កីឡាជាតិ
ជាតិ
លោក ហ៊ុន ម៉ានី ជំរុញកីឡាករប៉េតង់ឱ្យយកអ្នកស្រី កែ ឡេង ជាគំរូក្នុងការអភិវឌ្ឍសមត្ថភាព
02, Feb 2021 , 10:59 pm        
រូបភាព
ដោយ:
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើង និងកោតសរសើរពីវីរភាពរបស់កីឡាការិនី កែ ឡេង ចំពោះការជួយលើកស្ទួយវិស័យកីឡាប៉េតង់ និងកិត្តិយសប្រទេសជាតិលើឆាកអន្តរជាតិ។ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភារូបនេះ ជំរុញឲ្យកីឡាករកីឡាការិនី យកលោកស្រី កែ ឡេង ធ្វើជាគំរូក្នុងការហ្វឹកហាត់ពង្រឹងសមត្ថភាពរបស់ខ្លួន។
 
នាពិធីបិទការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលធ្វើជាអធិបតីក្នុងពិធីនោះបានក្រើនរំឮកកីឡាករកីឡាការិនីទាំងអ្នកទទួលបានជ័យលាភី និងមិនបានជ័យលាភីឲ្យបន្តការខិតខំប្រឹងប្រែងហ្វឹកហាត់ អភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត។ ព្រោះលោកយល់ថា ការប្រកួតប្រជែងតែងតែមានចាញ់ឈ្នះជារឿងធម្មតាក្នុងវិស័យកីឡា ហើយសំខាន់អ្នកចាញ់ត្រូវចេះសិក្សាពីចំណុចខ្សោយ យកមកអភិវឌ្ឍន៍សមត្ថភាពបន្ថែម។ 
 
សម្រាប់លោក ហ៊ុន ម៉ានី ជ្រុលតែដាក់ចិត្តស្រឡាញ់កីឡាប៉េតង់ កីឡាករគ្រប់រូបត្រូវព្យាយាម អត់ធ្មត់ និងប្រឹងប្រែងហ្វឹកហាត់ជាមួយការកំណត់គោលដៅច្បាស់លាស់។ ហើយត្រូវចេះសិក្សា និងយកគំរូតាមរៀមច្បង ឬអ្នកដែលទទួលបានជោគជ័យក្នុងវិស័យកីឡាមួយនេះ។ ជាមួយគ្នានេះ លោក បានណែនាំឲ្យកីឡាករយកគំរូតាមវីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក៤ជំនាន់ជាប់គ្នា ដែលពុំមានអ្នកណាអាចធ្វើបាននៅលើពិភពលោក។    
 
«កីឡាករកីឡាការិនីត្រូវខិតខំប្រឹងប្រែងចូលរួម ហើយអាចដាក់អ្នកមីង កែ ឡេង ជាគំរូ ដោយសារខ្ញុំជឿជាក់ថា អ្នកដែលបានចាប់យកកីឡាប៉េតង់សុទ្ធតែមានចំណង់ចំណូលក្នុងការប្រកួត ខ្ញុំជឿថា អ្នកគ្រាន់តែមកលេងដើម្បីសប្បាយ ឬដើម្បីសុខភាពប្រហែលជាមិនចូលក្នុងក្លិបនេះទេ។ អ៊ីចឹងបើខ្លួនមានចំណង់ចំណូលចិត្ត និងក្តីស្រឡាញ់លើកីឡានេះហើយត្រូវខិតខំប្រឹងប្រែងសម្រួចបន្តថែមទៀត ដោយមានការអត់ធ្មត់ មានការតស៊ូ មានការគិតគូក្នុងការបង្កើនសមត្ថភាព»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី។  


 
ការចូលរួមប្រកួតប្រជែងឲ្យបានច្រើន ត្រូវបានលោក ហ៊ុន ម៉ានី ចាត់ទុកជាកត្តាដ៏សំខាន់សម្រាប់កីឡាករក្នុងការអភិវឌ្ឍន៍ខ្លួន ដ្បិត លោកយល់ថា ការប្រកួតវាអាចជួយផ្តល់បទពិសោធ ការវាស់ស្ទង់ និងដឹងពីកម្រិតសមត្ថភាពរបស់ខ្លួនស្ថិតនៅត្រង់ចំណុចណា។ ទន្ទឹមនឹងនេះ លោក ជំរុញឲ្យកីឡាករកីឡាការិនីចូលរួមការប្រកួតឲ្យបានច្រើន។ 
 
