ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូឯកសារផលិតដោយបុប្ផាណា បង្ហាញស្ថានភាពរស់នៅរបស់សត្វដំរី និងជនជាតិដើមភាគតិច
07, Feb 2021 , 8:30 pm        
រូបភាព

ភ្នំពេញ៖ វីដេអូឯកសារចំនួន៣រឿង ត្រូវបានចាក់បញ្ចាំងនៅមជ្ឈមណ្ឌលបុប្ផា ក្រោមការចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការលើការការពារសត្វដំរី រួមទាំងអ្នកទស្សនាមួយចំនួនទៀត។ វីដេអូឯកសាទាំងនោះ បានបង្ហាញពីជីវិតសត្វដំរីស្រុក ដែលត្រូវបានបន្សាំឱ្យទៅរស់នៅក្នុងព្រៃវិញ ហើយក៏បង្ហាញពីជីវិត ប្រពៃណី និងវប្បធម៌ជនជាតិដើមភាគតិច រួមទាំងធនធានធម្មជាតិដែលត្រូវបាត់បង់ផងដែរ។


តទៅនេះសូមអញ្ជើញអស់លោក លោកស្រី អ្នកនាងកញ្ញា ស្ដាប់បទយកការណ៍ដែលរៀងរៀងដោយកញ្ញា ប៉ូ សាគុន ដោយក្ដីមេត្រី៖


នាមជ្ឈមណ្ឌលបុប្ផាណា វីដេអូឯកសារចំនួន៣រឿង ដែលមានចំណងជើងថា “ជម្រកខ្ញុំ” មានរយៈ២៨នាទី រឿង “ដានស្រអាប់” មានរយៈពេល១១នាទី និងរឿង “មរតក” មានរយៈពេល១៤នាទី ត្រូវបានចាក់បញ្ចាំងឡើង ដោយឆ្លុះបញ្ចាំងពីជីវិតសត្វដំរីស្រុក ដែលបាននាំទៅបន្សាំឱ្យរស់នៅក្នុងព្រៃធម្មជាតិវិញ។ វីដេអូនោះក៏បានបង្ហាញផងដែរ ពីការកាប់បំផ្លាញព្រៃឈើ ដែលជាផ្ទះ និងជាជង្រុកចំណីអាហាររបស់សត្វដំរី។

លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗ នៅក្រោយកម្មវិធីចាក់បញ្ចាំងភាពយន្តបានបញ្ចប់។ លោកថា ដោយសារបានឃើញពីការបាត់បង់សត្វដំរីនៅក្នុងប្រទេសកម្ពុជា ទើបបានជាបុប្ផាណា ចាប់ផ្ដើមបង្កើតគម្រោងថតភាពយន្តស្ដីពីសត្វដំរីនេះឡើង៖«យើងតែងតែតាមដានរាល់ព័ត៌មានរបស់អង្គការអភិរក្សសត្វដំរី ពីក្រសួងបរិស្ថាន ពីក្រសួងពាក់ព័ន្ធដែលតែងតែលើកឡើងពីការប្រឈម នៃការបាត់បង់សត្វដំរី ហើយក៏យើងដឹងថាសត្វដំរីស្រុក មានបញ្ហាប្រឈមដែរ។
យើងគិតថាវាមានសារសំខាន់ណាស់ដែលយើងត្រូវក្រឡេកមើល រឿងជុំវិញសត្វដំរី ហើយក៏យើងដឹងថាសត្វដំរី គឺជាសត្វដែលត្រូវការទីដីធំសម្រាប់រស់នៅ»។


លោក ជា សុភាព នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណា (រូប​ផ្ដល់ឱ្យ)

