ជាតិ
សង្គមជាតិ
សត្វត្រយងយក្សមួយក្បាលដែលជាប់អន្ទាក់នៅដែនជម្រកសត្វព្រៃលំផាត់ ត្រូវបានជួយសង្រ្គោះ
07, Feb 2021 , 2:31 pm        
រូបភាព
ដោយ:
 
ភ្នំពេញ៖ សត្វត្រយងយក្សញីមួយក្បាលដែលជាប់អន្ទាក់នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរី ត្រូវបានមន្ត្រីឧទ្យានុរក្សជួយសង្រ្គោះ និងព្យាបាល កាលពីថ្ងៃទី៦ ខែកុម្ភៈ។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងតេឡេក្រាម។


លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ថា សត្វត្រយងយក្សមួយក្បាលនេះ គឺត្រូវបានជាប់អន្ទ្រាក់ ដែលព្រានព្រៃបានដាក់នៅលើដើមឈើក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី។

បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន សត្វត្រយងយក្សនេះ ត្រូវបានមន្ត្រីឧទ្យានុរក្សជួយសង្រ្គោះ ប៉ុន្តែមិនទាន់អាចដោះលែងវិញនៅឡើយទេ ពីព្រោះសត្វនោះមានរបួសជើងដោយសារតែវាជាប់អន្ទាក់។

«បច្ចុប្បន្ន សត្វត្រយងយក្ស ដែលត្រូវបានជួយសង្គ្រោះនេះត្រូវបានប្រគល់ជូនមន្ត្រីជំនាញនៃអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាដោយសហការជាមួយអង្គការ ACCB ដើម្បីជួយមើលថែរក្សានិងព្យាបាលស្នាមរបួសដែលជាប់អន្ទាក់»។ នេះជាការរៀបរាប់របស់លោក នេត្រ ភក្រ្តា។

ឧទ្យានុរក្សនៅដែនជម្រកសត្វព្រៃលំផាត់ក្នុងខេត្តរតនគិរីកាលពីថ្ងៃទី៦ ខែកុម្ភៈ បានជួយសង្រ្គោះ​​សត្វ​ត្រយងយក្ស​ញីមួយ​ក្បាលដែល​បានជាប់អន្ទាក់​ រូបភាពពីលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន​ ‬
ជំរឿនសត្វត្រយងរបស់អង្គការដៃគូនានារបស់ក្រសួងបរិស្ថានបានបង្ហាញថា សត្វត្រយងយក្សជាប្រភេទសត្វដែលងាយរងគ្រោះបំផុតលើពិភពលោកលោក។ សត្វត្រយងយក្សនេះត្រូវបានកម្ពុជាកំណត់ការពារដោយច្បាប់នៃព្រះរាជណាចក្រកម្ពុជា។

ដើម្បីការពារ និងអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកសឲ្យរស់នៅក្នុងដែនជម្រកសត្វព្រៃនៅកម្ពុជាប្រកបដោយសុវត្ថិភាព ក្រសួងបរិស្ថាន បានសហការជាមួយនឹងអង្គការសមាគមសង្រ្គោះសត្វព្រៃWCS តាមរយៈការអនុវត្តគម្រោងស្រូវសត្វត្រយងដើម្បីផ្គត់ផ្គង់ដល់ពលរដ្ឋ និងធានាបាននូវកិច្ចការការពារសត្វព្រៃ និងព្រៃឈើ។ រួមទាំងបង្កើតសេដ្ឋកិច្ចមូលដ្ឋានរបស់សហគមន៍តំបន់ការពារធម្មជាតិ។

ជាមួយគ្នានេះក្រសួងបរិស្ថានបានបង្គាប់ឲ្យសមត្ថកិច្ចពង្រឹងការអនុវត្តច្បាប់តឹងរឹងដើម្បីការពារ និងអភិរក្សសត្វព្រៃ និងព្រៃឈើដើម្បីជាប្រយោជន៍សម្រាប់ជីវៈចម្រុះ និងសម្រាប់ទាក់ទាញភ្ញៀវទេសចរ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងជំរុញឲ្យពលរដ្ឋនៅក្នុងតំបន់ដែនជម្រកសត្វព្រៃផ្សេងៗកាច់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើ មកជាដំាដំណាំកសិកម្មសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងសហគមន៍ និងភ្ញៀវទេសចរ។

លោក នេត្រ ភក្ត្រា  បានបញ្ជាក់ថា សត្វត្រយងយក្សមានវត្តមាននៅប្រទេសកម្ពុជាប្រមាណ៣០០ក្បាល និងសត្វត្រយងចង្កំកសចំនួន៦០០ក្បាល៕



Tag:
 សត្វ
 ត្រយង
  អន្ទាក់
  ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com