អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រុស្ស៊ីបណ្តេញមន្ត្រីទូតអឺរ៉ុប ក្រោយចូលរួមបាតុកម្មប្រឆាំងរដ្ឋាភិបាល
06, Feb 2021 , 9:59 pm        
រូបភាព
លោកJosep Borrell ប្រមុខការបរទេសសហភាពអឺរ៉ុប។ រូបភាព៖ AFP
លោកJosep Borrell ប្រមុខការបរទេសសហភាពអឺរ៉ុប។ រូបភាព៖ AFP
 
ក្រសួងការបរទេសរុស្ស៊ី បានបណ្តេញមន្ត្រីការទូតអឺរ៉ុបបីរូបមកពីអាល្លឺម៉ង់ ប៉ូឡូញ និងស៊ុយអែត ក្រោមហេតុផលថាមន្ត្រីទាំងនោះចូលរួមក្នុងបាតុកម្មខុសច្បាប់ដែលរៀបចំដោយអ្នកប្រឆាំងរដ្ឋាភិបាលរុស្ស៊ី និងជាអ្នកគាំទ្រមេដឹកនាំប្រឆាំងលោកAlexei Navalny។ ការបណ្តេញមន្ត្រីការទូតនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយប្រមុខការទូតសហភាពអឺរ៉ុប អំពាវនាវឲ្យអាជ្ញាធររុស្ស៊ីដោះលែងលោកNavalny។


ការបណ្តេញអ្នកការទូតនេះ ត្រូវបានមើលឃើញថានឹងប៉ះពាល់ដល់កិច្ចខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ក្នុងការព្យាយាមស្តារទំនាក់ទំនងជាមួយរុស្ស៊ីឡើងវិញ។ លោក Josep Borrell ប្រមុខគោលនយោបាយកិច្ចការបរទេសសហភាពអឺរ៉ុបបានជួបសមភាគីរុស្ស៊ីនៅថ្ងៃទី៥ កុម្ភៈដើម្បីជជែកពីការដោះលែងលោកNavalny។

ចំពោះការបណ្តេញអ្នកការទូតនេះ លោកស្រីអធិការបតីអាល្លឺម៉ង់អេនជឺឡា មឺគែល ចាត់ទុកជារឿងគ្មានហេតុផល និងការឃ្លាតឆ្ងាយខ្លាំងពីនីតិរដ្ឋនៅរុស្ស៊ី។ ចំណែកប៉ូឡូញវិញ បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីមកសួរនាំ។ ក្រសួងការបរទេសរុស្ស៊ី ប្រកាសបណ្តេញមន្ត្រីការទូតសហភាពអឺរ៉ុប ប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយលោកBorell អំពាវនាវឲ្យដោះលែងលោកNavalny ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីSergei Lavrov។

លោកNavalny ដែលជាអ្នករិះគន់លោកប្រធានាធិបតីរុស្ស៊ីវ្ល៉ាឌីមៀពូទីន និងអំពើពុករលួយនៅរុស្ស៊ីត្រូវតុលាការកាត់ទោសឲ្យជាក់ពន្ធាគារ៣ឆ្នាំកន្លះ ចំពោះការបំពានលក្ខខណ្ឌនៃការព្យួរទោស។

ចំពោះការបណ្តេញអ្នកការទូតអឺរ៉ុបបីរូបនេះ រុស្ស៊ីអះអាងថាមន្ត្រីទូតទាំងនោះបានចូលរួមក្នុងបាតុកម្មខុសច្បាប់កាលពីចុងខែមករា ដែលធ្វើឡើងក្នុងន័យប្រឆាំងការឃុំខ្លួនលោកNavalny។ ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេសរុស្ស៊ី ចាត់ទុកសកម្មភាពទាំងនោះមិនអាចទទួលយកបាន។ នេះយោងតាមទីភ្នាក់ងារព័ត៌មានReuters។

«ខ្ញុំបានប្រាប់ រដ្ឋមន្ត្រីLavrov ពីក្តីបារម្ភ និងអំពាវនាវឲ្យដោះលែងលោកNavalny និងស៊ើបអង្កេតលើករណីបំពុលលើរូបគាត់»។ នេះជាលើកឡើងរបស់លោកBorrell ក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី។ ប្រមុខការទូតអឺរ៉ុប រូបនេះនិយាយថាទំនាក់ទំនងអឺរ៉ុប និងរុស្ស៊ី នៅរយៈពេលប៉ុន្មានឆ្នាំនេះត្រូវបានកត់សម្គាល់ដោយភាពខុសគ្នាជាច្រើន និងកង្វះទំនុកចិត្ត។

ភ្លាមៗនោះ ប្រមុខការទូតរុស្ស៊ីអះអាងថាសហភាពអឺរ៉ុបគឺជាដៃគូរដែលមិនអាចទុកចិត្តបាន និងថាការដាក់ទណ្ឌកម្មលើរុស្ស៊ីអាស្រ័យទៅលើសហភាពអឺរ៉ុប និងថាអឺរ៉ុបកាន់តែដូចអាមេរិកចំពោះការដាក់ទណ្ឌកម្មឯកតោភាគី។ លោកBorrell និយាយថាការបំពុលអ្នកនយោបាយប្រឆាំងលោកNavaly នាំឲ្យទំនាក់ទំនងទ្វេភាគីធ្លាក់ដល់កម្រិតទាបមួយមិនធ្លាប់មាន។ ក្នុងនាមជាប្រមុខការបរទេសសហភាពអឺរ៉ុប លោកBorrell ពុំទាន់បានធ្វើសំណើរជាផ្លូវការដើម្បីដាក់ទណ្ឌកម្មរុស្ស៊ីនៅឡើយទេ ប៉ុន្តែសមាជិកទាំង២៧នៃស្ថាប័នមួយនេះ នឹងពិភាក្សាគ្នានៅខែក្រោយស្តីពីទំនាក់ទំនងជាមួយរុស្ស៊ី។

ទំនាក់ទំនងរវាងសហភាពអឺរ៉ុប និងរុស្ស៊ី កាន់តែដុនដាបខ្លាំងបន្ទាប់ពីរុស្ស៊ី បានផ្តាច់យកទឹកដីគ្រីមេពីអ៊ុយក្រែននៅឆ្នាំ២០១៤។ បើទោះបីជាមើលមុខគ្នាមិនចំមែន អឺរ៉ុបពឹងពាក់ខ្លាំងលើវិស័យប្រេង និងឧស្ម័នពីរុស្ស៊ីក្នុងការប្រើប្រាស់ ជាពិសេសក្នុងរដូវត្រជាក់៕
អត្ថបទទាក់ទង







Tag:
 រុស្ស៊ី
  អាល្លឺម៉ង់
  ប៉ូឡូញ
  ស៊ុយអែត
  EU
© រក្សាសិទ្ធិដោយ thmeythmey.com