​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យោធាមីយ៉ាន់ម៉ា ចាប់ខ្លួនលោកស្រី ស៊ូជី
01, Feb 2021 , 7:34 am        
រូបភាព
លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ត្រូវបានឃាត់ខ្លួននៅព្រឹកថ្ងៃទី១ ខែកុម្ភៈ។ នេះបើតាមអ្នកនាំពាក្យបក្ស NLD ។ មេដឹកនាំជាន់ខ្ពស់បក្សមួយចំនួនទៀតក៏ត្រូវបានឃាត់ខ្លួនដែរ។ 


លោក Myo Nyunt អ្នកនាំពាក្យបក្ស NLD ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា លោកស្រី អ៊ុងសាន ស៊ូជី ប្រធានាធិបតី Win Myint ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់នៅព្រឹកព្រលឹមថ្ងៃទី១ ខែកុម្ភៈនៅទីក្រុងណៃពិដោ។ លោក Myo Nyunt ប្រាប់ឱ្យប្រជាជនកុំទាន់អាលច្របូកច្របល់ ហើយត្រូវធ្វើតាមច្បាប់។
 
«ជាមួយស្ថានការណ៍ដែលកើតបច្ចុប្បន្ន យើងត្រូវតែសន្មត់ថា យោធាកំពុងធ្វើរដ្ឋប្រហារ។» នេះជាការបញ្ជាក់របស់អ្នកនាំពាក្យដដែល។ការឃាត់ខ្លួនលោកស្រី ស៊ូជី និងមេដឹកនាំជាន់ខ្ពស់បក្សកាន់អំណាច ធ្វើឡើងក្រោយភាពតានតឹងផ្នែកនយោបាយដែលក្រុមយោធាព្រមានពីការធ្វើរដ្ឋប្រហារ ប្រសិនបើភាពមិនប្រក្រតីក្នុងការបោះឆ្នោតត្រូវបានដោះស្រាយទេនោះ។ វាក៏កើតឡើងប៉ុន្មានម៉ោងមុនការបើកកិច្ចប្រជុំសភាលើកដំបូងផងដែរ។
អត្ថបទទាក់ទង
 
 
ក្នុងការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០ បក្ស NLD បានទទួលជោគជ័យដោយសំឡេងភ្លូកទឹកភ្លូកដី។ បក្សប្រឆាំងដែលគាំទ្រយោធា អះអាងថា ការបោះឆ្នោតនេះមានបញ្ហាជាច្រើន។ ក្រុមយោធាវិញក៏អះអាងថា មានភាពមិនប្រក្រតីច្រើន ហើយក៏មិនបដិសេធបោះបង់ការធ្វើរដ្ឋប្រហារជាដំណោះស្រាយក្នុងករណីការមិនពេញចិត្តរបស់ខ្លួន ត្រូវបានដោះស្រាយនោះ។

យ៉ាងណាមិញ នៅចុងសប្ដាហ៍មុន កងទ័ពក៏ចេញមុខបន្ធូរស្ថានការណ៍វិញ ដោយអះអាងថា ខ្លួននឹងគោរពរដ្ឋធម្មនុញ្ញ ហើយអនុវត្តតាមច្បាប់៕ 

Tag:
 មីយ៉ាន់ម៉ា
  អ៊ុងសាន ស៊ូជី
© រក្សាសិទ្ធិដោយ thmeythmey.com