អន្តរជាតិ
យោធា​មី​យ៉ាន់​ម៉ា ឡើង​គ្រប់គ្រង​អំណាច​ជាថ្មី ក្នុង​រដ្ឋប្រហារ​មិន​បង្ហូរឈាម​
01, Feb 2021 , 10:07 am        
រូបភាព
អគ្គបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ឧត្តសេនីយ៍ មីន អ៊ុងឡាំង ។ រូបថត AFP
អគ្គបញ្ជាការកងទ័ពមីយ៉ាន់ម៉ា ឧត្តសេនីយ៍ មីន អ៊ុងឡាំង ។ រូបថត AFP
ដោយ:
​ការិយាល័យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១ ខែកុម្ភៈ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ស្ដីពី​ការផ្ទេរអំណាច​ឱ្យ​ប្រមុខ​យោធា​។ សេចក្ដីថ្លែងការណ៍​នេះ ធ្វើឡើង​ក្រោយ​មេដឹកនាំ​ប្រទេស​មាន​លោកស្រី អ៊ុង​សាន ស៊ូ​ជី ប្រធានាធិបតី Win Myint និង​សមាជិក​សំខាន់ៗ​របស់​បក្ស​សម្ពន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) ត្រូវ​ចាប់ខ្លួន​ដោយ​យោធា​។​
 
​ក្នុង​សេចក្ដីថ្លែងការណ៍​ដែល​ផ្សាយ​លើ​ទូរទស្សន៍​គ្រប់គ្រង​ដោយ​យោធា អំណាច​រដ្ឋ​ទាំងអស់ ត្រូវ​ផ្ទេរ​ឱ្យ​អគ្គបញ្ជាការ​កងទ័ព​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង ។ ជាមួយគ្នានេះ មី​យ៉ាន់​ម៉ា ត្រូវ​ស្ថិតក្រោម​ភាពអាសន្ន​មួយឆ្នាំ​។ ប្រធានាធិបតី​បណ្ដោះអាសន្ន Myint Swe ជា​អ្នកចុះហត្ថលេខា​លើ​សេចក្ដីប្រកាស​នេះ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP សេចក្ដីថ្លែងការណ៍​ខាងលើ​បញ្ជាក់ ការត្រួតត្រា​ប្រទេស​ដោយ​យោធា ជា​រឿង​ចាំបាច់​ដើម្បី​ថែរក្សា​ស្ថិរភាព​ប្រទេស​។ យោធា​ក៏​ឆ្លៀត​ចោទ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​ថា មិន​ព្រម​ដោះស្រាយ​ភាពមិនប្រក្រតី​ដ៏​ធំ​ក្នុងការ​បោះឆ្នោត​ឆ្នាំមុន​ទៀតផង​។​
 
​ការមិន​ពេញចិត្ត​នឹង​ការបោះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​យោធា​ចោទថា មានការ​ក្លែងបន្លំ​ជាច្រើន ជា​មូលហេតុ​នៃ​ការដណ្ដើម​អំណាច​នេះ​។ កាលពី​សប្ដាហ៍​មុន ក្រុម​យោធា​បាន​ព្រមាន​ពី​ការធ្វើ​រដ្ឋប្រហារ​ជា​បន្តបន្ទាប់​បើ​អ្វីដែល​ខ្លួន​មិន​ពេញចិត្ត មិន​ត្រូវបាន​ដោះស្រាយ​ទេនោះ មុននឹង​ការិយាល័យ​អគ្គបញ្ជាការ​កងទ័ព​ចេញមុខ​ច្រានចោល​វិញ​។ រំលង​ពីរ​ថ្ងៃ ការដណ្ដើម​អំណាច​ក៏​កើតមាន​តែម្ដង​នៅ​ថ្ងៃទី​១ ខែកុម្ភៈ​។​
 
​ក្រោយ​ការឃាត់ខ្លួន​លោកស្រី សូ​ជី ដោយ​យោធា អាមេរិក និង​អូស្ត្រាលី ក៏​ចេញមុខ​ប្រតិកម្ម និង​ទាមទារ​ឲ្យ​ដោះលែង​លោកស្រី​ជាបន្ទាន់​។ ចំណែក​នៅ​រដ្ឋធានី​ណៃ​ពិដោ​វិញ ទាហាន​មាន​វត្តមាន​តាម​ដង​វិថី និង​អាគារ​រដ្ឋ​សំខាន់ៗ រីឯ​ប្រព័ន្ធ​ទូរ​សព្ទ​ត្រូវបាន​កាត់ផ្តាច់​។ 
 
«​យើង​ទាមទារ​ឲ្យ​ក្រុម​យោធា គោរព​នីតិរដ្ឋ ដោះស្រាយ​ជម្លោះ​តាម​យន្តការ​ច្បាប់ និង​ដោះលែង​ជាបន្ទាន់​ថ្នាក់ដឹកនាំ​ស៊ីវិល និង​អ្នកដទៃ​ឯទៀត​ដែល​ត្រូវបាន​ឃុំខ្លួន​ដោយ​ខុសច្បាប់​»​។ នេះ​ជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី ម៉ា​រី​ស ផេ​ន ។ បន្ថែម​ពីនេះ អូស្ត្រាលី​បញ្ជាក​ជំហរ​ថា​ខ្លួន​គាំទ្រ​ការជួបប្រជុំ​រដ្ឋសភា ដែល​ស្របទៅនឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០២០​។​
 
​អាមេរិក តាមរយៈ​សេចក្តីថ្លែងការណ៍​សេត​វិមាន ក៏​ទាមទារ​ឲ្យ​ដោះលែង​លោកស្រី​ស៊ូ​ជី​ផងដែរ​។ បន្ថែម​ពីនេះ អាមេរិក ក៏​ព្រមាន​ពី​ការឆ្លើយតប​ប្រឆាំង​ទៅនឹង​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​ស្ថានភាព​នយោបាយ​ថ្មី​នេះដែរ បើ​មិនមាន​ការផ្លាស់ប្តូរ​មក​ស្ថានការណ៍​ដើម​។​
 
​នៅ​ខែវិច្ឆិកា ឆ្នាំ​២០២០ មី​យ៉ាន់​ម៉ា​បោះឆ្នោត​លក្ខណៈ​ប្រជាធិបតេយ្យ​ជា​លើក​ទី​ពីរ បន្ទាប់ពី​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រុម​យោធា​រយៈពេល​៤៩​ឆ្នាំ​។ លទ្ធផល​នៃ​ការបោះឆ្នោត​បង្ហាញថា​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ទទួល​អាសនៈ​ចំនួន​៣៩៦ ក្នុងចំណោម​៤១២ ដែល​បើកផ្លូវ​ឲ្យ​បក្ស​លោកស្រី​បង្កើត​រដ្ឋាភិបាល​បាន​ដោយ​ងាយ​៕
 
 
 
 
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  អ៊ុង​សាន ស៊ូ​ជី
© រក្សាសិទ្ធិដោយ thmeythmey.com