រថពាសដែកចំនួន ២គ្រឿង បង្ហាញខ្លួនកណ្តាលក្រុងយ៉ាំងហ្គូន ខណៈយុទ្ធោបករណ៍ ផ្សេងទៀតក៏មានវត្តមាននៅតាមរដ្ឋមួយចំនួនទៀតដែរ ក្រោយពីអ្នកនាំពាក្យយោធាមិនច្រានចោលលទ្ធភាពនៃការធ្វើរដ្ឋប្រហារ ដោយមិនពេញចិត្តនឹងការដោះស្រាយជម្លោះលទ្ធផលបោះឆ្នោត។ ភាពតានតឹងផ្នែកនយោបាយរវាងក្រុមយោធា និងរដ្ឋាភិបាលស៊ីវិលមីយ៉ាន់ម៉ា ក៏បង្កនាំឲ្យអ្នកសង្កេតការណ៍ និងការទូតបង្ហាញពីបារម្ភជុំវិញលទ្ធភាពនៃរដ្ឋប្រហាយោធាជាថ្មីដែរ។
វិវាទលើលទ្ធផលបោះឆ្នោតកំពុងបង្កឲ្យមានភាពជ្រួលច្របល់នយោបាយជាថ្មីនៅមីយ៉ាន់ម៉ា។ ចំណែកការសម្ញែងសព្វាវុធមានទាំងរថពាសដែករបស់ក្រុមយោធានានៅទីប្រជុំជនថ្ងៃសុក្រ ទី២៩ មករានេះ កំពុងបង្ហាញឲ្យឃើញកាន់តែច្បាស់ពី លទ្ធភាពនៃការរៀបចំរដ្ឋប្រហាររបស់ក្រុមយោធាជាថ្មីផងដែរ។
តាមពិតទៅ បញ្ហាប្រឈមមុខគ្នានយោបាយផ្តើមចេញពីជម្លោះលើលទ្ធផលបោះឆ្នោតសភាមីយ៉ាន់មានាថ្ងៃទី៨ វិច្ឆិកា ដែលបានបង្ហាញថា បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)របស់លោកស្រីស៊ូជីទទួលបានអាសនៈចំនួន៣៩៦ ក្នុងចំណោមអាសនៈចំនួន៤១២។
គណបក្សសាមគ្គី និងអភិវឌ្ឍន៍សហភាព (USDP) ដែលជាបក្សប្រឆាំងដ៏ធំជាងគេ និងគាំទ្រដោយយោធាឯណោះវិញ បានទទួលបានត្រឹមតែ៣៣អាសនៈតែប៉ុណ្ណោះ។ រីឯអាសនៈសភាចំនួន២២ទៀត មិនស្ថិតជាកម្មវត្ថុនៃការប្រកួតប្រជែងនយោបាយឡើយ។
យោងតាមលទ្ធផលខាងលើនេះ បក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ របស់លោកស្រី ស៊ូជី អាចបង្កើតរដ្ឋាភិបាលបាន ដ្បិតថា ដើម្បីបង្កើតរដ្ឋាភិបាលបាន វាចាំបាច់ត្រូវការអាសនៈត្រឹម៣២២ប៉ុណ្ណោះ។ សភាទាំងពីរថ្នាក់របស់មីយ៉ាន់ម៉ាមានអាសនៈសរុបចំនួន ៦៤២ ដែលក្នុងនោះមាន ២៥ភាគរយបម្រុងទុកសម្រាប់ក្រុមយោធា។
យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ សភាទាំងពីរថ្នាក់នឹងត្រូវបើកកិច្ចប្រជុំលើកដំបូងក្នុងរយៈពេល ៩០ ថ្ងៃរាប់ចាប់ពីថ្ងៃបោះឆ្នោត។ ដូច្នេះហើយនៅថ្ងៃទី១ កុម្ភៈខាងមុខ សភាមីយ៉ាន់ម៉ានឹងបើកកិច្ចប្រជុំដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
យ៉ាងណាក៏ដោយ គណបក្សសាមគ្គី និងអភិវឌ្ឍសហភាព (USDP) កន្លងមកនៅតែបន្តអះអាងថាការបោះឆ្នោតនេះមានភាពមិនប្រក្រតី រហូតដល់ទៅជិត៩លានករណី និងមិនទទួលស្គាល់ លទ្ធផលនៃការបោះឆ្នោតនេះឡើយ។ ក្រុមនេះក៏ទាមទារឲ្យមានការបោះឆ្នោតសារជាថ្មី ដើម្បីធានាឲ្យមានការបោះឆ្នោតមួយដែលសេរី យុត្តិធម៌ មិនលម្អៀង និងមានការឃោសនាដោយស្មើភាពគ្នា។
ឯក្រុមយោធាដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយបក្សសាមគ្គី និងអភិវឌ្ឍសហភាព វិញ ក៏ទាមទារឲ្យគណៈកម្មការនេះដោះស្រាយភាពមិនប្រក្រតីឲ្យបានស្រួលបួល ព្រមទាំងគំរាមពីលទ្ធភាពនៃការធ្វើរដ្ឋប្រហារផងដែរ បើសិនបណ្តឹងទាំងនោះមិនត្រូវបានដោះស្រាយ។
«រដ្ឋប្រហារ»នៅតែជាជម្រើសរបស់ក្រុមយោធា
