ជាតិ
សង្គមជាតិ
២នាក់ទៀតមកពីប្រទេសអាមេរិក និងកូរ៉េមានកូវីដ-១៩ ខណៈពលករមកពីថៃម្នាក់ជាសះស្បើយ
07, Feb 2021 , 10:06 am        
រូបភាព
រូបភាពពីមន្ទីរសុខាភិបាលខេត្តបាត់ដំបង
រូបភាពពីមន្ទីរសុខាភិបាលខេត្តបាត់ដំបង
ដោយ:
 
ភ្នំពេញ៖ ក្រសួងសុខាភិបាលនាថ្ងៃទី៧ ខែកុម្ភៈ បានប្រកាសរកឃើញមនុស្ស២នាក់ទៀតឆ្លងកូវីដ-១៩។ ពួកគេម្នាក់ជាធ្វើដំណើរមកពីប្រទេសអាមេរិក និងម្នាក់ទៀតមកពីប្រទេសកូរ៉េ។ ទន្ទឹមនេះអ្នកជំងឺដែលជាពលករមកពីថៃម្នាក់បានជាសះស្បើយពីជំងឺកូវីដ-១៩។


ក្រសួងសុខាភិបាលបានបញ្ជាក់ថា មនុស្ស២នាក់ដែលឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃនេះ ជាស្ត្រីជនជាតិខ្មែរ អាយុ៧៨ឆ្នាំ មានអាស័យដ្ឋាននៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញបានធ្វើដំណើរពីប្រទេសអាមេរិក ហើយចូលមកកម្ពុជានៅថ្ងៃទី២៤ ខែមករា។ ចំណែកអ្នកជំងឺម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរអាយុ៤៣ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក បានធ្វើដំណើរមកពីប្រទេសកូរ៉េហើយចូលមកកម្ពុជានៅថ្ងៃទី២៤ ខែមករា។

បច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់នោះ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលកំចាត់រោគរបេង និងហង់សិន និងមជ្ឈមណ្ឌលសុខភាពចាក់អង្រែ។ ចំពោះអ្នករួមដំណើរជាមួយនឹងអ្នកជំងឺទាំងពីរនាក់នេះសរុបចំនួន២០៥នាក់ បានធ្វើតេស្ត ឃើញថាអវិជ្ជមានទាំងអស់ ប៉ុន្តែពួកគេត្រូវបន្តធ្វើចត្តាឡីស័កតាមសណ្ឋាគារឲ្យគ្រប់១៤ថ្ងៃសិន។

ចំពោះអ្នកជាសះស្បើយនៅថ្ងៃនេះ ជាស្ត្រីជនជាតិខ្មែរអាយុ៣៦ឆ្នាំ ស្នាក់នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថ្ងៃ ហើយចូលមកម្ពុជានៅថ្ងៃទី០៦ ខែមករា។ បច្ចុប្បន្នស្រ្តីរូបនេះត្រូវបានពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យហើយ។  

មកដល់ពេលនេះ កម្ពុជាមានកូវីដ-១៩ ចំនួន៤៧៤ករណី ដោយ៤៥៤ករណីសះស្បើយ។ ក្នុងចំណោមពលករមកពីថៃ មាន៨៧នាក់វិជ្ជមាន ហើយ៨១នាក់បានជាសះស្បើយ៕


Tag:
 ជំងឺ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com