ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល រម្លឹកក្រុមបុគ្គលមានអាទិភាព ឲ្យទៅចាក់វ៉ាក់សាំងកូវីដ
12, Feb 2021 , 8:29 am        
រូបភាព
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្ដេច ហ៊ុន សែន ចាក់វ៉ាក់សាំងSinopharm ដែលចិនផ្ដល់ឱ្យកម្ពុជា នៅថ្ងៃទី១០ កុម្ភៈ ២០២១ នាមន្ទីរពេទ្យកាល់ម៉ែត
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្ដេច ហ៊ុន សែន ចាក់វ៉ាក់សាំងSinopharm ដែលចិនផ្ដល់ឱ្យកម្ពុជា នៅថ្ងៃទី១០ កុម្ភៈ ២០២១ នាមន្ទីរពេទ្យកាល់ម៉ែត
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យឥស្សរជន ឬអ្នក ដែលត្រូវកំណត់ជាក្រុមអាទិភាព ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទៅចាក់វ៉ាក់សាំងនៅតាមមន្ទីរពេទ្យ ដែលបានកំណត់។
 
ឥស្សរជន និងអ្នកមិនទាន់បានចាក់វ៉ាក់សាំង នៅថ្ងៃទី១០ ខែកុម្ភៈ ដោយសារមានបញ្ហាសុខភាព ត្រូវទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងដែលក្រសួងសុខាភិបាល បានកំណត់។មន្ទីរពេទ្យទាំងនោះរួមមាន មន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត មន្ទីរពេទ្យព្រះអង្គឌួង និង មន្ទីរពេទ្យកុមារជាតិ។ នេះបើតាមសេចក្តីក្រើនរម្លឹករបស់អ្នកស្រីវេជ្ជបណ្ឌិត រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដែលចេញនៅថ្ងៃទី១១ ខែកុម្ភៈ។ 
 
សម្រាប់ឥស្សរជន ឬអ្នកបានចាក់វ៉ាក់សាំងលើកទី១រួចហើយនោះ ក៏ក្រសួងសុខាភិបាលណែនាំឲ្យទៅចាក់ជាលើកទី២ នៅតាមកន្លែងដែលបានចាក់លើកទី១ ចន្លោះចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ២៨ ខែកុម្ភៈដោយគិតចាប់ពីថ្ងៃចាក់លើកទី១មក។ 
 
អ្នកស្រី ឱ វណ្ណឌីន ប្រាប់ពលរដ្ឋ ដែលស្ថិតនៅក្នុងក្រុមអាទិភាព ប៉ុន្តែពុំទាន់អាចចាក់បាននោះ កុំឲ្យអាក់អន់ចិត្ត និងត្រូវរង់ចាំចាក់នៅពេលក្រោយ ដើម្បីឲ្យអ្នកដែលបានចាក់វ៉ាក់សាំងកូវីដ-១៩លើកទី១ ទទួលបានការចាក់ជាលើកទី២។ 
 
ដោយឡែកពលរដ្ឋដែលស្ថិតនៅក្នុងក្រុមអាយុ១៨ឆ្នាំ ដល់៥៩ឆ្នាំ ដែលមិនទាន់អាចចាក់នោះ អ្នកនាំពាក្យក្រសួងសុខាភិបាល នឹងបន្តប្រកាសពេលវេលាចាក់នៅពេលក្រោយ។ 
 
ក្រសួងសុខាភិបាលបានកំណត់មន្ទីរពេទ្យចំនួន៤ សម្រាប់រៀបចំកម្មវិធីចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ដល់ឥស្សរជន មន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ រួមទាំងអ្នកសារព័ត៌មាន។  មន្ទីរពេទ្យកាល់ម៉ែត សម្រាប់សមាជិកព្រឹទ្ធិសភា និងរដ្ឋសភា និងអង្គរក្សថ្នាក់ដឹកនាំកំពូលៗ។ មន្ទីរពេទ្យព្រះអង្គឌួងសម្រាប់បុគ្គលិក មន្ត្រីរាជការព្រឹទ្ធិសភា រដ្ឋសភា និងទីស្តីការគណរដ្ឋមន្ត្រី។ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត សម្រាប់កងកម្លាំងនគរបាលជាតិនៅក្រសួងមហាផ្ទៃ ព្រមទាំងបុគ្គលិក មន្ត្រីរាជការនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ មន្ទីរពេទ្យកុមារជាតិ សម្រាប់មន្ត្រីរាជការនៃក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងក្រុមអ្នកសារព័ត៌មាន។ 
 
 
របាយការណ៍ពីអ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមមួយថ្ងៃដំបូងនៃការចាក់វ៉ាក់សាំងកូវីដ-១៩ មានមនុស្សចំនួន៣៣៩នាក់ ក្នុងនោះស្រី៧៩នាក់ បានមកចាក់វ៉ាក់សាំងកូវីដ-១៩។ វ៉ាក់សាំងស៊ីណូហ្វាមនេះ អាចចាក់បានតែមនុស្សដែលមានអាយុចន្លោះពី១៨ឆ្នាំទៅ៥៩ឆ្នាំប៉ុណ្ណោះ៕ 
 

Tag:
 វ៉ាក់សាំង
 កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com