ជាតិ
​​​ន​យោ​បាយ​ជាតិ​
សំណុំរឿង​លោក កឹម សុខា​៖ ទូត​អាមេរិក លើក​ទស្សនៈ​ថា យុត្តិធម៌ ដែល​ត្រូវបាន​ពន្យារពេល គឺជា​យុត្តិធម៌ ដែល​ត្រូវបាន​បដិសេធ​
28, Jan 2021 , 4:47 pm        
រូបភាព
ជំនួបរវាងលោក កឹម សុខា និង លោក ផាទ្រិក មើហ្វី (រូបពីធ្វីតធឺរបស់លោក ផាទ្រិក មើហ្វី)
ជំនួបរវាងលោក កឹម សុខា និង លោក ផាទ្រិក មើហ្វី (រូបពីធ្វីតធឺរបស់លោក ផាទ្រិក មើហ្វី)
​លោក ផា​ទ្រិ​ក មើ​ហ្វី (Patrick W. Murphy) ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា បានទៅ​ជួប​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ម្តងទៀត នៅ​គេហដ្ឋាន​របស់លោក ក្នុង​សង្កាត់​បឹងកក់​២ រាជធានីភ្នំពេញ នា​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​នេះ​។ ក្រោយ​បញ្ចប់​ជំនួប លោក ផា​ទ្រិ​ក មើ​ហ្វី​ បាន​បង្ហោះ​សារលើ​បណ្តាញ​សង្គម​ធ្វី​ត​ធឺ​ថា លោក បាន​ស្តា​ប់លោក កឹម សុខា អំពី​តុលាការ បន្ត​ពន្យារពេល​បើកសវនាកា​រ​។ 
 
​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក បាន​លើក​ទស្សនៈ​របស់លោក វីល្លាម គ្លេន​ស្តូ​ន (William Ewart Gladstone) មក​ភ្ជាប់​ជាមួយនឹង​ករណី​របស់​លោក កឹម សុខា ថា​៖«​យុត្តិធម៌ ដែល​ត្រូវបាន​ពន្យារពេល គឺជា​យុត្តិធម៌ ដែល​ត្រូវបាន​បដិសេធ​»​។ លោក បន្តថា​៖«​អាមេរិក កំពុង​រង់ចាំ​មើល​ការផ្តល់​សិទ្ធិ​នយោបាយ​ដល់​លោក កឹម សុខា ឡើងវិញ​។ យើង គ្រាន់តែ​សង្ឃឹមថា ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ អាច​ចូលរួម​ក្នុង​រឿង​នយោបាយ​បាន​»​។​
 
​វីល្លាម គ្លេន​ស្តូ​ន គឺជា​រដ្ឋបុរស​និង​ជា​អ្នកនយោបាយ​សេរី​របស់​អង់គ្លេស ហើយ​លោក ធ្លាប់​ធ្វើជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​រយៈពេល​១២​ឆ្នាំ នៅ​ចុង​សតវត្សរ៍​ទី​១៩​។ ទស្សនៈ ដែល​ពោលថា «​យុត្តិធម៌ ដែល​ត្រូវបាន​ពន្យារពេល គឺជា​យុត្តិធម៌ ដែល​ត្រូវបាន​បដិសេធ​» អាច​មានន័យ​យ៉ាងខ្លី​ថា «​ការពន្យារពេល​ផ្តល់​យុត្តិធម៌ គឺ​អយុត្តិធម៌​»​។ 
 
​យ៉ាងណាក៏ដោយ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បង្ហើប​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០២០ ថា សំណុំរឿង​របស់លោក កឹម សុខា អាច​នឹង​អូសបន្លាយ​រហូតដល់​ឆ្នាំ​២០២៤​ឯណោះ​។​
 
​នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១​នេះដែរ លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ បាន​ពន្យល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ពី​មូលហេតុ ដែល​តុលាការ មិនទាន់​បន្ត​បើកសវនាការ​លើ​សំណុំរឿង​របស់លោក កឹម សុខា​។ ការពន្យល់​របស់លោក គឺ​សំដៅទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា តែ​មិន​សំដៅ​ឬ​ឆ្លើយតបទៅកាន់​ទូត​អាមេរិក​ឡើយ​។ 
 
​លោក ជិន ម៉ា​លីន លើក​ហេតុផល​ថា លោក កឹម សុខា មិនមែន​ជាប់ឃុំ​នោះទេ ដូច្នេះ ការបើក​សវនាការ​លើ​សំណុំរឿង​របស់លោក គឺ​មិនមែនជា​អាទិភាព​ឡើយ​។ លោក បន្ថែមថា អាទិភាព​ពិតប្រាកដ គឺ​ការបើក​សវនាការ​លើ​សំណុំរឿង​របស់​អ្នក ដែល​កំពុង​ជាប់ឃុំ ដើម្បី​ជៀង​វាង​កុំ​ឲ្យ​មានការ​ឃុំខ្លួន​ហួស​កាលកំណត់​របស់​ច្បាប់ ជាពិសេស​ស្របពេល​តុលាការ កំពុង​អនុវត្ត​យុទ្ធនាការ​ដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ព្រហ្មទណ្ឌ ក្នុង​គោលដៅ​ឈានទៅរក​ការដោះស្រាយ​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​។ 
 
​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​រូបនេះ លើកឡើងថា​៖«​ប្រសិនបើ [​លោក​] កឹម សុខា ស្ថិតក្នុង​ការឃុំ នោះ​សវនាការ​សំណុំ​រឿងនេះ ក៏​នឹងត្រូវ​យកមក​ចាត់ការ​ជា​អាទិភាព​ផងដែរ​»​។ 
 
