ជាតិ
សង្គមជាតិ
លោកស្រី ឱ វណ្ណឌីន ពន្យល់ពីលក្ខណៈមនុស្ស ដែលអាចចាក់វ៉ាក់សាំងកូវីដ-១៩របស់ចិន
06, Feb 2021 , 4:36 pm        
រូបភាព
លោកស្រី ឱ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន​ អ្នកនាំពាក្យក្រសួងសុខាភិបាល
ដោយ:
 
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានពន្យល់ថា ថ្នាំវ៉ាក់សាំងកូវីដ-១៩ប្រភេទSinopharmគឺមិនមែនសុទ្ធតែអាចចាក់បានលើមនុស្សទាំងអស់នោះទេ។ លោកស្រីបញ្ជាក់ថា វ៉ាក់សាំងនោះអាចចាក់បានតែមនុស្សមានវ័យ១៨ឆ្នាំដល់៥៩ឆ្នាំ។ សម្រាប់អ្នកដែលមានសុខភាពខ្សោយ ឬអ្នកមានជំងឺផ្សេងៗ មិនអាចចាក់វ៉ាក់សាំងកូវីដ-១៩បានឡើយ។


លោកស្រី ឱ វណ្ណឌីន បានពន្យល់ថា អ្នកដែលមានជំងឺផ្សេងៗប្រចាំកាយ មិនអាចទទួលវ៉ាក់សាំងកូវីដ-១៩នេះបានទេ។ ប្រភេទជំងឺនោះរួមមាន អ្នកមានបញ្ហាអាឡែហ្ស៊ីផ្សេងៗ ,អ្នកដែលមានបញ្ហាដង្ហើម, រលាកសរសៃឈាម អ្នកចេញកន្ទាលត្រអាក, អ្នកជំងឺរុំាំរ៉ៃ ,អ្នកជំងឺឆ្កួតជ្រូក ,ជំងឺរលាកស្រោមខួរ ,ជំងឺសរសៃប្រសាទ, ជំងឺតំណពូជ ,អ្នកមានសុខភាពខ្សោយ ,អ្នកកើតជំងឺអេដស៍ ,អ្នកមហារីកកូនកណ្តុរ ,អ្នកជំងឺឈាមស, អ្នកជំងឺបេះដូងសរសៃឈាមធ្ងន់ធ្ងរ ,ជំងឺថ្លើម ,ជំងឺតម្រងនោម និងជំងឺដុះដុំសាច់ធ្ងន់ធ្ងរ។ ជាពិសេសអ្នកដែលមានប្រវត្តិប្រតិកម្មក្រោយពីបានចាក់វ៉ាក់សាំងផ្សេងៗ។

អ្នកនាំពាក្យ និងរដ្ឋលេខាធិការនៃក្រសួងសុខាភិបាលបានបញ្ជាក់ថា សម្រាប់អ្នកមានផ្ទៃពោះ និងស្ត្រីកំពុងបំបៅកូន ,អ្នកដែលកំពុងព្យាបាលជំងឺមហារីក និងអ្នកដែលធ្លាប់កើតជំងឺកូវីដ-១៩កន្លងមក ក៏មិនអាចចាក់វ៉ាក់សាំងកូវីដ-១៩ផងដែរ។

លោកស្រី ឱ វណ្ណឌីន ពន្យល់ដូច្នេះថា៖«អ្នកដែលធ្លាប់កើតជំងឺកូវីដ-១៩ គេមិនឲ្យចាក់នោះទេ ពីព្រោះពេលដែលគាត់កើតហើយ គាត់មានភាពសុំាំក្នុងខ្លួនគាត់ហើយ។ អ៊ីចឹងអត់ចាំបាច់ឲ្យគាត់ទៅចាក់នោះទេ»។

កាលពីថ្ងៃទី៥ ខែកុម្ភៈ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសលែងចាក់វ៉ាក់សាំងរបស់ចិនប្រភេទSinopharm ក្រោមហេតុផលថា សម្តេចគឺលើសអាយុ ចាក់វ៉ាក់សាំង។ ចិននឹងផ្ដល់វ៉ាក់សាំង៣០ម៉ឺនដូស មកដល់កម្ពុជា នាថ្ងៃទី៧ ខែកុម្ភៈ។

អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថា ក្រោយពីវ៉ាក់សាំងនោះមកដល់កម្ពុជា ក្រសួងសុខាភិបាលនឹងបង្កើតប្រព័ន្ធអ្នកចុះឈ្មោះចាក់វ៉ាក់សាំងដែលឈរលើគោលការណ៍ស្ម័គ្រចិត្ត។ លោកស្រីបានថ្លែងដូច្នេះថា៖«រដ្ឋមន្ត្រីក្រសួងសុខាភិបាលនឹងប្រកាសជាផ្លូវការនូវប្រព័ន្ធចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដើម្បីឲ្យអ្នកមានបំណងចង់ចាក់ អាចចុះឈ្មោះបាន»។

មកដល់ពេលនេះ កម្ពុជាមានកូវីដ-១៩ ចំនួន៤៧២ករណី ដោយ៤៥៣ករណីសះស្បើយ។ ក្នុងចំណោមពលករមកពីថៃ មាន៨៧នាក់វិជ្ជមាន ហើយ៨០នាក់បានជាសះស្បើយ៕




Tag:
 វ៉ាក់សាំង
  ជំងឺ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com