អន្តរជាតិ
ម្រាមដៃបី ក្លាយជានិមិត្តរូបប្រឆាំងរដ្ឋប្រហារនៅមីយ៉ាន់ម៉ា
05, Feb 2021 , 4:39 pm        
រូបភាព
លោក Paing Takhon តារាបង្ហាញម៉ូតមីយ៉ាន់ម៉ា(ខាងឆ្វេង) និងកញ្ញា Hanna Yuri តារាសម្តែងមីយ៉ាន់ម៉ា។ រូបភាព៖ Instagram
លោក Paing Takhon តារាបង្ហាញម៉ូតមីយ៉ាន់ម៉ា(ខាងឆ្វេង) និងកញ្ញា Hanna Yuri តារាសម្តែងមីយ៉ាន់ម៉ា។ រូបភាព៖ Instagram
ប្រជាជនមីយ៉ាន់ម៉ា ដែលភាគច្រើនជាក្រុមយុវជន បានបង្ហាញកាយវិការមិនពេញចិត្តលើរដ្ឋប្រហារយោធា កាន់តែច្រើនឡើង តាមរយៈបណ្តាញសង្គមនានាដូចជា Facebook, WhatsApp, និងInstagram ជាដើម។ ក្រុមយុវជនទាំងនោះ បានប្រើប្រាស់សញ្ញាម្រាមដៃបី ដើម្បីទាមទារលទ្ធិប្រជាធិបតេយ្យ និងរដ្ឋាភិបាលស៊ីវិលឱ្យត្រលប់មកកាន់តំណែងវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Myanmar Times នៅថ្ងៃទី៤ ខែកុម្ភៈ។ 

 
 
មិនមានការតវ៉ាទ្រង់ទ្រាយធំលើដងផ្លូវប្រឆាំងរដ្ឋប្រហាររបស់យោធាឡើយ។ ប៉ុន្តែប្រជាជនមីយ៉ាន់ម៉ាជាច្រើន រួមទាំងអ្នកនយោបាយមួយចំនួន បានថតបង្ហោះលើបណ្តាញសង្គមដូចជា Facebook និង Instagram ជាបន្តបន្ទាប់ ដោយមានភ្ជាប់ជាមួយរូបថតពួកគេលើកម្រាមដៃ៣ និងឃ្លា «យុត្តិធម៌សម្រាប់មីយ៉ាន់ម៉ា» ឬ «លទ្ធិប្រជាធិបតេយ្យ»។ 
 
ការលើកសញ្ញាលើកម្រាមដៃនេះ ធ្វើតាមពីរឿង The Hunger Game ដែលត្រូវបានចាក់បញ្ចាំងនៅក្នុងឆ្នាំ២០១២។ សញ្ញាម្រាមដៃ៣ ត្រូវបានប្រជាជនថៃ ជាពិសេសយុវជន យកមកធ្វើជាសញ្ញានៅក្នុងបាតុកម្មរបស់ខ្លួនប្រឆាំងរដ្ឋាភិបាលថៃ នៅក្នុងឆ្នាំ២០២០។ ពេលនេះ សញ្ញាលើកម្រាមដៃខាងលើ ត្រូវបានយុវជនមីយ៉ាន់ម៉ា យកមកប្រើយ៉ាងព្រោងព្រាត ដើម្បីប្រឆាំងនឹងក្រុមយោធាមីយ៉ាន់ម៉ា។ 
 
ក្រៅពីប្រជាជន និងក្រុមយុវជន អ្នកសិល្បៈមីយ៉ាន់ម៉ា ក៏បានបង្ហាញពីសញ្ញាម្រាមដៃបីនេះ ក្នុងគណនីបណ្តាញសង្គមរបស់ខ្លួនផងដែរ។ លោក Paing Takhon ដែលជាតារាបង្ហាញម៉ូតដ៏សង្ហា និងល្បីមួយរូបរបស់មីយ៉ាន់ម៉ា ក៏បង្ហោះរូបលើកដៃបីដៃលើបានសរសេរលើគណនីInstagram អមដោយសំណេរថា  «យើងជាពលរដ្ឋមីយ៉ាន់ម៉ា មិនយល់ស្របនឹងសកម្មភាពយោធាទេ»។ 
 
