ជាតិ
សង្គមជាតិ
ទន្លេស្រែពកជាដែនជម្រកដ៏សំខាន់សម្រាប់ធនធានសម្បូរបែប និងកម្រនៅកម្ពុជា
06, Feb 2021 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
ដោយ៖ ប៉ូ សុភា

ដងទន្លេស្រែពកជាប្រភពទឹកដ៏សំខាន់ នៅក្នុងដែនអភិរក្សសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។ ទន្លេនេះអាចជាជម្រករបស់ត្រីគ្រប់រដូវ ក្នុងនោះបូករួមទាំងប្រភេទត្រីជិតផុតពូជក្នុងប្រទេសកម្ពុជា និងសត្វក្រពើភ្នំ ដែលជាប្រភេទសត្វកម្រ នៅក្នុងពិភពលោក។


ទន្លេស្រែពកមានប្រភពមកពីតំបន់ភ្នំកណ្ដាល នៃប្រទេសវៀតណាម នឹងហូរកាត់ខេត្តមណ្ឌលគិរី រតនគិរី  រួចបន្តហូរចូលទៅក្នុងទន្លេសេសានក្នុងខេត្តស្ទឹងត្រែង។ ទន្លេស្រែពកជាទន្លេដែលត្រូវបានគេចាត់ទុកថា ជាជម្រកត្រី។ ជាពិសេសជាតំបន់ដែលមានសល់ប្រភេទត្រីកម្រដែលជិតដាច់ពូជនៅកម្ពុជា។
ចំពោះស្ថានភាពទន្លេស្រែពកភាគច្រើន សំបូរទៅដោយថ្ម នឹងអន្លង់ជ្រៅច្រើន  ដែលអាចជាជម្រកដ៏សំខាន់ក្នុងរដូវប្រាំងសម្រាប់ត្រី ។

សូមទស្សនាទេសភាពពេលព្រឹកតាមដងទន្លេស្រែកពក ជាប្រភពទឹកដ៏សំខាន់របស់សត្វព្រៃ និងជាជម្រកសត្វជិតផុតពូជនៅក្នុងប្រទេសកម្ពុជា ថតដោយក្រុមអ្នកសារព័ត៌មានថ្មីៗដូចតទៅ៖

ក្រុមការងារក្រសួងបរិស្ថាន សហការជាមួយអង្គការអង្គការWWF បាននាំអ្នកសារព័ត៌មានជាង១០នាក់ចុះទស្សនាធនធានធម្មជាតិនៅតាមដងទន្លេស្រែពក កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ កន្លងទៅ ដើម្បីស្វែងយល់ពីតំបន់ធម្មជាតិដែលសម្បូរដោយជីវចម្រុះ ទេសភាពតាមដងទន្លេ រួមទាំងបញ្ហាគំរាមកំហែងដល់ជីវិតសត្វជាដើម។
ថ្លែងប្រាប់អ្នកក្រុមអ្នកសារព័ត៌មាន ក្នុងដំណើរទស្សនៈកិច្ចតាមដងទន្លេស្រែពក អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានបញ្ជាក់ដូច្នេះថា ទន្លេស្រែពកសម្បូរត្រី និងជាប្រភពទឹកដ៏សំខាន់សម្រាប់សត្វព្រៃនៅក្នុងតំបន់។

 « ក្រៅពីជាប្រភពទឹកសម្រាប់សត្វគ្រប់ប្រភេទក្នុងតំបន់ការពារ ទន្លេនេះជាជម្រកដ៏សំខាន់របស់ត្រីច្រើនប្រភេទ។ ជាពិសេសត្រីកម្រដែលស្ទើរដាច់ពូជ ដូចជា ត្រីរាជ ត្រីគល់រាំង ត្រីក្អែក ត្រីត្រសក់ និងសត្វក្រពើភ្នំ-ល-»។ សម្តីរបស់លោក នេត្រ ភក្ត្រា ។

ក្រុមអ្នកស្រាវជ្រាវ អ្នកអភិរក្ស និងឧទ្យានុរក្ស បានចូលរួមយ៉ាងសកម្មក្នុងការការពារធនធានធម្មជាតិក្នុងតំបន់ដែលជាដែនជម្រកសត្វព្រៃ ដើម្បីធ្វើយ៉ាងណាជួយថែរក្សានិងការពារជីវៈចម្រុះ ធនធានធម្មជាតិ និងសត្វព្រៃនៅក្នុងប្រទេសកម្ពុជា។
ក្នុងដំណើរទស្សនៈកិច្ចនោះ អ្នកជំនាញស្រាវជ្រាវជីវៈចម្រុះរបស់អង្គការWWFបានបង្ហាញថា ទន្លេស្រែពកជាជម្រកមួយ ក្នុងចំណោមជម្រកពីទៀតរបស់សត្វក្រពើភ្នំ នៅក្នុងប្រទេសកម្ពុជា។

« តាមការស្រាវជ្រាវក្នុងឆ្នាំ២០១៩ វត្តមានសត្វក្រពើភ្នំប្រមាណពី២០០ទៅ៣០០រយក្បាលនៅសេសសល់នៅលើទីដីប្រទេសកម្ពុជា និងត្រូវបានគេប្រទះឃើញនៅតំបន់ចំនួនបីគឺ នៅតាមជួរភ្នំក្រវាញ តំបន់អារ៉ែង និងនៅដែនជម្រកសត្វព្រៃស្រែពក ។ វត្តមានក្រពើភ្នំទាំងនេះត្រូវ បានកំណត់តាមរយៈស្នាមដានជើង  សំណល់លាមក ដែលបានបន្សល់នៅក្នុងតំបន់ដែលស្ថិតក្រោមការស្រាវជ្រាវរបស់ក្រុមអ្នកជំនាញ»។ សម្តីរបស់ កញ្ញា Milou Groenenberg ប្រធានផ្នែកតាមដាន និងស្រាវជ្រាវជីវៈចម្រុះនៃអង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់ WWF៕




 



Tag:
 សត្វព្រៃ
  ត្រី
 ផុតពូជ
  ក្រពើភ្នំ
  ទន្លេស្រែពក
© រក្សាសិទ្ធិដោយ thmeythmey.com