អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់តវ៉ាប្រឆាំងរដ្ឋប្រហារ ខណៈយោធាបន្តបិទបណ្តាញសង្គម
06, Feb 2021 , 3:22 pm        
រូបភាព
ពលរដ្ឋមីយ៉ាន់ម៉ាតវ៉ានៅក្រុងរ៉ង់ហ្គូន។ រូបភាព៖ AFP
ពលរដ្ឋមីយ៉ាន់ម៉ាតវ៉ានៅក្រុងរ៉ង់ហ្គូន។ រូបភាព៖ AFP
 
ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់នៅទីក្រុងយ៉ាំងហ្គោន បានធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋប្រហាររបស់ក្រុមយោធា និងទាមទារឲ្យដោះលែងលោកស្រី អ៊ុងសាន ស៊ូជី។ ពលរដ្ឋមីយ៉ាន់ម៉ាចាប់ផ្តើមប្រឆាំងទៅនឹងការគ្រប់គ្រងប្រទេសដោយយោធា ដោយមន្ត្រីមួយចំនួនមិនទៅធ្វើការ ខណៈក្រុមយោធាតម្រូវឲ្យក្រុមហ៊ុនទូរសព្ទ និងក្រុមហ៊ុនផ្គត់ផ្គង់អ៊ីនធឺណិតបិទមិនឱ្យប្រើប្រាស់បណ្តាញសង្គមដូចជាFacebook Twitter និងInstagram ជាដើម។

ពីការតវ៉ាប្រឆាំងលើបណ្តាញសង្គម រហូតដល់ពហិការមិនទៅធ្វើការ ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ បានធ្វើបាតុកម្មប្រឆាំងនឹងការដណ្តើមអំណាចគ្រប់គ្រងប្រទេសដោយក្រុមយោធា។ អ្នករស់នៅទីក្រុងរ៉ង់ហ្គូនបាននាំគ្នាដើរជាហ្វូង ដោយពាក់អាវបក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ពណ៌ក្រហម និងដង្ហែរទង់បក្សនេះផងដែរ។

«យោធាផ្តាច់ការបរាជ័យ ប្រជាធិបតេយ្យឈ្នះ»។ នេះជាសម្រែករបស់ពលរដ្ឋមីយ៉ានម៉ារាប់ពាន់នាក់នៅថ្ងៃទី៦ កុម្ភៈ។ បន្ថែមពីនេះ ក៏មានផងដែរបដារមួយចំនួនដែលសសេរប្រឆាំងក្រុមយោធាផ្តាច់ការ។ ចំណែកនៅបរទេសវិញ សហគមន៍មីយ៉ាន់ម៉ានៅអូស្រ្តាលី និងតៃវ៉ាន់ ក៏ធ្វើបាតុកម្មផងដែរ។ នេះយោងតាមទីភ្នាក់ងារព័ត៌មាន Reuters។

ការប្រឆាំងអហិង្សារបស់ពលរដ្ឋមីយ៉ាន់ម៉ា ចាប់ផ្តើមចេញរូបរាងនៅចុងសប្តាហ៍នេះ។ បន្ទាប់ពីគ្រូបង្រៀន ពេលនេះគ្រូពេទ្យពហិការមិនទៅធ្វើការ ចំណែកពលរដ្ឋសមញ្ញគោះឆ្នាំង និងខ្ទះរៀងរាល់យប់ដើម្បីបញ្ចេញកំហឹង។ បន្ថែមពីចំនួនមនុស្ស១៥០នាក់ដែលត្រូវយោធាចាប់ខ្លួនក្រោយរដ្ឋប្រហារ សារព័ត៌មានក្នុងស្រុកចុះផ្សាយថាមនុស្ស៣០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួនដោយសារតែការតវ៉ាទាំងនេះ។

ចំពោះការចាប់ខ្លួនថ្នាក់ដឹកនាំស៊ីវិលនេះផងដែរ លោកមេធាវី Khin Maung Zaw អះអាងថាលោកស្រីអ៊ុងសាន ស៊ូជី និងលោកប្រធានាធិបតីWin Myintកំពុងជាប់ឃុំក្នុងផ្ទះ ហើយលោកមិនអាចជួបកូនក្តីទាំងពីរនៅឡើយទេ។ លោកបន្ថែមថាកូនក្តីរបស់លោកកំពុងត្រូវបានសួរចម្លើយដោយអាជ្ញាធរ។ មេធាវីជើងចាស់រូបនេះ ទាមទារឲ្យដោះលែងកូនក្តីរបស់លោកដោយគ្មានលក្ខខណ្ឌ ដោយសារតែមេដឹកនាំស៊ីវិលទាំងពីរពុំបានល្មើសច្បាប់អ្វីឡើយ។ លោកស្រីអង់សាន ស៊ូជី ត្រូវបានយោធាអះអាងថាល្មើសច្បាប់ដោយប្រើប្រាស់វិទ្យុទាក់ទងដោយគ្មានអាជ្ញាបណ្ណ។

ចំពោះរឿងនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្ល៊ីខិន ជំរុញឲ្យលោក Yang Jiechi នាយកការិយាល័យគណៈកម្មការកិច្ចការបរទេសមជ្ឈិមបក្សកុម្មុយនីស្តចិន ថ្កោលទោសរដ្ឋប្រហារនេះ ក្នុងកិច្ចសន្ទនាតាមទូរសព្ទនៅថ្ងៃទី៥ ខែកុម្ភៈ។ ចិន ជាសមាជិកក្រុមប្រឹក្សាសន្តិសុខ ពុំបានវ៉េតូសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខឡើយ តែពុំបានថ្កោលទោសរដ្ឋប្រហារទេ ដោយចាត់ទុកជាការរុះរើគណៈរដ្ឋមន្ត្រីទៅវិញ។

ក្នុងន័យបំបិទសំឡេងអ្នកប្រឆាំង យោធាមីយ៉ាន់ម៉ាបានបញ្ជាឲ្យក្រុមហ៊ុនផ្គត់ផ្គងអ៊ីនធើណែតបិទមិនឲ្យចូលប្រើប្រាស់បណ្តាញសង្គមFacebook។ នៅថ្ងៃទី៦ កុម្ភៈ អាជ្ញាធរបញ្ជាថែមទៀតឲ្យបិទបណ្តាញសង្គមTwitter និងInstagram។ នេះយោងតាមក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទTelenor Asa។ ក្រុមហ៊ុនTelenor Asa អះអាងថាខ្លួនត្រូវតែគោរពបញ្ជា តែសង្កត់ធ្ងន់ថាបញ្ជារបស់យោធាបំពានច្បាប់សិទ្ធិមនុស្សអន្តរជាតិ។

ដើម្បីអាចប្រើប្រាស់បណ្តាញសង្គមទាំងនោះបានពលរដ្ឋមីយ៉ាន់ម៉ា បាននាំគ្នាប្រើប្រាស់កម្មវិធីVPNដើម្បីប្តូរទីតាំងក្នុងការប្រើប្រាស់អ៊ីនធើណែតក្រៅពីប្រទេសមីយ៉ានម៉ា។ ទោះជាយ៉ាណាក្តី សេវាទូរសព្ទមានសភាពរអាក់រអួល ដែលធ្វើឲ្យពលរដ្ឋចំនួន៥៣លាននាក់ពុំអាចទទួល ឬបញ្ជូនព័ត៌មានអ្វីបានឡើយ៕
អត្ថបទទាក់ទង
:


Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com