ឈរនៅខាងមុខមជ្ឈមណ្ឌលបុប្ផាណា ផ្នែកខាងក្នុងជិតរបងផ្ទះ លោក ពៅ ធាង ជាសិក្ខាកាមវ័យ២២ឆ្នាំ បានផលិតវីដេអូឯកសារដែលមានចំណងជើងថា “មរតក”។ មកពីខេត្តកំពង់ធំ ធាង ថាដំណើរនៃការចុះទៅធ្វើវីដេអូឯកសារនេះមានការលំបាកមួយចំនួន សម្រាប់គេដែលមិនធ្លាប់មានពិសោធន៍ពីមុនមកនោះ។ ពាក់អាវយឺតដៃខ្លីពណ៌ប្រផេះស្រាល ដោយមានផ្លាកសញ្ញាបុប្ផាណាផង លោក ពៅ ធាង បញ្ជាក់បន្ថែមដូច្នេះ៖«យើងចុះទៅមូលដ្ឋាន៣លើក ទីមួយយើងទៅស្រាវជ្រាវ ក្នុងតំបន់នោះផ្ទាល់ តើវាមានលក្ខណៈយ៉ាងម៉េច? ហើយយើងសិក្សាពីតួ និងសត្វដំរី ដើម្បីយើងយកមកសរសេរ។ ទី២យើងបានឆ្អឹងរឿងមកហើយ យើងយកមកសរសេរជាសាច់រឿង ដើម្បីចុះថត។ ហើយទី៣ពេលសរសេរបានជាសាច់រឿងហើយ យើងចុះទៅថតតែម្ដង។ សម្រាប់ការផលិតមានការលំបាកដែរ ព្រោះដំរីនៅលើភ្នំ ដូច្នេះយើងពិបាកក្នុងការចុះឡើងៗភ្នំ ដើម្បីទៅថតសត្វដំរីផ្ទាល់»។

មានសម្បុរស្រអែម កម្ពស់ប្រហែល១ម៉ែត្រ៧០សង់ទីម៉ែត្រ ធាង ដែលបានឆ្លងកាត់ការចុះទៅប្រាស្រ័យជាមួយប្រជាសហគមន៍ជនជាតិដើមភាគតិចផ្ទាល់ អស់រយៈពេលប្រហែលជាងមួយខែនោះ ប្រាប់ថាខ្លួនទទួលបានបទពិសោធច្រើន ពីជីវិតប្រជាជននៅក្នុងតំបន់ ជាពិសេសការប្រឈមរបស់សត្វដំរី ព្រៃឈើ និងដឹងពីជីវភាពប្រជាជនក្នុងមូលដ្ឋាន។


លោក ពៅ ធាង សិក្ខាកាមផលិតភាពយន្ត

ទោះជាយ៉ាងណាបទពិសោធការងារផ្ទាល់ខ្លួន ក៏ផលិតករវ័យក្មេងរូបនេះជួបច្រើនដែរ៖«យើងទទួលបានបទពិសោធច្រើន។ យប់ឡើងមានមូសខាំ ហើយមានភ្លៀងទៀត ពេលដែលថត។ ហើយគ្នាខ្ញុំ មានអ្នកខ្លះធ្លាក់ខ្លួនឈឺទៀត ទាំងខ្ញុំក៏មិនសូវស្រួលខ្លួនដែរ ប៉ុន្តែយើងនាំគ្នាជំនះថតជាខ្សែវីដេអូនេះឡើង ដើម្បីចូលរួមអភិរក្សសត្វដំរី។ ដំបូងឡើយយើងដឹងថាសត្វដំរីមានច្រើន ប៉ុន្តែឥឡូវមិនសូវមានច្រើនទេ ដូច្នេះនេះជាការសំខាន់ដែលពួកខ្ញុំចុះទៅថត ហើយចូលរួមអភិរក្ស ដើម្បីកុំឱ្យបាត់បង់ទៅមុខ»។

