ជាតិ
កម្ពុជា​ដាក់​ដំណើរការ​ប្រព័ន្ធ​ត្រួតពិនិត្យ​តំបន់ការពារធម្មជាតិ (PAMP) ដំបូង​នៅ​ខេត្តព្រះវិហារ​
05, Feb 2021 , 7:59 am        
រូបភាព
​ដោយ​៖ ស៊ុ​ល រ៉​វី​
 
​ព្រះវិហារ​៖ ក្រសួងបរិស្ថាន បានដាក់​ឲ្យ​ដំណើរការ ប្រព័ន្ធ​ត្រួតពិនិត្យ​តំបន់ការពារធម្មជាតិ (Protected Area Monitoring Platform, PAMP)  ដំបូងបង្អស់​នៅ​កម្ពុជា​។  ប្រព័ន្ធ​នេះ នឹង​ជួយ បង្កើន​ប្រសិទ្ធភាព នៃ​ការត្រួតពិនិត្យ​លើ​ការគំរាមកំហែង ក្នុង​តំបន់ការពារធម្មជាតិ និង​ពង្រឹង​ការអនុវត្ត​ច្បាប់ ឲ្យ​កាន់តែ​ល្អប្រសើរ​។
 
​ទីចាត់ការ​ប្រព័ន្ធ​ត្រួតពិនិត្យ​តំបន់ការពារធម្មជាតិ​ដំបូង​គេ​នៅ​កម្ពុជា ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃទី​៣០​មករា​កន្លងទៅ​។ ទីចាត់ការ​នេះ មាន​ទីតាំងនៅ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ​។ នៅក្នុង​ឱកាស​សម្ពោធ ប្រព័ន្ធ​ត្រួតពិនិត្យ​តំបន់ការពារធម្មជាតិ (Protected Area Monitoring Platform, PAMP ក៏ត្រូវ​បានដាក់​ឲ្យ​ដំណើរការ​ក្នុងពេល​ជាមួយគ្នា​ដែរ​។ 
 
​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បានបញ្ជាក់​នៅក្នុង​ពិធី​នោះ​ថា ប្រព័ន្ធ​ត្រួតពិនិត្យ​តំបន់ការពារធម្មជាតិ​នេះ គឺជា​យុ​ន្ធ​ការ​ថ្មី​ក្នុង​ការបង្កើន​ប្រសិទ្ធភាព​លើ​កិច្ចការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​។ សម្រាប់​លោក នេត្រ ភក្ត្រា ប្រព័ន្ធ​នេះ នឹង​ក្លាយជា​ជំនួយ​បន្ថែម​សម្រាប់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស នា​សម័យកាល​ឌីជីថល ក្នុង​ការចុះអនុវត្ត​ច្បាប់ ក៏ដូចជា​ទប់ស្កាត់​បទ​ល្មើស នៅក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ​។  
 
​លោក នេត្រ ភក្ត្រា បានបញ្ជាក់​បន្ថែមថា​៖«​បច្ចុប្បន្ន ក្រុម​ជនល្មើស​ធនធានធម្មជាតិ ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ក្នុងការ​ផ្ដល់ព័ត៌មាន​ទៅវិញទៅមក ដើម្បី​កុំ​ឲ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ឬ​ក្រុមការងារ​អង្គការ​ដៃគូ​ដែល​ចុះ​ល្បាត​ចាប់ខ្លួនបាន​។ ដូច្នេះ​ការបង្កើត​ប្រព័ន្ធ​នេះ​ឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ដែល​កំពុង​ជួប​ប្រឈម នៅក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ​ក្នុងប្រទេស​»​។​


រូបភាពពី លោក ស៊ុល រ៉វី 

​ក្រៅពី​បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់ និង​ចាត់វិធានការ​ទាន់ពេល​ក្នុងការ​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ ប្រព័ន្ធ​នេះ ក៏​នឹង​ចងក្រង​នូវ​ព័ត៌មាន​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​តំបន់​ការពារ ដែលជា​ប្រយោជន៍​ដល់​ការសិក្សា​ស្រាវជ្រាវ និង​ការសម្រេចចិត្ត​នានា ក្នុង​កម្រិត​រៀបចំ​គោលនយោបាយ ដើម្បី​ការពារ​ធនធានធម្មជាតិ​។ 
 
​លោក Carlos Lamadrid តំណាង​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ដែលមាន​វត្តមាន​នៅក្នុង​កម្មវិធី​នេះ បាន​ឲ្យ​ដឹង​ដែរ​ថា ប្រព័ន្ធ PAMP​នេះ នឹង​ជួយ​ពង្រឹង​បន្ថែមទៀត ដល់​ការអនុវត្ត​ច្បាប់ ដែល​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង និង​ជួយ​ដល់​ការសម្រេចចិត្ត លើ​ការគ្រប់គ្រង​តំបន់​ការពារ ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ​ទៀត​។ លោក​បាន​បន្ថែមថា​៖«​ប្រព័ន្ធ​នេះ ធ្វើ​ឲ្យ​ការគ្រប់គ្រង​បណ្ដាញ លើ​ប្រព័ន្ធ​ការពារ​ធម្មជាតិ ឆ្លើយតប​រហ័ស ទាន់ពេលវេលា ប្រសិទ្ធភាព និង​តម្លាភាព​»​។​
 
​ប្រព័ន្ធ PAMP ត្រូវបាន​បង្កើតឡើង ដោយ​ផ្អែកលើ​វិធីសាស្ត្រ​ដែលមាន​ស្រាប់ ដូចជា​ប្រព័ន្ធ​ត្រួតពិនិត្យ​ទីតាំង​ភូមិសាស្ត្រ និង​ឧបករណ៍​រាយការណ៍ និង​ត្រួតពិនិត្យ ដោយ​ចាប់យក​រូបភាព តាមរយៈ​ផ្កាយរណប​។ វា​ដំណើរការ​តាមរយៈ​ទូរស័ព្ទ ជាមួយនឹង​មុខងារ​ចំនួន​បី គឺ​សៀវភៅ​ទិន្នន័យ ប្រព័ន្ធ​GPS និង​ម៉ាស៊ីន​ថត នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​តែមួយ​។  នេះ​បើតាម​ការបញ្ជាក់​ពី លោក Carlos Lamadrid​។ 
 
​សូម​ជម្រាប​ផងដែរ​ថា ប្រព័ន្ធ​ត្រួតពិនិត្យ​តំបន់​ការពារ​នេះ ជា​បច្ចេកវិទ្យា​ដំបូងបង្អស់ ដែល​បានដាក់​ឲ្យ​ដំណើរការ​ក្នុងប្រទេស​កម្ពុជា ហើយក៏​ជា​គំរូ​ការសិក្សា និង​ធ្វើ​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរឡើង ដើម្បី​ធ្វើ​ប្រតិបត្តិការ ក្នុង​តំបន់​ការពារ​ធនធានធម្មជាតិ ទូទាំងប្រទេស​កម្ពុជា​៕
 

Tag:
 PAMP
  ព្រះវិហារ​
© រក្សាសិទ្ធិដោយ thmeythmey.com