លោក Takhon បានស្នើឱ្យមេដឹកនាំពិភពលោក អន្តរាគមន៍ជួយមីយ៉ាន់ម៉ាលើបញ្ហាយោធា។ តារាបង្ហាញម៉ូតរូបនេះ ជាអ្នកគាំទ្របក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។ កញ្ញា Warso Moe Oo ដែលជាតារាសម្តែង និងអ្នកចម្រៀងផងនោះ សរសេរលើ Instagram របស់ខ្លួនថា ប្រជាជនមីយ៉ាន់ម៉ា ត្រូវការយុត្តិធម៌ ដោយមានភ្ជាប់ជាមួយរូបថតលើកម្រាមដៃ៣ ជាសញ្ញា។ ឯកញ្ញា Hanna Yuri ដែលជាតារាសម្តែងម្នាក់ បានបង្ហោះរូបជាច្រើន និងសរសេរថា មានតែរដ្ឋាភិបាល ដែលប្រជាជនបោះឆ្នោតឱ្យប៉ុណ្ណោះ ជារដ្ឋាភិបាលរបស់យើង។
 
ដ្បិតយោធាមីយ៉ាន់ម៉ា បានបិទបណ្តាញសង្គមដូចជា Facebook, Messenger, WhatsApp, និងInstagram ក៏ដោយ ប្រជាជនបានប្រើប្រាស់ប្រព័ន្ធ VPN ដើម្បីអាចប្រើប្រាស់បណ្តាញសង្គមទាំងនោះបាន។ បើតាមក្រសួងទូរគមនាគមន៍ និងព័ត៌មាន ការផ្អាកបណ្តាញសង្គមនេះ នឹងមានសុពលភាពរហូតដល់ថ្ងៃទី៧ ខែកុម្ភៈ ដោយសារហេតុផលរក្សាស្ថិរភាពនៅក្នុងសង្គម។ 
 
នៅក្នុងការចុះផ្សាយរបស់វេបសាយ Top10VPN ទិន្នន័យអ្នកប្រើប្រាស់ VPN នៅមីយ៉ាន់ម៉ា បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៦៧០០ភាគរយឯណោះ គិតត្រឹមថ្ងៃទី៤ ខែកុម្ភៈ។ VPN គឺជាប្រព័ន្ធមួយ ត្រូវបានប្រើប្រាស់ ដើម្បីបើកវេបសាយ ឬបណ្តាញសង្គម ដែលត្រូវបានហាមឃាត់។ 
 
បន្ទាប់ពីមានការកើនឡើងនៃការប្រើប្រាស់ដូចខាងលើ ក្រុមយោធា បានចេញបញ្ជាហាមប្រើប្រាស់ VPN ថែមទៀត។ យ៉ាងណាមិញ ក្រុមប្រជាជនប្តូរទៅប្រើប្រាស់ Proxy Links វិញ ដែលមានមុខងារស្រដៀងនឹងVPN ដែរ ដើម្បីអាចប្រើប្រាស់បណ្តាញសង្គមបាន ឬប្រើប្រាស់វេបសាយផ្សេងៗ។ ប្រជាជនមីយ៉ាន់ម៉ាប្រមាណជាង ២០លាននាក់ បានប្រើប្រាស់បណ្តាញសង្គម Facebook និងបណ្តាញសង្គមផ្សេងៗ។
 
សូមបញ្ជាក់ថា កន្លងមកប្រជាជនមីយ៉ាន់ម៉ា បានគោះចាន និងឆ្នាំងជនៅក្នុងទីក្រុងយ៉ាំងហ្គោន ចំណែកទីក្រុងMandalay មានប្រជាជនប្រមាណ ២០នាក់ បានចុះតវ៉ាតាមដងផ្លូវ។ មនុស្សចំនួន ៤នាក់ ត្រូវបានចាប់ខ្លួន ដោយសារការតវ៉ានេះ៕  
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com