សង្គមអន្តរជាតិ​
អន្តរជាតិ
ស៊ូ​ជី ប្រាប់​ប្រជាជន​ឱ្យចេញ​តវ៉ា ឯ​យោធា​ថា នឹង​រៀបចំ​ការបោះឆ្នោត​ឡើងវិញ​
01, Feb 2021 , 2:46 pm        
រូបភាព
យោធាមីយ៉ាន់ម៉ា ឈរក្បែររថពាសដែកលើផ្លូវទៅកាន់អាគារសភាក្នុងទីក្រុងណៃពិដោ។ រូបថត AFP
យោធាមីយ៉ាន់ម៉ា ឈរក្បែររថពាសដែកលើផ្លូវទៅកាន់អាគារសភាក្នុងទីក្រុងណៃពិដោ។ រូបថត AFP
ដោយ:
​លោកស្រី អ៊ុង​សាន ស៊ូ​ជី នៅ​ថ្ងៃទី​១ ខែកុម្ភៈ បាន​អំពាវនាវ​ឱ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា តវ៉ា​ប្រឆាំង​ការដណ្ដើម​អំណាច​របស់​ក្រុម​យោធា​។ លោកស្រី ស៊ូ​ជី ត្រូវ​យោធា​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី​១ ខែកុម្ភៈ ជាមួយ​មេដឹកនាំ​ប្រទេស និង​បក្ស​សម្ពន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ជាច្រើន​នាក់​ទៀត​។ ចំណែក​យោធា​ដែល​ទើប​ក្ដាប់​អំណាច​ប្រកាសថា នឹង​រៀបចំ​ការបោះឆ្នោត​នៅ​មួយឆ្នាំ​ទៀត ហើយ​ផ្ទេរអំណាច​ឱ្យ​ស៊ីវិល​វិញ ស្របពេល​រង​សម្ពាធ​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​។​
 
​ក្នុង​សេចក្ដីប្រកាស​របស់​បក្ស​សម្ពន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែលជា​ប្រធាន​បក្ស ចាត់ទុក​ទង្វើ​របស់​យោធា ជាស​កម្ម​ភា​ដែលនាំឱ្យ​ប្រទេស​ត្រឡប់​ទៅរក​ភាព​ផ្ដាច់ការ​វិញ​។ សេចក្ដីប្រកាស​ដដែល​ប​ន្ត​ថា សកម្មភាព​របស់​យោធា មិន​ត្រឹមត្រូវ ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ ហើយ​បំពាន​ឆន្ទៈ​អ្នកបោះឆ្នោត​។​
 
 
 
​លោកស្រី ស៊ូ​ជី ប្រធានាធិបតី Win Myint ត្រូវបាន​យោធា​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ថ្ងៃទី​១ ខែកុម្ភៈ​។ ក្រោយមក ការិយាល័យ​ប្រធានាធិបតី​ក៏​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​រយៈពេល​មួយឆ្នាំ ហើយ​អំណាច​រដ្ឋ​ទាំងអស់​ផ្ទេរ​ទៅឱ្យ​អគ្គមេបញ្ជាការ​កងទ័ព​លោក​ឧ​ត្ត​ម​សេនីយ៍ មីន អ៊ុង​ឡាំង ។ 
 
«​ខ្ញុំ​អំពាវនាវ​ឱ្យ​ប្រជាជន​ទាំងអស់​កុំ​ទទួលយក​សកម្មភាព​នេះ ហើយ​ត្រូវ​ឆ្លើយ និង​តវ៉ា​រដ្ឋប្រហារ​របស់​យោធា​។​» នេះ​ជាការ​បញ្ជាក់​របស់លោក​ស្រី ស៊ូ​ជី លើ​ហ្វេ​ស​ប៊ុ​ក​របស់​បក្ស​កាន់អំណាច​។​
 
​ក្រុម​យោធា​ឯណោះ​វិញ ក៏​ចេញមុខ​ប្រកាសថា ខ្លួន​នឹង​ផ្ទេរអំណាច​ក្រោយ​រយៈពេល​មួយឆ្នាំ​នៃ​ភាពអាសន្ន​។ ការបោះឆ្នោត​មួយ នឹងធ្វើ​ឡើង​ផងដែរ​នៅក្រោយ​ការបញ្ចប់​ភាពអាសន្ន​នេះ​។ ក្នុង​សេចក្ដីថ្លែងការណ៍​មួយ យោធា​មី​យ៉ាន់​ម៉ា​បញ្ជាក់ថា អំឡុង​នេះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត នឹងត្រូវ​កែទម្រង់ ហើយ​ការបោះឆ្នោត​ខែវិច្ឆិកា ឆ្នាំ​២០២០ នឹងត្រូវ​ត្រួតពិនិត្យ​ឡើងវិញ​ផងដែរ​។​
 