លោក ហ៊ុន ម៉ានី បង្ហាញការយល់ឃើញដូច្នេះថា៖«ត្រឹមការហ្វឹកហាត់ប្រកួតប្រជែងក្នុងក្រុមខ្លួនឯង ក្នុងក្លិបខ្លួនឯង បើយើងមិនយកមកសាកល្បងប្រកួតប្រជែងជាមួយក្រុម និងក្លិបដទៃទេ យើងមិនអាចថ្លឹងថ្លែងសមត្ថភាពខ្លួនឯងបាននោះទេ។ ទោះបីបានលទ្ធផលយ៉ាងណា ខ្ញុំសូមលើកទឺកចិត្តឲ្យខិតខំប្រឹងប្រែង និងដកស្រង់បទពិសោធបន្ថែម ហើយគ្រប់វេទិកា ដែលមានការប្រកួតប្រជែង សូមធ្វើយ៉ាងណាឲ្យបានចូលរួម ដើម្បីសាកល្បងសមត្ថភាព និងស្វែងរកចំណុចខ្សោយសម្រាប់កែប្រែឲ្យកាន់តែប្រសើរឡើង»។
 
លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានកោតសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់គណៈកម្មការរៀបចំ ដែលធ្វើឲ្យការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ បញ្ចប់ទៅដោយរលូន និងជោគជ័យគួរឲ្យកត់សម្គាល់។ ជាមួយគ្នានេះ លោក ចាត់ទុកការប្រកួតនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់សហព័ន្ធ និងជាប្រវត្តិសាស្ត្រផងដែរ ព្រោះវាជាលើកទី១ហើយដែលការប្រកួតជើងឯកថ្នាក់ជាតិមានក្លិបសមាគមរហូតជិត៦០ចូលរួមប្រកួត។ 
 



លោក អះអាងថា សហព័ន្ធបានសម្លឹងឃើញ និងចម្រាញ់បានកីឡាករវ័យក្មេងជាច្រើនរូបពីការប្រកួតមួយនេះ ដើម្បីដាក់បញ្ចូលក្នុងការប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិថ្នាល និងឈុតធំ។ ទន្ទឹមនឹងនេះ លោកលើកទឹកចិត្តឲ្យអ្នកទទួលបានជ័យលាភីត្រូវរក្សាការខិតខំរបស់ខ្លួន រីឯអ្នកមិនទទួលបានជ័យលាភីត្រូវបង្កើនការហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមប្រជែងដណ្តើមយកជ័យជម្នះនៅលើកក្រោយៗទៀត។ 
 
សម្រាប់លោក ស សុខា ការប្រកួតជើងឯកថ្នាក់ជាតិជាឱកាសសម្រាប់កីឡាករក្នុងការសម្រេចគោលដៅ ដែលចង់ក្លាយជាកីឡាករតំណាងឲ្យជាតិនៅលើឆាកអន្តរជាតិ។ ព្រោះការប្រកួតនេះ វាជាវេទិកាក្នុងការចម្រាញ់រកធនធានជម្រើសជាតិថ្នាល់ និងឈុតធំ ដើម្បីត្រៀមទៅប្រជែងដណ្តើមមេដាយក្នុងការប្រកួតកីឡាស៊ីហ្គេមនៅវៀតណាមឆ្នាំ២០២១ និងស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 
 
ការប្រកួតនេះ វាក៏ជាការលើកទឹកចិត្តមួយផងដែរសម្រាប់កីឡាករកីឡាការិនីមកពីតាមក្លិបសមាគមនានា ដ្បិតពួកគេបានចូលរួមប្រកួតប្រជែង និងបង្ហាញសមត្ថភាព ដែលខ្លួនខិតខំប្រឹងប្រែងហ្វឹកហាត់កន្លងមក។ ជាពិសេស វាជាម៉ែត្រមួយជួយឲ្យពួកគេអាចវាស់ស្ទង់កម្រិតសមត្ថភាពផងដែរ៕  












 

Tag:
 ប៉េតង់
  ហ៊ុន ម៉ានី
  ស សុខា
© រក្សាសិទ្ធិដោយ thmeythmey.com