អន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខ អំពាវនាវ​ឱ្យ​ដោះលែង​លោកស្រី ស៊ូ​ជី និង​បញ្ចៀស​ហិង្សា​ក្នុងប្រទេស​
05, Feb 2021 , 10:39 am        
រូបភាព
ក្រុមយោធាមីយ៉ាន់ម៉ា បានបិទផ្លូវមួយឆ្ពោះទៅកាន់សភា។ រូបភាព៖ AP
ក្រុមយោធាមីយ៉ាន់ម៉ា បានបិទផ្លូវមួយឆ្ពោះទៅកាន់សភា។ រូបភាព៖ AP
​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UNSC) បាន​សេចក្តីថ្លែងការណ៍​មួយ​ដោយ ជំរុញ​ឱ្យ​ក្រុម​យោធា​ដោះលែង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី និង​អ្នក​ជាប់ឃុំ​ផ្សេងៗ​។ ចំណែក​រដ្ឋបាល​លោក​ចូ បៃ​ឌិន ក៏​កំពុង​ពិនិត្យមើល​ទណ្ឌកម្ម ដើម្បី​ដាក់​លើ​បុគ្គល និង​អង្គភាព​យោធា​ដែល​ពាក់ព័ន្ធ​ក្នុងការ​ដណ្ដើម​អំណាច​នៅ​មី​យ៉ាន់​ម៉ា​។​


អត្ថបទទាក់ទង
 
​នៅក្នុង​សេចក្តីថ្លែងការណ៍​ចេញ​ថ្ងៃទី​៤ ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ជំរុញ​ឱ្យ​ក្រុម​យោធា ដោះលែង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា និង​លោក Win Myint ប្រធានាធិបតី​មី​យ៉ាន់​ម៉ា និង​អ្នក​ផ្សេងទៀត​ភ្លាមៗ​។ សេចក្ដីថ្លែងការណ៍​នេះ ប្រើ​សម្ដី​ទន់ភ្លន់​ជាង​សេចក្ដីព្រាង​ព្រោះ​មិនទាន់​និយាយ​ដល់​រឿង​ទណ្ឌកម្ម​ឡើយ​។ 
 
​ក្រៅពី​ទាមទារ​ឱ្យ​ដោះលែង​ថ្នាក់ដឹកនាំ​ស៊ីវិល និង​មនុស្ស​ផ្សេងទៀត ក្រុមប្រឹក្សា​ដ៏​មាន​ឥទ្ធិពល ក៏បាន​អំពាវនាវ​ឱ្យ មី​យ៉ាន់​ម៉ា ប្រកាន់ខ្ជាប់​ដំណើរការ និង​ស្ថាប័ន​លទ្ធិប្រជាធិបតេយ្យ​, ចៀសវាង​ហិង្សា​, គោរព​សិទ្ធិមនុស្ស​, មូលដ្ឋាន​នៃ​សិទ្ធិសេរីភាព និង​នីតិរដ្ឋ​ផងដែរ​។ លើសពីនេះ កិច្ចចរចា និង​ការ​បង្រួម ក៏ត្រូវ​អនុវត្ត​ដែរ ដើ​ម្ប​ផលប្រយោជន៍​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ។ 
 
​សេចក្តីថ្លែងការណ៍​ជា​លើកដំបូង​ស្តីពី​ស្ថានភាព​នយោបាយ​មី​យ៉ាន់​ម៉ា​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​រួម នៅក្នុង​កិច្ចប្រជុំ​ជាបន្ទាន់​មួយ​នៅ​ពីរ​ថ្ងៃមុន ដោយសារ​ចិន និង​រុស្ស៊ី​អះអាងថា ខ្លួន​ត្រូវការ​ពេល​ច្រើនជាង​មុន​។ ការប្រើប្រាស់​ពាក្យ​សមល្មម​បែបនេះ ទំនងជា​លទ្ធផល​នៃ​ការចរចា​ផ្ទៃក្នុង​ជាមួយ​ចិន និង​រុស្ស៊ី​ផង​។ 
 
