ភ្នំពេញ៖ Canopy Sands Development ជាសមាជិកនៃPrince Holding Group ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនពហុផលិតផលឈានមុខគេនៅកម្ពុជា បានអនុម័តផែនការមេអភិវឌ្ឍ«ទីក្រុងរាម»តម្លៃ១៦ពាន់លានដុល្លារ ក្នុងទំហំផ្ទៃដីជាង៨៣៤ហិកតា នៅតំបន់ឆ្នេរសមុទ្ររាម ក្នុងខេត្តព្រះសីហនុ ឱ្យក្លាយជាទីក្រុងឈានមុខគេទី៣ នៅកម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Prince Holding Group កាលពីថ្ងៃទី៨កុម្ភៈ ឆ្នាំ២០២១។
ទីក្រុងរាម នឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុន Surbana Jurong Group ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់សេវាកម្មទីក្រុង ហេដ្ឋារចនាសម្ព័ន្ធ និងប្រឹក្សាការគ្រប់គ្រងសេវាកម្ម ដែលមានការិយាល័យកណ្ដាលនៅក្នុងប្រទេសសិង្ហបុរី។ សេចក្តីប្រកាសព័ត៌មានដដែលរបស់ក្រុមហ៊ុនបានបញ្ជាក់ថា៖«ទីក្រុងរាម នឹងដើរតួនាទីជាកាតាលីករសម្រាប់ចក្ខុវិស័យកំណើននៅក្នុងតំបន់[ក្រុងព្រះសីហនុ] ទៅជាទីក្រុងឈានមុខគេទី៣ និងជាកំពង់ផែសមុទ្រទឹកជ្រៅ របស់កម្ពុជា»។
បើតាមក្រុមហ៊ុន គម្រោងអភិវឌ្ឍទីក្រុងរាមនេះ នឹងជួយផ្លាស់ប្តូរមុខមាត់ក្រុងព្រះសីហនុទៅជាប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ពាណិជ្ជកម្ម និងលំនៅដ្ឋានប្រកបដោយផាសុខភាព និរន្តរភាព សម្រាប់មនុស្សរស់នៅបានរហូតដល់១៣ម៉ឺននាក់។
លោក Yeo Choon Chong អគ្គនាយកក្រុមហ៊ុន Surbana Jurong ប្រចាំតំបន់អាស៊ាន បានលើកឡើងថា កម្ពុជានៅតែបន្តទាក់ទាញលំហូរចូលជាប្រចាំនៃការវិនិយោគដោយផ្ទាល់ពីបរទេស(FDI)។ លោកមើលឃើញថា សក្ដានុពលដ៏ធំក្នុងការជំរុញកំណើនវិនិយោគនៅក្នុងទីផ្សារកម្ពុជាដ៏សំខាន់នេះ គឺតាមរយៈការចូលរួមរបស់ខ្លួន នៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាមួយនឹងដៃគូនានារបស់ក្រុមហ៊ុន។
លោកYeo Choon Chong បាននិយាយដូច្នេះ៖«សំណើនេះ នឹងផ្ដល់អាទិភាពដល់ការធ្វើសមាហរណកម្មធម្មជាតិដើម្បីលើកកម្ពស់ការថែរក្សាបរិស្ថាន។ ផ្នែកមួយដ៏សំខាន់របស់ផែនការអភិវឌ្ឍនេះ គឺបានរួមបញ្ចូលទាំងឆ្នេរខ្សាច់ ដែលលាតសន្ធឹងរហូតជាង៦គីឡូម៉ែត្រ»។
លោកបានបន្ថែមថា ផែនការមេអភិវឌ្ឍទីក្រុងរាមនេះ នឹងគាំទ្រដល់សកម្មភាពឆ្នេរដ៏ធំ និងធ្វើឱ្យមានភាពរស់រវើកដល់សហគមន៍ ដោយរួមបញ្ចូលទាំងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធដល់សហគមន៍ ដើម្បីគាំទ្រហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងសហគមន៍ ដូចជាសាលារៀន សួនឧទ្យាន កន្លែងលេងកីឡា ពហុព្យាបាលដ្ឋាន និងមជ្ឈមណ្ឌលនៅជុំវិញទីកន្លែងនេះ។ លោក Yeo Choon Chong អះអាងថា នៅក្នុងសេចក្តីប្រកាសដដែលថា៖ «នៅពេលអភិវឌ្ឍពេញលេញ ទីក្រុងរាម នឹងក្លាយជាទិសដៅគួរឱ្យភ្ញាក់ផ្អើលសម្រាប់ការពិសាអាហារ កន្លែងលក់រាយ កន្លែងធ្វើការ ការកម្សាន្ត និងការរស់នៅ»។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានប្រាប់សារព័ត៌មានថ្មីៗនាព្រឹកថ្ងៃទី៩កុម្ភៈ ថា គម្រោងអភិវឌ្ឍទីក្រុងរាម របស់ក្រុមហ៊ុនSurbana Jurong Group គឺបានចាក់ដីបំពេញ និងបុកគ្រឹះសាងសង់ហើយ។ ប៉ុន្តែលោក មិនបានដឹងអំពីវឌ្ឍនភាពនៃការអភិវឌ្ឍទីក្រុងរាម របស់ក្រុមហ៊ុននេះ បានរួចរាល់ក្នុងកម្រិតណា ឬប៉ុន្មានភាគរយឡើយ។
ចាប់ពីឆ្នាំ១៩៩៤ ដល់ ២០២០ នៅខេត្តព្រះសីហនុ មានក្រុមហ៊ុនចំនួន១៩៤ បានមកវិនិយោគលើវិស័យអចលនទ្រព្យ វិស័យទេសចរណ៍, វិស័យកម្មន្តសាល និងវិស័យឧស្សាហកម្មនានា ដែលមានក្នុងទំហំទឹកប្រាក់ជាង៣ម៉ឺនលានដុល្លារ។ នេះបើតាមលោក ភារម្យ៕