ថ្ងៃព្រហស្បតិ៍ថ្ងៃ ២៨ ខែមករា គណៈកម្មការបោះឆ្នោតចេញមុខច្រានចោល ការចោទប្រកាន់ពីករណីមិនប្រក្រតីនៃលទ្ធផលបោះឆ្នោត។ គណៈកម្មការនេះអះអាងថា សន្លឹកឆ្នោតត្រូវបានរាប់ដោយមានតម្លាភាព និងក្រោមការឃ្លាំមើលពីសំណាក់មន្ត្រីបក្សនយោបាយ ក៏ដូចជាអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិផងដែរ។
ការបដិសេធមិនទទួលស្គាល់ពីភាពមិនប្រក្រតីដែលលើកឡើងដោយគណបក្សស្និទ្ធក្រុមយោធានេះបាននាំឲ្យមានការប្រើពាក្យពេចន៍ទាក់ទងនឹងលទ្ធភាពនៃការធ្វើរដ្ឋប្រហារដែរពីសំណាក់ក្រុមយោធា។
ជាក់ស្តែងនៅថ្ងៃទី ២៨ មករា នាយឧត្តមសេនីយ៍ Min Aung Hlaing មេបញ្ជាការកងទ័ពលើកឡើងពីការរំលាយរដ្ឋធម្មនុញ្ញ។ សម្តីរបស់យោធាជាន់ខ្ពស់នេះធ្វើឡើង បន្ទាប់ពីឧត្តមសេនីយ៍ Zaw Min Tun អ្នកនាំពាក្យយោធានៅថ្ងៃ ២៦ ខែមករា ព្រលយថាឧត្តមសេនីយ៍ Min Aung Hlaing មិនច្រានចោលការធ្វើរដ្ឋប្រហារឡើយ បើសិនជាបណ្តឹងបោះឆ្នោតមិនត្រូវបានដោះស្រាយស្រួលបួល។
និយាយដល់ការធ្វើរដ្ឋប្រហារ យោធាមីយ៉ាន់ម៉ា ធ្លាប់ធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល ដោយរំលាយរដ្ឋធម្មនុញ្ញចំនួន៣ដង ពោលគឺក្នុងឆ្នាំ១៩៤៧, ១៩៦៧ និង១៩៨៨។
សហគមន៍អន្តរជាតិបង្ហាញក្តីបារម្ភពីបញ្ហានយោបាយមីយ៉ាន់ម៉ា
យោងតាមសារព័ត៌មាន The Irrawaddy មន្ត្រីយោធា និងមន្ត្រីរដ្ឋាភិបាលបានប្រជុំគ្នាដែរដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយនេះ។ បក្សកាន់អំណាចបានប្រាប់ឲ្យក្រុមតំណាងរាស្ត្រជាប់ឆ្នោតរបស់ខ្លួនដែលកំពុងជួបជុំនៅរដ្ឋធានីដើម្បីត្រៀមប្រជុំសភានៅថ្ងៃទី១ កុម្ភៈ ឲ្យរក្សាភាពស្ងៀមស្ងាត់ និងចៀសវាងតទល់ជាមួយក្រុមយោធាក្នុងករណីមានរដ្ឋប្រហារ។ បន្ថែមពីនេះ អ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Myo Nyunt និយាយថាការពិភាក្សានេះពុំមានភាពជោគជ័យជាដុំកំភួនអ្វីឡើយ។
ស្ថានការណ៍នយោបាយតានតឹង ខណៈឯលទ្ធភាពនៃការធ្វើរដ្ឋប្រហារមានច្រើន បណ្តាស្ថានទូតបរទេសចំនួន១៦ នៅមីយ៉ាន់ម៉ា រួមមានអាមេរិក អង់គ្លេស និងប្រតិភូសហភាពអឺរ៉ុប បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៩ មករា ទាមទារឲ្យក្រុមយោធាគោរពបទដ្ឋានប្រជាធិបតេយ្យ។ បណ្តាអង្គទូតទាំងនោះអះអាងថា ខ្លួនប្រឆាំងជាដាច់ខាតចំពោះរាល់ការប៉ុនប៉ងប្តូរលទ្ធផលបោះឆ្នោត ឬបង្ករឧបសគ្គដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។
នៅថ្ងៃដដែលនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គូតេរ៉េស តាមរយៈអ្នកនាំពាក្យលោក Stephane Dujarric និយាយថាប្រមុខអង្គការអន្តររដ្ឋាភិបាលរូបនេះក៏បានទទូចឲ្យភាគីទាំងអស់បោះបង់ចោលការបង្កររឿង ឬញុះញង់ និងបង្ហាញភាពជាអ្នកដឹកនាំ ដោយគោរពបទដ្ឋានប្រជាធិបតេយ្យ និងគោរពលទ្ធផលនៃការបោះឆ្នោតដែរ៕