អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីរ៉ង់ទាមទារឱ្យអាមេរិកចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែរត្រឹមថ្ងៃទី២១ កុម្ភៈ
07, Feb 2021 , 10:58 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកMohammad Javad Zarif។ រូបភាព៖ AFP
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកMohammad Javad Zarif។ រូបភាព៖ AFP
 
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ទាមទារឱ្យអាមេរិកត្រឡប់ចូលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ឱ្យលឿនតាមតែអាចធ្វើបាន ដោយអះអាងថាច្បាប់ដែលអនុម័តដោយសភា នឹងតម្រូវឲ្យរដ្ឋាភិបាលអ៊ីរ៉ង់បង្កើនសកម្មភាពចម្រាញ់នុយក្លេអ៊ែរបន្ថែមទៀត។ រដ្ឋសភាអ៊ីរ៉ង់ បានអនុម័តច្បាប់ឲ្យរដ្ឋាភិបាលបង្កើនសកម្មភាពនុយក្លេអ៊ែរ បើអាមេរិកមិនដកទណ្ឌកម្មសេដ្ឋកិច្ចត្រឹមថ្ងៃទី២១ កុម្ភៈ។


រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់Mohammad Javad Zarif និយាយថាច្បាប់ដែលអនុម័តដោយសភា និងបរិយាកាសមុនការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់នៅខែមីនាខាងមុខ នឹងប៉ះពាល់កាន់តែខ្លាំងថែមទៀតដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ ច្បាប់ខាងលើ ក៏តម្រូវឱ្យអ៊ីរ៉ង់បណ្តេញមន្ត្រីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) មិនឱ្យត្រួតពិនិត្យស្ថានីយនុយក្លេអ៊ែររបស់ខ្លួនផងដែរ។

«ពេលវេលាសម្រាប់អាមេរិកកាន់តែខើច ដោយសារតែច្បាប់ និងការបោះឆ្នោតនាពេលខាងមុខ»។ នេះជាការលើកឡើងរបស់លោកJavad Zarif ក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតHamshahri ដែលចុះផ្សាយនៅថ្ងៃទី៦ កុម្ភៈ។ សភាអ៊ីរ៉ង់ ដែលកាន់កាប់ដោយអ្នកមានជំហរតឹងតែងប្រឆាំងអាមេរិក អនុម័តច្បាប់កាលពីខែធ្នូ ឆ្នាំ២០២០ តម្រូវឱ្យអ៊ីរ៉ង់លែងគោរពកាតព្វកិច្ចនៃកិច្ចព្រមព្រៀងបន្តិចម្តងៗ ចាប់ពីថ្ងៃទី២១ កុម្ភៈទៅ។

រដ្ឋបាលលោកប្រធានាធិបតីចូ បៃឌិន អះអាងថានឹងស្វែងរកវិធីក្នុងការស្រោចស្រង់កិច្ចព្រមព្រៀងដែលចុះហត្ថលេខាជាមួយអ៊ីរ៉ង់ រុស្ស៊ី ចិន បារាំង អាល្លឺម៉ង និងអង់គ្លេស។ អតីតប្រធានាធិបតីដូណាល់ ត្រាំ ដកអាមេរិកចេញពីកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ២០១៨។ ជាការឆ្លើយតប អ៊ីរ៉ង់ចាប់ផ្តើមចម្រាញ់សារធាតុនុយក្លេអ៊ែរ(អ៊ុយរ៉ាញ៉ូម)ដល់កម្រិត២០ភាគរយ កម្រិតមួយដែលអ៊ីរ៉ង់ធ្វើមុនមានកិច្ចព្រមព្រៀង។

លោកបៃឌិន ធ្លាប់អះអាងថាអ៊ីរ៉ង់ត្រូវបំពេញកាតព្វកិច្ចជាមុនសិន ទើបអាមេរិកអនុវត្តតាមដែរ។ អាមេរិកក៏មានបំណងចង់ពង្រីកកិច្ចព្រមព្រៀងបន្ថែមទៀត ដោយក្តោបទៅលើសកម្មភាពមីស៊ីលផ្លោងរបស់អ៊ីរ៉ង់។ ចំពោះបញ្ហានេះអ៊ីរ៉ង់សង្កត់ធ្ងន់ថា អាមេរិកត្រូវគោរពកិច្ចព្រមព្រៀងជាមុន និងបដិសេធការចចារបន្ថែមទៀត។
យ៉ាងណាក្តីលោកJavad Zarif និយាយនៅថ្ងៃទី១ កុម្ភៈថាអឺរ៉ុបដែលមានបារាំង អង់គ្លេស និងអាល្លឺម៉ង់អាចជួយសម្រួលរៀបចំពេលវេលាសម្រាប់អាមេរិក និងអ៊ីរ៉ង់ក្នុងការគោរពកាតព្វកិច្ចរៀងខ្លួនៗបន្តិចម្តងៗ។

ក្រៅពីរឿងនុយក្លេអ៊ែរ អ៊ីរ៉ង់ក៏និយាយផងដែរពីសង្គ្រាមស៊ីវិលនៅយេម៉ែន។ អ៊ីរ៉ង់ស្វាគមន៍ជំហររបស់អាមេរិកក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅទីនោះ ដោយលែងគាំទ្រសម្ពន្ធយោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីត។ លោកថាការឈប់ លូកដៃក្នុងសង្គ្រាមយេម៉ែនគឺជាការចាប់ផ្តើមកែប្រែកំហុស ប៉ុន្តែមានរឿងជាច្រើនទៀតដែលត្រូវធ្វើ។
ប្រមុខការបរទេសអ៊ីរ៉ង់ ថាការបិទខ្ទប់ផ្លូវអាកាស ផ្លូវគោក និងទឹក ត្រូវតែបញ្ចប់។ ការរាំងខ្ទប់ទាំងនេះ បានធ្វើឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ដោយគ្មានអាហារ និងឱសថ។
ដើម្បីដោះស្រាយបញ្ហានេះដែរ អាមេរិកបានតែងតាំងលោក Timothy Lenderking អ្នកការទូតជើងចាស់ ជាប្រេសិតពិសេសរបស់អាមេរិកដើម្បីបញ្ចប់សង្គ្រាមនៅយេម៉ែន ក៏ដូចជាដកក្រុមហ៊ូទី ដែលជាភាគីនៃសង្គ្រាមស៊ីវិល ចេញពីបញ្ជីក្រុមភេរវនិយម ដើម្បីអាចផ្តល់ជំនួយមនុស្សធម៌ទៅប្រជាជនរងគ្រោះដែលកាន់កាប់ដោយក្រុមហ៊ូទីបាន៕

អត្ថបទទាក់ទង



Tag:
 អាមេរិក
  អ៊ីរ៉ង់
  យេម៉ែន
© រក្សាសិទ្ធិដោយ thmeythmey.com