ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ស ខេង បញ្ជា​ឱ្យ​អភិបាលរាជធានី​-​ខេត្ត ពិនិត្យមើល​អាកប្បកិរិយា​ស្មៀនឃុំ​-​សង្កាត់ ជាបន្ទាន់​
05, Feb 2021 , 11:11 am        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង បញ្ជា​ឱ្យ​អភិបាល​រាជធានី​-​ខេត្ត ត្រួតពិនិត្យ​លើ​អាកប្បកិរិយា​ស្មៀនឃុំ​-​សង្កាត់​ជាបន្ទាន់ ចំពោះ​ការបំពេញភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។ សម្ដេច ស ខេង ចេញបញ្ជា​បែបនេះ នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ប្រចាំឆ្នាំ​២០២០ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២១ នា​រសៀល​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​


​សម្ដេច ស ខេង បានទទួល​ពាក្យបណ្ដឹង​ពី​ពលរដ្ឋ​ជា​បន្តបន្ទាប់ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការខ្លួន ជុំវិញ​ការបំពេញភារកិច្ច​រប​ស់​ស្មៀនឃុំ​-​សង្កាត់​។ ព័ត៌មាន​ដែល​សម្ដេច ស ខេង ទទួលបាន​នោះ គឺ​ស្មៀនឃុំ​-​សង្កាត់ មួយចំនួន មាន​ឫកពា​មិន​សមរម្យ ខណៈពេលដែល​ប្រជាពលរដ្ឋ​ទៅ​ទទួលយក​សេវាសាធារណៈ​នៅក្នុង​មូលដ្ឋាន​របស់​ពួកគេ​។​
 
«​សូម​ផ្ដាំ​ឲ្យ​មើល​ស្មៀន ផ្តាំ​ពី​ទីកន្លែង​នេះ​ទៅ ឯកឧត្តម លោកជំទាវ អភិបាល​រាជធានី​-​ខេត្ត ព្រោះ​ស្មៀន​ខ្លះ​គាត់​ឬ​ក​ធំ​សម្បើម​ណាស់​។ យន្ដការ​នៅ​ឃុំ​-​សង្កាត់ ហ្នឹង គឺមាន​សិទ្ធិ​រឹងមាំ​ដោយសារ​បោះឆ្នោត​តាម​គោលការណ៍​ប្រជាធិបតេយ្យ​។ អ៊ីចឹង​មាន​ក្រុមប្រឹក្សា មាន​មេឃុំ មាន​ជំទប់ ក្រៅពី​ហ្នឹង​មាន​គណៈកម្មាធិការ មន្ដ្រី​ផ្សេងៗ​ទៀត ហើយ​ស្មៀន​មិនមែនជា​មន្ដ្រី​នយោបាយ​ទេ​។ មន្ដ្រី​នយោបាយ គឺ​ក្រុមប្រឹក្សា បោះឆ្នោត​ដោយ​ប្រជាជន​ផ្ទាល់​»​។ នេះ​ជា​បញ្ជា​របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា យល់ឃើញថា ក្រៅពី​ពិនិត្យមើល​អត្តចរិត​ស្មៀន ក៏ត្រូវ​តាមដាន​លើ​សកម្មភាព​ពួកគេ​ផងដែរ​។ ត្រង់នេះ លោក សន ជ័យ ចង់​ពន្យល់ថា ស្មៀន​ខ្លះ មានអំណាច​ធំ​ជាង​មេឃុំ និង​ចៅសង្កាត់​ទៀត ។ បានន័យថា នៅពេល​មេឃុំ​ចុះហត្ថលេខា​លិខិតស្នាម​អ្វីមួយ​ហើយ បែរជា​ស្មៀន​មិន​ព្រម​បោះត្រា​លើ​លិខិតស្នាម​នោះ​ទៅវិញ​។ សម្រាប់​សកម្មភាព​បែប​នេះ ត្រូវបាន​លោក សន ជ័យ សង្កត់ធ្ងន់ថា ស្មៀន​ខ្លះ អាច​រកលុយ​តាមរយៈ​ការបោះ​ត្រា​លើ​លិខិតស្នាម​អ្វីមួយ ដែល​ពលរដ្ឋ​ស្នើសុំ ឬ​គម្រោង​វិនិយោគ​មូលដ្ឋាន​ទៀតផង​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុ​ជា​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖« នៅពេលដែល​ពលរដ្ឋ​មករក​សេវា​នៅ​កន្លែង​ឃុំ​-​សង្កាត់ ដែលជា​សេវា​ផ្ដល់​អំណាច ផ្ដល់​សិទ្ធិ​ដោយ​ក្រសួងមហាផ្ទៃ ជាពិសេស​ដូចជា​(​សេវា​)​អត្រានុកូលដ្ឋាន​អី​ជាដើម នៅជាប​ញ្ហា​នៅឡើយ​។ (​បញ្ហា​) រឿង​ថ្លៃ​សេវា​មួយចំនួន ដែល​មិន​តម្រូវឱ្យមាន​ការបង់ថ្លៃ តែ​យើង​នៅតែ​ឮថា​ពលរដ្ឋ​នៅតែ​មានការ​បង់លុយ​។ អ៊ីចឹង​សួរថា​តើ​ការ​បង់លុយ​នេះ វា​បណ្ដាលមកពី​អ្នកណា មកពី​ស្មៀន​(​ទារលុយ​) ឬ​បណ្ដាលមកពី​អី​? ហើយ​រឿង​ខ្លះទៀត ថា​តើ​ការបោះ​ត្រា​របស់​ស្មៀន​ហ្នឹង មាន​ឥទ្ធិពល ដែលនាំឱ្យ​ពលរដ្ឋ​គាត់​បង្ខំចិត្ត​បង់លុយ​កាក់​ដែរឬទេ​? »​។​
 
