លោក ជ័យ ចាប ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានបង្ហាញពីផែនការ និងដាក់ចេញគោលការណ៍មួយចំនួនក្នុងន័យ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាតុងហ្គីលម៉ូដូឲ្យកាន់តែរីកចម្រើន។ ជាមួយគ្នានេះ លោក ជំរុញឲ្យថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករកីឡាការិនី ត្រូវរួបរួម និងខិតខំឲ្យអស់ពីសមត្ថភាព ធ្វើយ៉ាងណាឲ្យកីឡានេះ ទទួលបានការចាប់អារម្មណ៍ពីថ្នាក់ដឹកនាំកីឡាកម្ពុជា ដើម្បីដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
នាពិធីបិទការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ លោក ជ័យ ចាប ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា បានដាក់ចេញគោលការណ៍៥ចំណុច ឲ្យមន្ត្រីក្រោមឱវាទទុកធ្វើជាមូលដ្ឋានក្នុងការអភិវឌ្ឍន៍កីឡាតុងហ្គីលម៉ូដូឲ្យកាន់តែរីកចម្រើន។ គោលការណ៍ទាំងនោះ ផ្តោតសំខាន់លើការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ បង្កើនទំនាក់ទំនងក្នុង និងក្រៅប្រទេសជាដើម។
ប្រធានសហព័ន្ធរូបនេះ បានបង្ហាញការជឿជាក់ថា គោលការណ៍ដែលខ្លួនដាក់ចេញទាំងនេះ នឹងជួយចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាតុងហ្គីលម៉ូដូនៅកម្ពុជាឲ្យកាន់តែរីកចម្រើន និងឈានទៅទទួលបានជោគជ័យក្នុងការប្រកួតលក្ខណៈអន្តរជាតិនានា ពិសេសសម្រេចគោលបំណងក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
គោលការណ៍ទាំង៥ចំណុចនោះរួមមាន ត្រូវពង្រឹងសមត្ថភាព បច្ចេកទេសគ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងអភិវឌ្ឍន៍ភាពជាដៃគូ, បង្កើតលិខិតបទដ្ឋានគតិយុត្តិ ដើម្បីគ្រប់គ្រងការអភិវឌ្ឍក្លិប បណ្តុះបណ្តាលថ្នាលកីឡាករវ័យក្មេង និងយុវជន, ស្វែងរកជំនួយពីសប្បុរសធម៌ទាំងក្នុង និងក្រៅប្រទេស ដើម្បីគាំទ្រវិស័យកីឡាតុងហ្គីលម៉ូដូ, រៀបចំការសម្តែង និងប្រកួតប្រចាំឆ្នាំឲ្យបានសមស្របតាមលក្ខណបច្ចេកទេស នៃការប្រកួតកីឡាតុងហ្គីលម៉ូដូពិភពលោក និងកសាងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភាររូបវ័ន្តតាមលក្ខណបច្ចេកទេស។
ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជារូបនេះ បានកោតសរសើរចំពោះការខិតខំរបស់មន្ត្រីក្រោមបង្គាប់ និងវាយតម្លៃខ្ពស់ចំពោះដំណើរការរៀបចំការប្រកួតកីឡាតុងហ្គីលម៉ូដូជ្រើសរើសជើងឯកថ្នាក់ជាតិនៅឆ្នាំនេះថា បានប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយបញ្ចប់ដោយជ័យជ័យ និងប្រកបដោយលក្ខណបច្ចេកទេស។ ជាមួយគ្នានេះ លោក ជំរុញឲ្យកីឡាករកីឡាការិនី ដែលទទួលបានជ័យលាភី បន្តបង្កើនការហ្វឹកហាត់ឲ្យកាន់តែខ្លាំងថែមទៀត និងលើកទឹកចិត្តដល់កីឡាករកីឡាការិនីមិនទទួលបានជ័យលាភីកុំឲ្យបាក់ទឹកចិត្ត និងខិតខំហ្វឹកហាត់បន្ថែមទៀត។
រូប ខាងលើ លោក ចំរើន សុផល អគ្គលេខាធិការ នៃ សហព័ន្ធ កីឡា តុងហ្គីលម៉ូដូកម្ពុជា
លោក ចំរើន សុផល អគ្គលេខាធិការនៃសហព័ន្ធកីឡាតុងហ្គីលម៉ូដូកម្ពុជា ចាត់ទុកការប្រកួតជើងឯកថ្នាក់ជាតិ ជាការប្រកួតមួយដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍សមត្ថភាពបច្ចេកទេសកីឡាករកីឡាការិនី គ្រូបង្វឹក និងបង្កើនចំណេះដឹងដាក់ពិន្ទុ និងកាត់ក្តីដល់អាជ្ញាកណ្តាលចៅក្រមជាដើម។ លើសពីនេះ វាបានផ្តល់ឱកាសឲ្យកីឡាករកីឡាការិនីវ័យក្មេងបានបង្ហាញសមត្ថភាព ដែលពួកគេបានខិតខំហ្វឹកហាត់កន្លងមក។
ក្រោយឆ្លងកាត់ការប្រកួតអស់រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២៨-៣១ មករា អគ្គលេខាធិការរូបនេះ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនផ្នែកបច្ចេកទេស និងសមត្ថភាពរបស់កីឡាករ។ លោកអះអាងថា ទោះបីកីឡាករនៅតាមក្លិបសមាគមពុំសូវបានប្រមូលផ្តុំហ្វឹកហាត់ ដោសសារការរីករាលដាលនៃជំងឺកូវីដ-១៩ តែកម្រិតបច្ចេកទេសរបស់កីឡាករកីឡាការិនី ដែលចូលរួមប្រកួតឆ្នាំនេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ បើធៀបនឹងឆ្នាំកន្លងមក។
ទន្ទឹមនឹងនេះ លោក ប្តេជ្ញាថា លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាឲ្យសម្រេចគោលដៅក្នុងការដាក់កីឡានេះក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ តែយ៉ាងណាបច្ចុប្បន្នកីឡាតុងហ្គីលម៉ូដូមិនទាន់ទទួលបានគោលការណ៍ប្រមូលផ្តុំហ្វឹកហាត់ក្រុមជម្រើសជាតិនៅឡើយទេ ហើយក៏មិនទាន់ត្រូវបានថ្នាក់ដឹកនាំកីឡាកម្ពុជាកំណត់ក្នុងបញ្ជីនៃប្រភេទកីឡា ដែលត្រៀមដាក់បញ្ចូលក្នុងស៊ីហ្គេមផងដែរ។
ទោះបីយ៉ាងនេះក្តី លោក ចំរើន សុផល នៅតែមានជំនឿចិត្តខ្ពស់ក្នុងការទទួលបានកៅអី ដើម្បីដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំតំបន់អាស៊ានមួយនេះ។ លោក ជឿជាក់ថា ក្រុមកីឡាករតុងហ្គីលម៉ូដូនឹងអាចដណ្តើមមេដាយជូនជាតិ ប្រសិនកីឡានេះត្រូវបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍មួយនេះ៕