ជាតិ
សេដ្ឋកិច្ច
ព្រលានយន្តហោះ​ថ្មី​នៅ​ខេត្តសៀមរាប​តម្លៃ​ជិត​៩០០​លាន​ដុល្លារ នឹង​ត្រូវសាងសង់​ហើយ នៅ​ឆ្នាំ​២០២៣
08, Feb 2021 , 9:39 pm        
រូបភាព
រូបថត៖ រដ្ឋបាលខេត្តសៀមរាប
រូបថត៖ រដ្ឋបាលខេត្តសៀមរាប
​ភ្នំពេញ​៖ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ ដែលមាន​ចម្ងាយ​ប្រមាណ​៥០​គីឡូម៉ែត្រ​ពី​ទីក្រុង​សៀមរាប​និង​៤០​គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គ​វត្ត នឹងត្រូវ​សាងសង់​រួចរាល់ នៅ​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២៣​។ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​ថ្មី តម្លៃ​៨៨០​លាន​ដុល្លារ​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​Angkor International Airport Investment(AIAI)​។
 
​បើតាម​ការចុះផ្សាយ​រប​ស់​រដ្ឋបាល​ខេត្តសៀមរាប កាលពី​ថ្ងៃទី​៦​កុម្ភៈ តាម​ផែនការ​សម្រាប់​ឆ្នាំ​២០២១​នេះ ការសាងសង់​គម្រោង​ទាំងមូល នឹង​សម្រេច​ឱ្យបាន​ប្រមាណ​៦៧​ភាគរយ​។ ក្នុងនោះ ការសាងសង់​ស្ថានីយ៍​អ្នកដំណើរ​គ្រោង​សម្រេច​ឱ្យបាន​៧៨​ភាគរយ​, ការកសាង​តំបន់​ហោះហើរ​គ្រោង​សម្រេច​ឱ្យបាន​៤៥​ភាគរយ និង សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ទូទៅ​របស់​អាកាសយា​ដ្ឋា​ន នឹង​សម្រេច​ឱ្យបាន​៥០​ភាគរយ​។ 
 
​ក្នុង​ផែនការ​ឆ្នាំ​២០២១​ដដែល ក្រុមការងារ​នឹង​ព​ន្លឿ​ន​ការ​សាសង់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​-​អង្គរ​នេះ ឱ្យបាន​៦៧​ភាគរយ​និង​បញ្ចប់​ការសាងសង់ ឈានទៅ​បំពេញ​លក្ខខណ្ឌ​ប្រតិបត្តិការ​របស់​អាកាស​យានដ្ឋាន នា​ពាក់កណ្តាល​ខែមីនា ឆ្នាំ​២០២៣​ខាងមុខ​។​
 
​សូមជម្រាបថា អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​នេះ គឺមាន​ផ្ទៃដី​១,៧០០​ហិកតា ស្ថិតនៅក្នុង​ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។ អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​នេះ ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃទី​១៥ មីនា ឆ្នាំ​២០២០ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​១៤​មីនា ឆ្នាំ​២០២៣ ដែលមាន​រយៈពេល​សាងសង់​៣៦​ខែ​។ ឆ្នាំ​២០២៣​នេះ ក៏​ជា​ឆ្នាំ​នៃ​ការបញ្ចប់​គម្រោង​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នៅក្នុង​ខេ​ត​កណ្តាល​ផងដែរ​។​
 
​ក្រៅពី​ព្រលានយន្តហោះ​អន្តរជាតិ​ទាំងពីរ​ខាងលើនេះ កម្ពុជា​ក៏​កំពុង​អភិវឌ្ឍ និង​គ្រោង​អភិវឌ្ឍ​លើ​ព្រលានយន្តហោះ​ក្នុងស្រុក​ផ្សេងៗ​ទៀត​។ ដូចជា ព្រលានយន្តហោះ​នៅក្នុង​ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តមណ្ឌលគិរី ជាដើម​៕ 
 

Tag:
 អាកាសយានដ្ឋាន​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com