​លោក អធិប្បាយ​ទៀតថា សំណុំរឿង​របស់លោក កឹម សុខា កំពុងស្ថិត​ក្នុង​ចំណាត់ការ​របស់​តុលាការ ហើយ​ការសម្រេច​បែបណា គឺជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ​។ 
 
​លោក កឹម សុខា ខ្លួនឯង ពុំបាន​ប្រាប់​ជា​សាធារណៈ​នោះទេ​ថា លោក បាន​ជជែក​គ្នា​ជាមួយ​លោក ផា​ទ្រិ​ក មើ​ហ្វី ជុំវិញ​សំណុំរឿង​របស់លោក​។ តាមរយៈ​សារ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក លោក គ្រាន់តែ​ផ្តល់ព័ត៌មាន​ថា លោក និង លោក ផា​ទ្រិ​ក មើ​ហ្វី ពិភាក្សាគ្នា​ពី​ទំនាក់​ទំនាក់ទំនង​កម្ពុជា​និង​អាមេរិក​។ 
 
​លោក សរសេរថា​៖«​ក្នុងជំនួប​នេះ យើង​ក៏បាន​ស្វែងយល់ និង​ពិភាក្សាគ្នា​អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​សហរដ្ឋអាមេរិក​កន្លង​មក​និង​ទៅ​អនាគត ជាពិសេស​សម្រាប់​រដ្ឋបាល​ថ្មី​របស់​អាមេរិក តើ​នឹង​អាចមាន​អ្វី​ថ្មី​?»​។​
 
​ជាមួយគ្នានេះ តាមរយៈ​លោក ផា​ទ្រិ​ក មើ​ហ្វី លោក កឹម សុខា បាន​អបអរសាទរ​លោក ចូ បៃ​ឌិន ដែល​ជាប់ឆ្នោត​ក្លាយជា​ប្រ​ធានា​ធិ​បតី​ទី​៤៦​របស់​អាមេរិក ហើយ​លោក បាន​ជូនពរ​លោក ចូ បៃ​ឌិន ឲ្យ​មាន​សុខភាព​ល្អ​និង​ទទួលបាន​ជោគជ័យ​ក្នុងការ​ដឹកនាំ ដើម្បី​ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​អាមេរិក ​ជាពិសេស​ក្នុងការ​លើកស្ទួយ​សិទ្ធិសេរីភាព និង​ប្រជាធិបតេយ្យ​ក្នុង​ពិភពលោក​។ បន្ថែម​ពីនេះ លោក អរគុណ​​ប្រជាពលរដ្ឋ រួមទាំង​រដ្ឋាភិបាល​អាមេរិក ដែល​បាន​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​កន្លងមក លើ​វិស័យ​នានា ដូចជា អប់រំ សុខាភិបាល សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ជាដើម​។ 
 
​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១ មេធាវី​ទាំង​៤​រូប​របស់លោក កឹម សុខា ដាក់សំណើ​ជា​លើក​ទី​៣​ទៅកាន់​តុលាការ​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​បន្ត​បើកសវនាការ​លើ​សំណុំរឿង​របស់លោក កឹម សុខា ឡើងវិញ​។ ការស្នើសុំ​នេះ ដោយសារតែ​ក្រុម​មេធាវី មើលឃើញថា ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ ត្រូវ​រដ្ឋាភិបាល​កម្ពុជា គ្រប់គ្រង​បាន​ទាំងស្រុង​ហើយ ហើយ​តុលាការ ក៏បាន​បើកសវនាការ​លើ​សំណុំរឿង​ទូទៅ​ជា​ប្រក្រតី​ដែរ​។ 
 
​ក្រុម​មេធាវី ជម្រាប​ទៅ​តុលាការ​ថា​៖«​ការ​ទុក​សំណុំរឿង​ចាស់ [​ដូច​សំណុំរឿង​លោក កឹម សុខា​] ចោល​យូរ​ហួសហេតុ​ពេក ដែល​អង្គ​សវនាការ បាន​ដេញដោល​យ៉ាងច្រើន​រួចហើយនោះ មិនមែនជា​ជម្រើស​ល្អ​ទេ និង​គ្មាន​ទម្លាប់​រឿងក្តី [​ដែល​] យកមក​ដេញដោល រួច​ទុកចោល​យ៉ាងយូរ​នោះដែរ​»​។​
 
​លោក អ៊ី រិ​ន ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​តុលាការ​រាជធានី​ភ្នំពេញ ផ្តល់ព័ត៌មាន​ថា មន្ត្រី​តុលាការ បានទទួល​សំណើ​របស់​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោ កឹម សុខា ហើយ និង​បាន​បញ្ជូនទៅ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​រួ​ហើយ​ដែរ ដើម្បី​ពិនិត្យ​និង​ធ្វើ​សេចក្តីសម្រេច​។ 
 
​មកដល់​ឆ្នាំ​២០២១​នេះ សំណុំរឿង​របស់លោក កឹម សុខា អូ​សប​ន្ថា​យ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​ហើយ​។ លោក ត្រូវ​ជាប់ចោទ​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព ដែល​សំដៅថា លោក លួច​ពឹងពាក់​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ រដ្ឋាភិបាល ក៏ដូចជា​តុលាការ ចាត់ទុក​បទល្មើស​រប​ស់លោក កឹម សុខា ដែល​បាន​ប្រព្រឹត្ត ថា​ជា​អំពើ​ក្បត់ជាតិ​៕ 

Tag:
 Patrick Murphy
  កឹម សុខា​
  សវនាការ​
  ប​ទស​ន្ទិ​ដ្ឋិ​ភាព
© រក្សាសិទ្ធិដោយ thmeythmey.com