បាតុកម្មប្រឆាំងនឹងការដណ្តើមអំណាចពីសំណាក់ក្រុមយោធាមីយ៉ាន់ម៉ា បានឈានចូលដល់ថ្ងៃទី៣ ហើយ។ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ប្រជាជនមីយ៉ាន់ម៉ាជាច្រើនពាន់នាក់ បានចេញមកបាតុកម្មនៅក្នុងទីក្រុងយ៉ាំងហ្គោន រដ្ឋធានីណៃពិដោ និងតំបន់ផ្សេងទៀត ដោយមានព្រះសង្ឃជាច្រើនអង្គចូលរួមផងដែរ។
ក្នុងទីក្រុងយ៉ាំងហ្គោន ប្រជាជនជាច្រើនរយនាក់ បានចេញមកបាតុកម្មប្រឆាំងនឹងក្រុមយោធា។ បាតុកម្មក្នុងថ្ងៃទី៣ នេះ ព្រះសង្ឃជាច្រើនអង្គ ក៏បានចូលរួមក្នុងការតវ៉ាដែរ។ តាមការបញ្ជាក់របស់ក្រុមអ្នកសង្កេតការណ៍ ព្រះសង្ឃបានកាន់ទង់ព្រះពុទ្ធសាសនា ខណៈពេលប្រជាជនជាច្រើននាក់ បានកាន់បដា, លើកសញ្ញាម្រាមដៃបីដែលជានិមិត្តរូបប្រឆាំងរដ្ឋប្រហារ និងទង់របស់បក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)។
បដាអមដោយឃ្លា «ដោះលែងមេដឹកនាំរបស់យើង, គោរពការបោះឆ្នោតរបស់យើង, ជំទាស់រដ្ឋប្រហារយោធា» ត្រូវបានលើកពាសពេញដងផ្លូវ។ ប្រជាជនភាគច្រើននាំគ្នាស្រែកទាមទារឱ្យដោះលែងលោកស្រី អ៊ុងសាន ស៊ូជី, ថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ីវិល និងមនុស្សជាប់ឃុំផ្សេងទៀត។
ក្រៅពីក្រុងយ៉ាំងហ្គោន ប្រជាជននៅតំបន់ផ្សេងទៀត ក៏បានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធាដែរ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ប្រជាជនក្នុងក្រុងឆ្នេរសមុទ្រ Dawei និងទីក្រុងក្នុងរដ្ឋ Kachin ជាច្រើនពាន់នាក់ បានចេញមកធ្វើបាតុកម្ម និងស្រែកទាមទារឱ្យដោះលែងលោកស្រីស៊ូជី, អ្នកផ្សេងទៀត និងទាមទារឱ្យយោធាប្រគល់អំណាចទៅរដ្ឋាភិបាលស៊ីវិលវិញ។
ដោយឡែកនៅក្នុងក្រុងណៃពិដោ កន្លែងធ្វើរដ្ឋប្រហារយោធាវិញ ក៏មានបាតុកម្មផងដែរ។ ប៉ូលិសបាញ់ទឹក ដើម្បីបំបែកក្រុមបាតុករ។ អ្នករស់នៅក្នុងក្រុងណៃពិដោម្នាក់ បានអះអាងថា ប៉ូលិស បានបាញ់ទឹកដើម្បីបំបែកបាតុកម្មតវ៉ា។ ក្នុងវីដេអូដែលបង្ហោះក្នុងបណ្តាញសង្គម ប៉ូលិសបានបញ្ឈប់ការបាញ់ទឹក បន្ទាប់ពីមានការអង្វរពីក្រុមប្រជាជន។ ប៉ុន្តែការតវ៉ានៅក្នុងណៃពិដោ នៅតែបន្តធ្វើដដែល។
នាបាតុកម្មក្នុងថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ សារព័ត៌មាន The Irrawaddy បានចុះផ្សាយថា ក្រុមប៉ូលិស បានបាញ់គ្រាប់កាំភ្លើងជ័រ ដើម្បីបំបែកក្រុមបាតុករ និងចាប់ខ្លួនមនុស្សចំនួន ៦នាក់ថែមទៀត។ ចំណែកសេវាអ៊ីនធឺណិត ដែលបានកាត់ផ្ដាច់ ក៏ត្រូវបានតភ្ជាប់ឡើងវិញស្ទើរស្រុងដែរ។ ប៉ុន្តែក្រុមយោធា នៅតែបន្តរឹតត្បិតលើបណ្តាញសង្គមដូចជា Facebook, Instagram និង Twitter។
សូមបញ្ជាក់ថា ក្រៅពីបាតុកម្មចុះតាមផ្លូវ បុគ្គលិករដ្ឋក៏បានធ្វើកូដកម្មផងដែរ។ កូដកម្មនេះ ជាយុទ្ធនាការតវ៉ាស៊ីវិល ដែលជំទាស់នឹងក្រុមយោធា តាមរយៈសកម្មភាពធ្វើពហិការមិនធ្វើការឱ្យរដ្ឋាភិបាលយោធា។ កន្លងមកកូដកម្មនេះ មានការចូលរួមពីសំណាក់ក្រុមគ្រូពេទ្យ កម្មករ គ្រូបង្រៀន និស្សិត និងអ្នកធ្វើការនៅអាកាសយានដ្ឋានជាដើម៕