ជាតិ
សង្គមជាតិ
រកឃើញកូវីដ ១ករណីទៀត ខណៈអ្នកជំងឺ៤នាក់ជាសះស្បើយ 12, Feb 2021 , 9:31 am
× ភ្នំពេញ៖ កម្ពុជាបន្តរកឃើញវិជ្ជមាននៃជំងឺកូវីដ-១៩(COVID-19) លើស្ត្រីម្នាក់វ័យ៥២ឆ្នាំម្នាក់ទៀត ដែលទើបមកពីប្រទេសថៃ ខណៈអ្នកជំងឺ៤នាក់ បានជាសះស្បើយ ។ នេះបើតាមក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១២ កុម្ភៈ។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ស្ត្រីដែលបានឆ្លងCOVID-19ខាងលើនោះ គឺមានអាសយដ្ឋាននៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយបានធ្វើដំណើរមកពីប្រទេសថៃ កាលពីថ្ងៃទី៩ កុម្ភៈ។ បច្ចុប្បន្នស្ត្រីរូបនេះ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។
ដោយឡែក មនុស្សចំនួន៤នាក់ដែលជាសះស្បើយពីCOVID-19វិញ មានកុមារាជនជាតិឥណ្ឌនេស៊ី អាយុ១ឆ្នាំ មានអាស្រយដ្ឋាននៅខេត្តសៀមរាប។ កុមារានេះ គឺជាកូនរបស់បុរសវ័យ៣៤ឆ្នាំ និងស្ត្រីវ័យ៣៣ឆ្នាំ ដែលមានជាសះស្បើយជំងឺនេះ កាលពីថ្ងៃទី២៨មករា។ ក្រុមគ្រួសាររបស់កុមារានេះ បានមកដល់កម្ពុជា នាថ្ងៃទី១២មករា ឆ្នាំ២០២១។
ចំពោះអ្នកដែលបានជាសះស្បើយពីCOVID-19ម្នាក់ទៀត គឺជាស្ត្រីជាជនជាតិខ្មែរ អាយុ៦០ឆ្នាំម្នាក់ ស្នាក់នៅក្នុងសង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ស្ត្រីរូបនេះ បានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះនៅប្រទេសសិង្ហបុរី ហើយមកដល់កម្ពុជា កាលពីថ្ងៃទី២២មករា ខណៈស្ត្រីខ្មែរម្នាក់ទៀត មកពីប្រទេសស្វីស កាលពីថ្ងៃទី២០មករា ក៏បានជាពី COVID-19 ផងដែរ។
រីឯ បុរសជនជាតិខ្មែរ វ័យ៥០ឆ្នាំ ដែលមានអាសយដ្ឋាននៅទីក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បានជាសះស្បើយពីជំងឺដែរ។ បុរសរូបនេះ បានធ្វើដំណើរមកពីអាមេរិក ដោយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ហើយមកដល់កម្ពុជា នៅថ្ងៃទី២២កុម្ភៈ។ បើតាមក្រសួងសុខភិបាល បច្ចុប្បន្ន អ្នកទាំងនេះ បានចាកចេញពីមន្ទីរពេទ្យក្រោយលទ្ធផលតេស្តបង្ហាញអវិជ្ជមាន២ដងនៃវីរុសកូវីដ-១៩។
គិតត្រឹមថ្ងៃទី១២កុម្ភៈ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៤៧៩ករណី។ ក្នុងនោះ មានករណីជាសះស្បើយ៤៦៣ ខណៈ១៦ករណីទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនានា៕
© រក្សាសិទ្ធិដោយ thmeythmey.com