ចំណែកលោក នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលបានចូលរួមក្នុងកម្មវិធីចាក់បញ្ចាំងភាពយន្តនោះដែរ បានបង្ហាញពីការមើលឃើញរបស់ខ្លួនថា ភាពយន្តនេះមិនត្រឹមតែបង្រៀនយុវជនឱ្យចេះជំនាញបច្ចេកទេសប៉ុណ្ណោះឡើង ប៉ុន្តែវាបាននាំពួកគេឱ្យស្គាល់ពីតម្លៃរបស់សម្បត្តិធម្មជាតិ៖«នៅក្នុងដំណាក់កាលរៀន នៅពេលដែលប្អូនចុះទៅដល់ទីវាល ប្អូននឹងបានឃើញនូវអ្វីដែលជាបញ្ហាមួយ មិនមែនយល់តែពីភាពយន្តទេ ប៉ុន្តែបានបង្ហាញឱ្យខ្លួនស្គាល់ថា ខ្លួនគឺជាខ្មែរ មានន័យថាស្គាល់អ្វីដែលជាធនធានរបស់យើង។ បានឃើញអ្វីដែលជាទ្រព្យសម្បត្តិជាតិ ធនធានធម្មជាតិរបស់យើងនៅក្នុងព្រៃ។ វីដេអូនេះមិនត្រឹមតែបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ប៉ុន្តែជាសារក្នុងការចូលរួមអប់រំស្មារតី របស់ប្រជាពលរដ្ឋ ឱ្យយល់ថាតើវាមានសារសំខាន់យ៉ាងណា ក្នុងការថែរក្សាព្រៃ?»។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិកាក្រសួងបរិស្ថាន

លោក ជា សុភាព ក៏បានបញ្ជាក់ផងដែរថា ភាពយន្តនេះបានបង្ហាញដល់អ្នកទស្សនាឃើញពីបញ្ហា ដែលមិនត្រឹមតែជាសត្វដំរីឡើយ ប៉ុន្តែគឺរឿងនៅជុំវិញនោះទាំងអស់។ តាមរយៈភាពយន្ត នាយកប្រតិបត្តិរូបនេះ យល់ថា មនុស្សគួររកមធ្យោបាយណាមួយ ដើម្បីជួលជុលព្រៃឈើដែលបានបាត់បង់៖«ដំរីស៊ីច្រើនណាស់ ដូច្នេះវាត្រូវការស៊ីព្រៃ ស៊ីធម្មជាតិក្នុងព្រៃឈើ។ យើងក្រឡេកមើលសត្វដំរី យើងនឹងមើលឃើញរឿងជាច្រើនទៀត ជុំវិញសត្វដំរី។ ឧទាហរណ៍ព្រៃឈើ ប្រសិនបើយើងនៅមានព្រៃឈើ យើងនៅមានសត្វដំរីដែរណា ហើយបើយើងអត់ព្រៃឈើ សត្វដំរីក៏ពិបាករស់នៅ។ ខ្ញុំគិតថានេះគឺជាសម្ភារមួយសម្រាប់អប់រំ សាធារណជនទាំងអស់ ឱ្យចេះស្រឡាញ់សត្វព្រៃ មិនថាតែដំរីទេ ឱ្យចេះថែរក្សាព្រៃឈើ ហើយយើងអាចរកមធ្យោបាយណាដើម្បីជួសជុលព្រៃដែលបាត់បង់»។  

មិនខុសគ្នាប៉ុន្មានពីលោក ជា សុភាព ឡើង លោក ហាប់ ទូច រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានមើលឃើញថា ភាពយន្តឯកសារនេះ បានចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី និងភាសារបស់ជនជាតិដើមភាគតិច៖«ភាពយន្តនេះយើងដឹងថាពាក់ព័ន្ធនឹងការអភិរក្សសត្វដំរី ក៏ប៉ុន្តែនៅក្នុងនោះវាមិនត្រឹមតែ ឆ្លុះបញ្ចាំងពីការអភិរក្សសត្វដំរីទេ គឺវាពាក់ព័ន្ធទៅដល់វប្បធម៌ និងភាសារបស់បងប្អូនជនជាតិដើមភាគតិច។
នៅទូទាំងប្រទេសយើង បងប្អូនប្រជាពលរដ្ឋភាគតិច មានប្រហែលជា២០ម៉ឺននាក់ ស្មើនឹងប្រហែលជា១.២ភាគរយ នៃប្រជាជនទូទៅ។ បងប្អូនជនជាតិដើមភាគតិចដែលនៅច្រើន ៧៥ភាគរយគឺនៅភាគឦសាន នៅក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរីហ្នឹងអែង»។


