ជាតិ
រថយន្ត
ជំរឿន២០១៩៖ គ្រួសារខ្មែរ១០.១៤ភាគរយ មានរថយន្តប្រើប្រាស់
01, Feb 2021 , 7:19 pm        
រូបភាព
ដោយ: រួបរួម
គ្រួសារខ្មែរដែលប្រើប្រាស់រថយន្ត មានតែ១០.១៤ភាគរយប៉ុណ្ណោះនៅថ្នាក់ជាតិ។ នេះបើយោងតាមរបាយការណ៍ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនទូទៅប្រជាជននៅកម្ពុជាឆ្នាំ២០១៩ ។
 
ផ្អែកលើករបាយការណ៍ស្តីពីសម្ភារផ្ទាល់ខ្លួន បានបង្ហាញថា ពលរដ្ឋជាង៣៦ម៉ឺនគ្រួសារ ឬ១០.១៤ភាគរយក្នុងចំណោមគ្រួសារទាំងអស់ មានរថយន្តសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬរថយន្តដឹកទំនិញធុនតូច/ធុនធំ។
 
ក្នុងចំណោមនោះ គ្រួសារនៅទីប្រជុំជន ១៨.១៤ភាគរយ មានរថយន្តសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬរថយន្តដឹកទំនិញធុនតូច/ធុនធំ រីឯជនបទ មាន៥.១៧ភាគរយ។
 
លទ្ធផលជំរឿន បានបញ្ជាក់ថា ម៉ូតូនៅតែជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមជាងគេនៅកម្ពុជា ដោយមាន៨០.១១ភាគរយក្នុងចំណោមគ្រួសារសរុប។ នៅទីប្រជុំជន គ្រួសារ ៨៥.១ភាគរយ មានម៉ូតូប្រើប្រាស់ផ្ទាល់ខ្លួន រីឯនៅជនបទមាន៧៧.១៣ភាគរយ។
 
ចំណែកកង់វិញ ៤៩.២ភាគរយនៃគ្រួសារនៅទីប្រជុំ និង៥៨.៨ភាគរយនៃគ្រួសារនៅជនបទ  មានកង់ប្រើប្រាស់ជាកម្មសិទ្ធិផ្ទាល់ខ្លួន។
 
សម្ភារប្រើប្រាស់ផ្សេងទៀត ដូចជា ទូក/កាណូត ត្រាក់ទ័រធុនតូច/ធំ គោយន្ត ក៏ត្រូវបានធ្វើជំរឿនផងដែរ។
 
តាមរបាយការណ៍ជំរឿន កម្ពុជាមានពលរដ្ឋជាង១៥.៥៥លាននាក់ ដោយបុរសមានជាង៧.៥៧លាននាក់ និងស្ត្រីជិត៨លាននាក់។ ក្នុងនោះដែរ គ្រួសារនៅកម្ពុជាមានជាង៣.៥៥លានគ្រួសារ ដោយក្នុងនោះជាង១.៣២លានគ្រួសារនៅទីប្រជុំជន និងជាង២.២២លានគ្រួសារនៅទីជនបទ៕
 
 

Tag:
 ជំរឿន
© រក្សាសិទ្ធិដោយ thmeythmey.com