កីឡាជាតិ
ជាតិ
AFC Cup៖ បឹងកេត ត្រូវ​ប្រជែង​ជាមួយ Hanoi, Bali United និង​ក្រុម​Play off ពី​វគ្គ​ជម្រុះ​
28, Jan 2021 , 9:29 am        
រូបភាព
ខ្សែប្រយុទ្ធ សៀង ចន្ធា ពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ, រូបភាពពីក្លិបបឹងកេត
ខ្សែប្រយុទ្ធ សៀង ចន្ធា ពេលហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ, រូបភាពពីក្លិបបឹងកេត
ដោយ:
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី​(AFC) នៅ​ថ្ងៃទី​២៧ មករា នេះ បានរៀបចំ​កម្មវិធី​ចាប់ឆ្នោត​ការប្រកួត​វគ្គ​ជម្រុះ AFC Cup 2021 នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ ម្ចាស់​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ឆ្នាំ​២០២០ បឹងកេត ត្រូវ​ប្រជែង​ជា​ក្រុម​ខ្លាំង​ចំនួន​៣​នៅក្នុង​តំបន់​អាស៊ាន​។
 
​តាម​លទ្ធផល​ចាប់ឆ្នោត​ក្រុម​ក្រោម​ការដឹកនាំ​របស់លោក គឹម ភក្តី ស្ថិតនៅ​ពូ​ល G ជាមួយ​ក្រុម Hanoi របស់​វៀតណាម​, Bali United របស់​ឥណ្ឌូណេស៊ី និង​ក្រុម​ឡើង​មកពី​វគ្គ​ជម្រុះ Play off ប្រចាំ​តំបន់​អាស៊ាន ដែលមាន Lao Toyota របស់​ឡាវ​, Kasuka របស់​ព្រុយ​ណេ និង Hanthawady United របស់​មី​យ៉ាន់​ម៉ា​។ 
 
​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ Play off ដែល​គ្រោង​ចាប់ផ្តើម​នៅ​អំឡុង​ខែមេសា ឆ្នាំ​២០២១ ក្រុម​វិសាខា​ត្រូវ​ប្រជែង​ជាមួយ​ក្រុម Lalenok United របស់​ទី​ម័​រ​ខាងកើត​។ ក្រុម​ឈ្នះ​ត្រូវ​ឡើងទៅ​ជួប​ជាមួយ Persipura Jayapura របស់​ឥណ្ឌូណេស៊ី ដែល​កំពុង​រង់ចាំ ដើម្បី​ដណ្តើម​កៅអី​ឡើងទៅ​ប្រកួត​ពូ​ល H ដែលមាន​ក្រុម Kedah Darul Aman របស់​ម៉ាឡេស៊ី​, Lion City Sailors របស់​សិង្ហ​បុរី និង Sai Gon របស់​វៀ​ណា​ម​។   
 
​ចំណែក​ក្រុម Lao Toyota ត្រូវ​ប្រជែង​ដណ្តើម​ជ័យជម្នះ​ជាមួយ Kasuka របស់​ព្រុយ​ណេ មុន​ឡើងទៅ​ជួប Hanthawady United ដើម្បី​ដណ្តើម​កៅអី​ក្នុង​ពូ​ល G ដែលមាន​បឹងកេត​, Hanoi របស់​វៀតណាម និង Bali United របស់​ឥណ្ឌូណេស៊ី​។ 
 
​ព្រឹត្តិការណ៍ AFC Cup 2021 មាន​៤០​ក្រុម​ចូលរួម កើនឡើង​៤​ក្រុម​បើ​ធៀប​នឹង​ឆ្នាំ​២០២០ ដែលមាន​៣៦​ក្រុម​ចូលរួម​។ ការប្រកួត​បែងចែក​ជា​១០​ពូ​ល ដោយ​ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម​។ ការប្រកួត​គ្រោង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២១​។ 
 
​គួររំលឹកថា AFC បានសម្រេច​លុបចោល​ព្រឹត្តិការណ៍ AFC Cup 2020 ពាក់កណ្តាល​ទី ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩​។ ការសម្រេច​នេះ ធ្វើឡើង​ក្រោយ AFC បារម្ភ​ពី​សុវត្ថិភាប​របស់​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​រៀបចំ​ការប្រកួត​៕  
 
 

Tag:
 AFC Cup 2021
  បឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com