អន្តរជាតិ
ប្រជាជន​មី​យ៉ាន់​ម៉ា​៣​នាក់​ត្រូវ​ចាប់ខ្លួន បន្ទាប់ពី​បាតុកម្ម​ប្រឆាំង​ក្រុម​យោធា​
04, Feb 2021 , 3:15 pm        
រូបភាព
ប្រជាជនមីយ៉ាន់ម៉ា បាតុកម្មនៅក្នុងទីក្រុងMandalay។ រូបភាព៖ AFP
ប្រជាជនមីយ៉ាន់ម៉ា បាតុកម្មនៅក្នុងទីក្រុងMandalay។ រូបភាព៖ AFP
​ប្រជាជន​មី​យ៉ាន់​ម៉ា​មួយក្រុម ដែលមាន​គ្នា​ប្រមាណ ២០​នាក់ នៅ​ថ្ងៃទី​៤ ខែកុម្ភៈ បាន​លើក​បដា និង​ស្រែក​ជំទាស់​នឹង​រដ្ឋប្រហារ​យោធា នៅក្នុង​ទីក្រុង Mandalay ដែលជា​ទីក្រុង​ធំ​ទី​ពីរ​របស់​ប្រទេស​។ យ៉ាងហោចណាស់ មនុស្ស ៣​នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​បាតុកម្ម​នេះ​។


 
​ជា​លើកទីមួយ ចាប់តាំងពី​រដ្ឋប្រហារ​យោធា ប្រជាជន​មី​យ៉ាន់​ម៉ា​ប្រមាណ ២០​នាក់ បានធ្វើ​បាតុកម្ម​នៅតាម​ដងផ្លូវ​នៅក្នុង​តំបន់​មួយ​ក្នុង​ទីក្រុង Mandalay ដើម្បី​ប្រឆាំងនឹង​ការដណ្តើម​អំណាច​របស់​ក្រុម​យោធា ពី​រដ្ឋាភិបាល​ស៊ីវិល​។ 
 
«​ដោះលែង​មេដឹកនាំ​របស់​យើង​ពេលនេះ​»​។ ប្រជាជន​មី​យ៉ាន់​ម៉ា​ទាំងនោះ បាន​ស្រែក​បែបនេះ ជាមួយនឹង​ដៃ​កាន់​បដា នៅ​ខាងក្រៅ​សកល​វិទ្យាល័យ​វេជ្ជសាស្ត្រ Mandalay​។  
 
​មនុស្ស​យ៉ាងហោចណាស់​ចំនួន ៣​នាក់​ត្រូវបាន​ខ្លួន បន្ទាប់ពី​បាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ​។ ការចាប់ខ្លួន​នេះ ត្រូវបាន​បញ្ជាក់​ដោ​យស​កម្ម​ជន​និស្សិត ដែលមាន​មូលដ្ឋាន​នៅក្នុង​ទីក្រុង Mandalay និង​ទីក្រុង​យ៉ាំង​ហ្គោ​ន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​កន្លងទៅ ប្រជាជន​នៅក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន បាន​គោះ​ខ្ទះ និង​ឆ្នាំង ដើម្បី​បង្ហាញ​ការមិន​ពេញចិត្ត​របស់ខ្លួន​លើ​ការដឹកនាំ​របស់​យោធា​មី​យ៉ាន់​ម៉ា ខណៈពេល​ក្រុមគ្រូពេទ្យ​ច្រើនជាង ១​ពាន់​នាក់ នៅ​មន្ទីរពេទ្យ​ចំនួន ៧០ កន្លែង ក៏​ធ្វើ​កូដកម្ម មិន​ធ្វើការ​ផងដែរ​។ ក្រៅពីនោះ ប្រជាជន​មី​យ៉ាន់​ម៉ា​មួយចំនួន បាន​បំផុស​យុទ្ធនា​ការឈប់​ទិញ​ទំនិញ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ទាក់ទិន​នឹង​យោធា​ថែមទៀត​។ 
 
​សូមបញ្ជាក់ថា បន្ទាប់ពី​ធ្វើ​រដ្ឋប្រហារ​យោធា​លើ​រដ្ឋាភិបាល​ស៊ីវិល ក្រុម​យោធា បាន​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ​យ៉ាងខ្លាំង​។ អាមេរិក អឺរ៉ុប អង់គ្លេស សុទ្ធតែ​ទាមទារ​ឱ្យ​ដោះលែង​លោកស្រី អ៊ុង​សាន ស៊ូ​ជី​, ប្រធានាធិបតី លោក Win Myint និង​អ្នក​ជាប់ឃុំ​ផ្សេងទៀត​។ ចំណែក  លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​អះអាងថា លោក​នឹងធ្វើ​គ្រប់យ៉ាង ដើម្បី​ដាក់​សម្ពាធ​ឱ្យ​កាន់តែ​ធ្ងន់​លើ​ក្រុម​យោធា ដែល​ធ្វើ​រដ្ឋប្រហារ​លើ​រដ្ឋាភិបាល​ស៊ីវិល​៕

Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com