លោក ហាប់ ទូច រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

លោក ហាប់ ទូច ដែលបានចូលរួមក្នុងកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារ បានបញ្ជាក់បន្ថែម៖«ប្អូនៗបានថតភាពយន្តទាំងអស់ហ្នឹង ដោយបានរក្សានូវភាសាដើមរបស់គាត់។ ភាសានេះគឺសំខាន់ វាគឺជាយានមួយ នៃមរតកវប្បធម៌អរូបី ហើយវប្បធម៌អរូបីហ្នឹង អាចផ្ទេរបាន គឺតាមភាសាហ្នឹងអែង។ ពីឪពុកទៅម្ដាយ ពីជីតាទៅចៅ អ៊ីចឹងភាពយន្តនេះចូលរួមជាមួយគ្នាផងដែរ នូវការអភិរក្ស និងការលើកកម្ពស់ការយល់ដឹង អំពីមរតកវប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អរបស់បងប្អូនជនជាតិដើមភាគតិច»។

ជាគម្រោងបន្ទាប់នៃការថតភាពយន្តឯកសារ លោក ជា សុភាព នៅពុំទាន់អាចកំណត់បាននៅឡើយ ថាសត្វប្រភេទណា ដែលត្រូវចុះថតបន្ត ប៉ុន្តែបុប្ផាណា នឹងព្យាយាមលើកយកសត្វព្រៃណា ដែលមានការប្រឈមខ្លាំងនឹងការបាត់បង់៖«សត្វបន្ទាប់នោះយើងប្រហែលជាមិនទាន់អាចសន្និដ្ឋានបាន ថាជាសត្វអ្វីទេ ប៉ុន្តែយើងនឹងព្យាយាមលើកយកបញ្ហាប្រឈម របស់សត្វព្រៃដែលជិតបាត់បង់។ អ៊ីចឹងសត្វណាដែលជាចំណាប់អារម្មណ៍ ហើយសត្វណាដែលអាចឱ្យសិស្សយើងមានលទ្ធភាពថតបាន យើងនឹងគិតពិចារណា។ ការដែលថតសត្វដំរី មិនមែនជាការងាយស្រួលទេ មានការលំបាកណាស់ ជាដំរីស្រុកមែន ប៉ុន្តែគាត់យកទៅឱ្យរស់នៅក្នុងព្រៃ ធ្វើឱ្យខ្លួនស៊ាំនឹងព្រៃឡើងវិញ អ៊ីចឹងដំរីហ្នឹងពិបាកថតណាស់។ ហើយកូនសិស្សរបស់យើង គឺជាសិស្សដែលយើងបណ្ដុះបណ្ដាលដំបូង ហើយជាកុនទីមួយរបស់គាត់ ចឹងវាមានបញ្ហាប្រឈមច្រើន»។

 នេះគឺជាលើកទីមួយហើយ ដែលមជ្ឈមណ្ឌលបុប្ផាណា បានថតភាពយន្តឯកសារស្ដីពីសត្វដំរី។ ទោះជាយ៉ាងណា កន្លងមក វីដេអូឯកសារពាក់ព័ន្ធនិងបរិស្ថាន ត្រូវបានបុប្ផាណាផលិតបានច្រើនមកហើយ។ ក្រោយពីបញ្ចប់ការចាក់បញ្ចាំងភាពយន្តឯកសារនេះ ក្រុមផលិតករវ័យក្មេងទាំងអស់ នៅតែត្រូវបានបុប្ផាណាលើកទឹកចិត្ត ក្នុងការបង្កើតគម្រោងផ្សេងទៀត ជុំវិញវីដេអូរបស់ពួកគេ។
រូ
បភាពពីវីដេអូស្ដីពី​សត្វ​ដំរី


