបាលស្រីលង្កាបរាជ័យជាបន្តបន្ទាប់ក្នុងការស្វែងរកយុត្តិធម៌ដល់ជនរងគ្រោះ។
ក្នុងរបាយការណ៍របស់ខ្លួន លោកស្រី Michelle Bachelet ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ចោទរដ្ឋាភិបាលស្រីលង្កាថា បានក្បត់សន្យា ដោយមិនស្វែងរកយុត្តិធម៌ដល់ជនស៊ីវិលរងគ្រោះរាប់ពាន់នាក់ដែលត្រូវបានសម្លាប់ ក្នុងដំណាក់កាលចុងក្រោយនៃជម្លោះដែលមានរយៈពេលជាង៣៧ឆ្នាំ។
«គំនិតផ្តួចផ្តើមក្នុងស្រុកដើម្បីឱ្យមានការទទួលខុសត្រូវ និងផ្សះផ្សាជាតិ បរាជ័យជាច្រើនដង និងមិនបង្ហាញលទ្ធផលអ្វីទាំងអស់ ដែលនាំឱ្យមាននិទណ្ឌភាព និងកាន់តែធ្វើឱ្យជនរងគ្រោះលែងជឿទុកចិត្តលើប្រព័ន្ធយុត្តិធម៌បន្ថែមទៀត»។ នេះជាការលើកឡើងរបស់លោកស្រី Bachelet ក្នុងរបាយការណ៍ដែលទទួលបានដោយទីភ្នាក់ងារព័ត៌មានAFP មុនការចុះផ្សាយជាផ្លូវការ។
របាយការណ៍១៧ទំព័ររបស់ស្ថាប័ននេះ ចោទកងទ័ពស្រីលង្កាថា បាញ់ផ្លោងគ្រាប់ដាក់មន្ទីរពេទ្យ ការទម្លាក់គ្រាប់បែកដោយគ្មានការរើសអើងទីតាំងជនស៊ីវិល ការសម្លាប់ក្រុមឧទ្ទាមដែលចុះចាញ់ ការបាត់ខ្លួនដោយបង្ខំក្រុមជនជាតិភាគតិចតាមិលរាប់ពាន់នាក់ ការសម្លាប់ក្រុមការងារមនុស្សធម៌បារាំង និងការធ្វើឃាតអ្នកកាសែត។ លោកស្រី Bachelet ណែនាំឱ្យជាលើកដំបូង ឱ្យតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) បើកការស៊ើបអង្កេតលើករណីនេះ ដោយអះអាងតុលាការគួរចាត់វិធានការលើឧក្រិដ្ឋជនសង្គ្រាមដែលរួមមានក្រុមឧទ្ទាមតាមិលផងដែរ។
ក្នុងរបាយការណ៍ដដែល ប្រធានសិទ្ធិមនុស្ស UN ក៏អំពាវនាវឱ្យបង្កកទ្រព្យសម្បត្តិ និងហាមការធ្វើដំណើររបស់បុគ្គលសង្ស័យមួយចំនួនធំ ក៏ដូចជាជួយរក្សាភស្តុតាង និងកាត់ក្តីជនសង្ស័យទាំងនោះដោយរដ្ឋឯទៀតបើមានលទ្ធភាព។ នេះក៏ព្រោះតែឧក្រិដ្ឋកម្មសង្គ្រាមជាឧក្រិដ្ឋអន្តរជាតិ ដែលអនុញ្ញាតឱ្យរដ្ឋអនុវត្តយុត្តាធិការសាកលរបស់ខ្លួនបាន។
តាមពិតទៅ ស្រីលង្កា ពុំមែនជារដ្ឋសមាជិកនៃ ICC ប៉ុន្តែអង្គការសហប្រជាជាតិ អាចស្នើឱ្យមានការស៊ើបអង្កេត ឬបញ្ជូនសំណុំរឿងទៅតុលាការ ICC តាមរយៈសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។ ការប៉ានស្មានបង្ហាញថា មនុស្ស១សែននាក់ស្លាប់នៅដំណាក់កាលចុងក្រោយនៃសង្គ្រាម ក្នុងនោះគេសង្ស័យថា ជនស៊ីវិលភាគតិចតាមិលជាង៤សែននាក់ត្រូវបានសម្លាប់។
ការទាមទារឱ្យស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមនេះ ជារឿងរសើបសម្រាប់ថ្នាក់ដឹកនាំស្រីលង្កាបច្ចុប្បន្នដែលឈ្នះក្រុមឧទ្ទាមតាមិល។ ជាក់ស្តែងលោកប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa ធ្លាប់ជាមេដឹកនាំយោធា និងដឹកនាំយុទ្ធនាការកម្ទេចក្រុមឧទ្ទាមបះបោរក្នុងឆ្នាំ២០០៩។ ចំណែកលោក Mahinda Rajapaksa បងប្រុសរបស់លោក ជាប្រធានាធិបតីនៅគ្រានោះ និងជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។
រដ្ឋាភិបាលស្រីលង្កា តែងតែបដិសេធការស៊ើបអង្កេតឯករាជ្យ ហើយបងប្អូនត្រកូល Rajapaksa ច្រានចោលការសង្ស័យដែលថាខ្លួ នបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។ UN និយាយថា តាំងតែពីបងប្អូនត្រកូល Rajapaksa ត្រឡប់មកកាន់តំណែងក្នុងឆ្នាំ២០១៩ វិញ រដ្ឋាភិបាលនេះបានបញ្ឈប់ការស៊ើបអង្កេត និងចូលរួមក្នុងការបំផ្លាញភស្តុតាង៕