​ក្នុង​ថ្ងៃ​ដដែល​នេះ អាមេរិក​ក៏​កំពុង​សិក្សា​ពី​ទណ្ឌកម្ម​របស់ខ្លួន ដើម្បី​ដាក់​លើ​បុគ្គល និង​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​យោធា​ផងដែរ ស្របពេល​ប្រធានាធិបតី​ប្រទេស​មហាអំណាច​មួយ​នេះ បានទាមទារ​ឱ្យ​របប​យោធា​ដោះលែង និង​លើកចោល​ការចោទប្រកាន់​លោកស្រី​ស៊ូ​ជី និង​លោក Win Myint​។ លោក Jake Sullivan ទីប្រឹក្សា​សន្តិសុខ​ជាតិ និយាយថា ទណ្ឌកម្ម​លើ​យោធា​មី​យ៉ាន់​ម៉ា អាច​នឹងត្រូវ​បានអនុម័ត​ដោយ​សភា​។ អាមេរិក ក៏​សហការ​ជាមួយ​សម្ព័ន្ធមិត្ត និង​ដៃគូ​ដើម្បី​បន្ត​ដាក់​សម្ពាធ​លើ​ក្រុម​យោធា​។ 
 
​លោក ចូ បៃ​ឌិន ប្រធានាធិបតី​អាមេរិក បាន​ទទូច​ឱ្យ​យោធា​មី​យ៉ាន់​ម៉ា ចុះ​ចេញពី​តំណែង និង​ដោះលែង​លោកស្រី​ស៊ូ​ជី​។ «​យោធា​ភូមា គួរតែ​ប្រគល់​អំណាច​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល ដោះលែង​សកម្មជន មន្ត្រី​ស៊ីវិល និង​លើក​ចោលការ​រឹតត្បិត​ប្រព័ន្ធ​ទូរគមនាគមន៍​»​។ លោក​បៃ​ឌិន បានលើកឡើង​បែបនេះ នៅក្នុង​សុន្ទរកថា​ពី​គោលនយោបាយ​ការបរទេស​របស់ខ្លួន​នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​។
 
​បើតាម​ការអះអាង​រប​ស់​ប្រធានាធិបតី​អាមេរិក​រូបនេះ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ កងទ័ព​នឹងមិន​ប្រើ​អំណាច​របស់ខ្លួន ដើម្បី​គ្រប់គ្រង​លើ​ប្រជាជន និង​លុបចោល​លទ្ធផល​បោះឆ្នោត​ដែល​ជឿទុកចិត្ត​ឡើយ​។​
 
​ក្រោយ​រដ្ឋប្រហារ​ថ្ងៃទី​១ ខែកុម្ភៈ មនុស្ស​ប្រមាណ​ជា ១៤០​នាក់ ត្រូវ​ជាប់ឃុំ​ខ្លួន​មាន​ទាំង​អ្នកនយោបាយ និង​សកម្មជន​។ ប្រជាជន​តវ៉ា​នឹង​ការដណ្តើម​អំណាច​យោធា​ចំនួន ៤​នាក់​ផ្សេង​ក៏​ត្រូវបាន​ចាប់ខ្លួន​ដែរ ក្នុងនោះ​មនុស្ស ៣​នាក់ ជា​អ្នក​តវ៉ា​នៅក្នុង​ទីក្រុង Mandalay និង ១​នាក់​ទៀត ជា​អ្នក​គោះ​ឆ្នាំង និង​ខ្ទះ​នៅក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន​។ លើសពីនេះ មី​យ៉ាន់​ម៉ា បាន​ផ្អាក​បណ្តាញ​សង្គម Facebook បណ្តោះអាសន្ន ដែលមាន​ប្រជាជន​មី​យ៉ាន់​ម៉ា​ប្រមាណ ២២​លាន​នាក់ ប្រើប្រាស់​ថែមទៀត​៕ 

Tag:
 UNSC
  មី​យ៉ាន់​ម៉ា
 
© រក្សាសិទ្ធិដោយ thmeythmey.com