យោងតាមស្ថិតិ បច្ចុប្បន្នកម្ពុជាមានដំរីពូជអាស៊ី ចន្លោះពី៤០០ទៅ៦០០ក្បាល ដែលកំពុងរស់នៅក្នុងព្រៃ  នៃតំបន់ជួរភ្នំក្រវាញ តំបន់ប៉ែកឦសាន ហើយដំរីស្រុកនៅសល់ប្រមាណតែ៧១ក្បាលប៉ុណ្ណោះ។

ក្រសួងបរិស្ថានបានរៀបចំផែនការរយៈពេល១០ឆ្នាំ គឺពីឆ្នាំ២០២០ដល់២០២៩ ក្នុងការងារអភិរក្សសត្វដំរី ព្រោះកំណើននៃការបាត់បង់ព្រៃឈើ ធ្វើឱ្យបាត់បង់ជម្រកសត្វព្រៃមួយចំនួន ហើយជម្លោះរវាងមនុស្សនិងសត្វដំរី ត្រូវការមានច្បាប់ការពារ។

ក្រសួងបរិស្ថានបានចូលរួមគាំទ្រ និងផ្ដល់ថវិកាជារៀងរាល់ឆ្នាំ ចំនួន២ម៉ឺនដុល្លរអាមេរិក ដល់អង្គការអៃរាវត្តា ក្នុងខេត្តមណ្ឌលគិរីដើម្បីអភិរក្សសត្វដំរីស្រុក ហើយក្រសួងក៏បានសហការណ៍ជាមួយអង្គការសហប្រជាជាតិ និងបណ្ដាប្រទេសមួយចំនួនទៀត ដើម្បីទប់ស្កាត់ការជួញដូរសត្វព្រៃផងដែរ។ ទោះជាយ៉ាងណា បច្ចុប្បន្នក្រសួងបរិស្ថាន កំពុងបារម្ភពីការដាក់អន្ទាក់ និងពិការភាពរបស់សត្វដំរី ដែលកំពុងគម្រាមកំហែងជីវិតសត្វដំរីរស់ក្នុងព្រៃធម្មជាតិ។

ក្រសួងបរិស្ថាន បានផ្ដោតសំខាន់លើការងារធំចំនួន៤ គឺកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងសំរាម ការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ ដោយសំដៅលើព្រៃឈើ សត្វព្រៃ និងជីវចម្រុះផ្សេងៗ រួមទាំងការរស់នៅដោយចេរភាព។


រូបភាពពីវីដេអូសត្វដំរី

បច្ចុប្បន្នក្រសួងបរិស្ថានបាននឹងកំពុងអភិរក្ស តំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា ចំនួន៦៨កន្លែង មានដែនជម្រកសត្វព្រៃ ដែនឧទ្យានជាតិ និងតំបន់ប្រើប្រាស់ច្រើនយ៉ាង៦៥កន្លែង របៀងអភិរក្សជីវចម្រុះ៣កន្លែង សរុបផ្ទៃដីទាំងអស់ ៧,៣០០,០០០ ហិកតា។ ផ្ទៃដីនេះគឺស្មើនឹងប្រមាណ៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល។

បើតាមស្ថិតិក្នុងទសវត្សរ៍៦០ គម្របព្រៃឈើនៅកម្ពុជា មាន៧៣ភាគរយនៃផ្ទៃប្រទេស ដោយប្រជាជនមាន៥,៧លាននាក់។ ចំណែកការវាយតម្លៃព្រៃឈើក្នុងឆ្នាំ២០១៨ គម្របព្រៃឈើនៅសល់ត្រឹម៤៦,៨៦ភារយ ហើយប្រជាជនមាន១៦លាននាក់ ដោយឃើញមានកំណើនដីកសិកម្មនិងដីលំនៅស្ថាន៕


Tag:
 ដំរី
  ភាពយន្ត
 វីដេអូឯកសារ
  បុប្ផាណា
  ព្រៃ
  ជីវភាព
  សិក្ខាកាម
© រក្សាសិទ្ធិដោយ thmeythmey.com