កីឡាជាតិ
ជាតិ
NOCC នឹង​រៀបចំ​ព្រឹត្តិការណ៍ «​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​» ដើម្បី​ប្តូរ​ការគិត​យុវវ័យ​ថ្ងៃ​១៤ កុម្ភៈ​
03, Feb 2021 , 8:59 am        
រូបភាព
​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និង​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន គ្រោង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​តំបន់ឆ្នេរ ដែល​ឱ្យ​ឈ្មោះថា «​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​» ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១​។ កម្មវិធី​នេះ​បង្កើតឡើង ដើម្បី​យក​កីឡា​ធ្វើជា​មធ្យោបាយ​ផ្លាស់ប្ដូរ​ឥរិយាបទ​យុវវ័យ​នៅ​ថ្ងៃ​នៃ​សេចក្តីស្រឡាញ់ និង​បង្ហាញ​សក្តានុពល​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​ព្រឹត្តិការណ៍​នេះ នឹងមាន​វិញ្ញាសា​ចំនួន​៣​ក្នុង​កីឡា​ជិះ​កង់​ដើម្បី​ដាក់ឱ្យ​ប្រជែង​គ្នា​។ ទី​១ សម្រាប់​អ្នកជិះ​កង់​អាជីព​អាច​ចូលរួម​ប្រណាំង​កង់​ភ្នំ​ចម្ងាយ​៤០​គីឡូម៉ែត្រ ដែល​ចាប់ផ្ដើម​ចេញដំណើរ​ពី​ឆ្នេរ​អូ​ឈើទាល​ឆ្ពោះទៅ​ឆ្នេរ​រាម ហើយ​ត្រឡប់មក​ឆ្នេរ​អូ​ឈើទាល​វិញ​។ ទី​២ ប្រភេទ Fun Ride គឺជា​ការ​ជិះ​កង់​កម្សាន្ត​ឆ្នេរសមុទ្រ​ថ្មី ចម្ងាយ​២៥​គីឡូម៉ែត្រ ដោយ​ចេញដំណើរ​ពី​ឆ្នេរ​អូ​ឈើទាល​ឆ្ពោះ​ទី​អូរត្រេះ​ហើយ​ត្រឡប់មកវិញ​។ និង​ទី​៣ Family Couple Ride គឺ​ការ​ជិះ​កង់​ជា​លក្ខណ​គ្រួសារ និង​គូស្នេហ៍​ចម្ងាយ​១៥​គីឡូម៉ែត្រ តាមផ្លូវ​ក្នុង​ទីក្រុង​ថ្មី និង​ឆ្នេរសមុទ្រ​។​
 
​គោលបំណង​ក្នុងការ​បង្កើត​កម្មវិធី​កីឡា «​ជិះ​កង់​នៃ​ក្តី​ស្រឡាញ់​» នេះ​ឡើង លោក វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​លើកឡើងថា គឺ​ដើម្បី​ចង់​ផ្លាស់ប្តូរ​ឥរិយាបទ​របស់​យុវវ័យ​ដែល​ពួកគេ​យល់ច្រឡំ​នៃ​អត្ថន័យ​នៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​។​
 
«​កន្លងមក​មាន​យុវវ័យ​មួយចំនួន​បាន​យល់ច្រឡំ​ថា​ថ្ងៃបុណ្យ​នៃ​សេចក្ដីស្រឡាញ់ គឺជា​ពេលដែល​ត្រូវ​លះបង់​នូវ​ព្រហ្មចារី​យ៍​ដល់​គូស្នេហ៍​របស់ខ្លួន​។ ពេលនេះ​ក្រសួងទេសចរណ៍ និង NOCC ប​ង្កើ​សកម្មភាព​កីឡា​មួយ ដើម្បី​ផ្លាស់ប្ដូរ​ឥរិយាបទ​ដែល​ពួកគេ​យល់ច្រឡំ​កន្លងមក ក៏ដូចជា​នាំ​យុវជន និង​មហាជន​បាន​ចូលរួម​ក្នុង​សកម្មភាព​កីឡា ដើម្បី​សុខភាព មិត្តភាព និង​សាមគ្គីភាព និង​លើកកម្ពស់​ដល់​វិស័យ​ទេសចរណ៍​នៅ​តំបន់​ឆ្នេរសមុទ្រ​ទៀតផង​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​វ៉ា​ត់ ចំរើន តាមរយៈ​ក្នុង​សេចក្តីប្រកាស​របស់ NOCC នៅ​ថ្ងៃទី​២ ខែកុម្ភៈ​នេះ​។​
 
​លោក វ៉ា​ត់ ចំរើន បន្ថែមថា​ព្រឹត្តិការណ៍​នេះ ក៏​ដើម្បី​ជួយ​ផ្សព្វ​ផ្សា​ពី​សក្តានុពល​ទេសចរណ៍ និង​ប្រតិបត្តិ​ករ​ទេសចរ​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ COVID-19 និង​វត្តមាន​ជនជាតិ​ចិន​ដ៏​ច្រើន​លើសលប់ កាលពីពេល​កន្លងទៅ​។​
 
​សម្រាប់​ព្រឹត្តិការណ៍​នេះ​គណៈកម្មការ​រៀបចំ នឹង​រៀបចំ​កន្លែង​បោះតង់​តាម​ឆ្នេរសមុទ្រ​សម្រាប់​អ្នកចូលរួម​ទាំងអស់ ដោយ​ធានា​សុវត្ថិភាព សណ្ដាប់ធ្នាប់ និង​អនាម័យ​ផងដែរ​។​
 
​នេះ​មិនមែនជា​លើក​ទី​១​ឡើយ ដែល NOCC សហការ​ជាមួយ​ក្រសួងទេសចរណ៍​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ ពោលគឺ​ភាគី​ទាំងពីរ​ធ្លាប់​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុន​អន្តរជាតិ ប្រណាំង​កង់​អន្តរជាតិ និង​ព្រឹត្តិការណ៍​កីឡា​ជាច្រើន ពិសេស​បុណ្យ​សមុទ្រ​៕

Tag:
 NOCC
© រក្សាសិទ្ធិដោយ thmeythmey.com