អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
WTO នឹងមានអគ្គនាយកជាស្ត្រីដំបូងបំផុតសញ្ជាតិនីហ្សេរីយ៉ា
07, Feb 2021 , 7:59 pm        
រូបភាព
លោកស្រីNgozi Okonjo-Iweala បេក្ខជនតំណែងអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។ រូបភាព៖AFP
លោកស្រីNgozi Okonjo-Iweala បេក្ខជនតំណែងអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក។ រូបភាព៖AFP
អង្គការពាណិជ្ជកម្មពិភពលោក(WTO) នឹងមានអគ្គនាយកជាស្ត្រីនីហ្សេរីយ៉ាដំបូងបំផុត។ លោកស្រីNgozi Okonjo-Iweala បេក្ខជនមកពីប្រទេសនីហ្សេរីយ៉ា នឹងក្លាយជាប្រមុខស្ថាប័នគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិមួយនេះ បន្ទាប់ពីលោកស្រីទទួលបានការគាំទ្រពីរដ្ឋបាលលោក ចូ បៃឌិន ហើយបេក្ខជនមកពីកូរ៉េខាងត្បូងសម្រេចដកខ្លួនចេញពីការប្រកួតប្រជែង។


រដ្ឋបាលលោក បៃឌិន បានបង្ហាញជំហរគាំទ្រដល់លោកស្រី Okonjo-Iweala នៅថ្ងៃទី៥ កុម្ភៈ។ លោកស្រី Okonjo-Iweala ធ្លាប់កាន់តួនាទីក្នុងធនាគារពិភពលោក និងជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុនីហ្សេរីយ៉ា។ ការគាំទ្របេក្ខភាពរបស់លោកស្រីOkonjo-Iweala បញ្ចប់ការជាប់គាំងជាច្រើនខែក្នុងការជ្រើសរើសថ្នាក់ដឹកនាំស្ថាប័ននេះ ដោយសមាជិកWTOយល់ព្រមលើបេក្ខភាពលោកស្រីឲ្យកាន់តំណែងកំពូលក្នុងស្ថាប័ននេះ។ នេះយោងតាមទីភ្នាក់ងារព័ត៌មានAFP។

«មានការងារសំខាន់ដែលយើងត្រូវធ្វើរួមគ្នា»។ នេះជាការលើកឡើងក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រី Okonjo-Iweala ដោយបញ្ជាក់ថានឹងខិតខំធ្វើកំណែទម្រង់ស្ថាប័នមួយនេះ។ ចំណែកការិយាល័យពាណិជ្ជកម្មអាមេរិកប្រចាំWTO អះអាងថាលោកស្រីជាបុគ្គលដែលទទួលបានការគោរព និងមានបទពិសោធន៍ក្នុងការគ្រប់គ្រងស្ថាប័នអន្តរជាតិដែលមានសមាជិកច្រើនប្រទេស។ ចំណែកលោកស្រីYoo Myung-hee រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង ដកខ្លួនចេញពីការប្រកួត ក្រោយរងសម្ពាធការទូតជាច្រើនខែ។

WTO ជួបវិបត្តិគ្មានអ្នកដឹកនាំនៅដើមខែសីហា ឆ្នាំ២០២០ បន្ទាប់ពីលោក Roberto Azevedo អតីតអគ្គនាយក WTO លាលែងពីតំណែងមុនអាណត្តិមួយឆ្នាំ។ ការលាលែងនេះ នាំឲ្យអ្នកស្នងតំណែងត្រូវប្រឈមនឹងស្ថានការណ៍សេដ្ឋកិច្ចដែលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក៏ដូចជាការអនុវត្តពាណិជ្ជកម្មបែបការពារនិយមរវាងចិន និងអាមេរិក។
អ្នកសង្កេតការណ៍មួយចំនួនអះអាងថាWTO កំពុងជួបវិបត្តិដ៏ធំបំផុតក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ។

អង្គការនេះ ពុំអាចសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មចម្បងណាមួយឡើយ។ បន្ថែមពីនេះWTO ពុំអាចសម្រេចបានកាលវិភាគក្នុងការបញ្ចប់ការឧបត្ថម្ភធន់ក្នុងវិស័យនេសាទ។
បន្ថែមពីនេះ មុខងារមួយចំនួនរបស់WTOជាប់គាំងមិនអាចធ្វើការបានដោយសារអតីតប្រធានាបតីអាមេរិកដូណាល់ ត្រាំ ជំទាស់ការតែងតាំងចៅក្រម ដែលធ្វើឲ្យWTOមិនអាចកាត់ក្តីជម្លោះពាណិជ្ជកម្មបាន។ ជាមួយលោកបៃឌិន កាន់តំណែងជាប្រធានាធិបតី អ្នកវិភាគសង្ឃឹមពីកំណែទម្រង់ក្នុងស្ថាប័ននេះ។

លោកស្រី Okonjo-Iweala ធ្លាប់បានសង្កត់ធ្ងន់ថា WTOត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយប្រទេសកំពុងអភិវឌ្ឍក្នុងការទទួលបានឱសថ ក៏ដូចជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។ បញ្ហាខាងលើ សុទ្ធសឹងតែជាអ្វីដែលសមាជិកទាំង១៦៤ពុំអាចស្វែងរកចំណុចរួមបាន។

តាមពិតទៅ WTO អាចកោះហៅសមាជិកទាំង១៦៤មកប្រជុំដើម្បីយល់ព្រមបេក្ខភាពលោកស្រីOkonjo-Iweala ក្នុងពេលដ៏ខ្លីខាងមុខបាន។ ប៉ុន្តែសមាជិកមួយចំនួនអះអាងថាជារឿងមិនអាចធ្វើទៅរួច ដោយអាមេរិកមិនទាន់តែងតាំងតំណាងរបស់ខ្លួននៅស្ថាប័ននេះ ហើយអគ្គនាយករងស្ថាប័ននេះក៏ពុំទាន់បានតែងតាំងនៅឡើយ៕





Tag:
 អាមេរិក
  នីហ្សេរីយ៉ា
  WTO
© រក្សាសិទ្ធិដោយ thmeythmey.com