​ក្រោយ​ព័ត៌មាន​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា សហគមន៍​អន្តរជាតិ​បានស្នើ​ឱ្យ​ភាគី​ទាំងអស់​រក្សា​ការអត់ធ្មត់​។ ក្រសួងការបរទេស សិង្ហ​បុរី​បង្ហាញ​ពី​ការបារម្ភ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ស្ថានការណ៍​ខាងលើ និង​បន្ត​ពិនិត្យ​ស្ថានការណ៍​នេះ​យ៉ាង​ជិតដិត​។ ចំណែក ម៉ាឡេស៊ី​អំពាវនាវ​ឲ្យ​យោធា​មី​យ៉ាន់​ម៉ា និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ផ្តល់​អាទិភាព​ក្នុងការ​ថែរក្សា​សន្តិភាព និង​ស្ថិរភាព គោរព​នីតិរដ្ឋ ដោះស្រាយ​ជម្លោះ​បោះឆ្នោត​តាម​យន្តការ​ច្បាប់​ដែលមាន និង​សន្ទនា​ដោយ​សន្តិវិធី​។ 
 
​ចំណែក ក្រសួងការបរទេស​ឥណ្ឌូណេស៊ី​សង្កត់ធ្ងន់ថា បញ្ហា​ទាក់ទង​ការបោះឆ្នោត ត្រូវ​ដោះស្រាយ​តាម​យន្តការ​ច្បាប់​ដែលមាន​ស្រាប់​។ ឯ​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Teodoro Locsin Jr. អំពាវនាវ​ឲ្យ​រៀបរាប់​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា​ជា​យុទ្ធសាស្ត្រ​ល្បែង​អុក​ជាជាង​រដ្ឋប្រហារ​។ លោក​Katsunobu Kato អ្នកនាំពាក្យ​រដ្ឋាភិបាល​ជប៉ុន​អះអាងថា ជា​រឿង​សំខាន់​ដែល​ភាគី​ទាំងសងខាង​ដោះស្រាយ​ស្ថានការណ៍​ដោយ​សន្តិវិធី​តាមរយៈ​កិច្ចសន្ទនា និង​ស្រប​ជាមួយ​ដំណើការ​ប្រជាធិបតេយ្យ​។​
 
​អគ្គលេខាធិការ​អង្គការសហ​ប្រជា​តិ​លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស ថ្កោលទោស​ដាច់ខាត​ចំពោះ​ការឃុំ​ឃាំង មេដឹកនាំ​ស៊ីវិល និង​បង្ហាញ​ពី​សេចក្តី​បារម្ភ​ចំពោះ​ការផ្ទេរអំណាច​នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ​ដល់​យោធា​។ លោក​សង្កត់ធ្ងន់ថា ការវិវឌ្ឍ​ចុងក្រោយ​នេះ ជាការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​កំណែទម្រង់​ប្រជាធិបតេយ្យ​។ ដោយឡែក​ក្រសួងការបរទេស​ឥណ្ឌា​វិញ និយាយថា នីតិរដ្ឋ និង​ដំណើរការ​នៃ​លទ្ធិប្រជាធិបតេយ្យ​ត្រូវតែ​ការពារ​។​
 
​ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ចាត់ទុក​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា ថា​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​មិត្តភក្តិ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក លោក អាន់​តូ​នី ប្ល៊ី​ង​ខិ​ន បានទាមទារ​ឲ្យ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ដោះលែង​មន្ត្រី​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​សង្គម​ស៊ីវិល និង​គោរព​ឆន្ទៈ​របស់​ពលរដ្ឋ​ដែល​បង្ហាញ​តាមរយៈ​ការបោះឆ្នោត​ថ្ងៃទី​៩ វិច្ឆិកា​។ លោក​បន្តថា សហរដ្ឋអាមេរិក​នៅ​ជាមួយ​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ក្នុង​បំណងប្រាថ្នា​ក្នុងការ​សម្រេចបាន​ប្រជាធិបតេយ្យ សេរីភាព សន្តិភាព និង​ការអភិវឌ្ឍ​។​
 
​ឧបនាយករដ្ឋមន្ត្រី​ថៃ ប្រា​វីត វង្ស​សុវណ្ណ ចាត់ទុក​រឿងនេះ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​មី​យ៉ាន់​ម៉ា​។ ចំណែក​ចិន​វិញ​ស្នើឱ្យ​ដោះស្រាយ​វិបត្តិ​ដោយ​សន្តិវិធី​៕
 

Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com