​ត្រង់ចំណុច​នេះ លោក សន ជ័យ ស្នើឱ្យ​ក្រសួងមហាផ្ទៃ​ពិនិត្យមើល​ឥទ្ធិពល​ស្មៀន លើ​ចំណុច​៣​យ៉ាង ទី​១ គឺ​ទំនាក់ទំនង​រវាង​ស្មៀន ជាមួយនឹង​មេឃុំ , ទី​២ ទំនាក់ទំនង​ស្មៀន​ជាមួយ​អ្នកម៉ៅការ ក្នុង​គម្រោង​អភិវឌ្ឍន៍​ភូមិ​ឃុំ និង​ទី​៣ ទំនាក់ទំនង​ស្មៀន​ជាមួយនឹង​ពលរដ្ឋ ដើម្បី​ចាត់វិធានការ​លុបបំបាត់​អំណាច​ស្មៀន ដែល​ធ្វើឱ្យប៉ះពាល់​ផលប្រយោជន៍​មូលដ្ឋាន​នេះ​។​
ស្មៀនឃុំ​-​សង្កាត់ គឺជា​មន្ដ្រី​មុខងារសាធារណៈ​ប៉ុណ្ណោះ ដូច្នេះ​ក្រសួងមហាផ្ទៃ ក៏មាន​សិទ្ធិ​ដក ឬ​ដាក់​មន្ដ្រី​ស្មៀន​ដែរ​។ ប៉ុន្ដែ​នៅ​ផ្នែក​ខ្លះ ក្រុមប្រឹក្សា ក៏​ជា​អ្នក​តែងតាំង​ស្មៀន ហើយ​ស្មៀន ត្រូវធ្វើ​ការងារ​ផ្ទាល់​ជាមួយ​ក្រុមប្រឹក្សា​។ ​នេះបើតាម​សម្ដេច ស ខេង។
 
​ដ្បិត​មាន​ស្មៀន​ខ្លះ មាន​អត្តចរិត​មិនល្អ​ក្តី ប៉ុន្តែ​ក៏មាន​ស្មៀន​នៅ​តំបន់​ផ្សេងទៀត ប្រកបការងារ​ដោយ​ក្រមសីលធម៌​បម្រើ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ដែរ​។ រដ្ឋមន្ត្រី​មហាផ្ទៃ ក៏​ឆ្លៀត​លើកទឹកចិត្ត​ចំពោះ​ស្មៀនឃុំ​-​សង្កាត់​ទាំងនោះ ឱ្យបន្ត​ខិតខំ​បំពេញការងារ​បម្រើ និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​តាម​មូលដ្ឋាន​ថែមទៀត​៕
 
 

Tag:
 ​ស ខេង​
  នយោបាយ​
© រក្សាសិទ្ធិដោយ thmeythmey.com