ជាតិ
យុវជនសកម្ម សេវាល្អ
យុវជនជិត៥០នាក់មកពីខេត្ត៤ បានចំណេះថ្មីផ្នែកព័ត៌មានពីសារព័ត៌មានថ្មីៗ និងអង្គការដៃគូ
12, Feb 2021 , 9:34 am        
រូបភាព
ឧត្តរមានជ័យ៖ សិស្ស-និស្សិត និងយុវជននៃបណ្ដាអង្គការសហគមន៍មកពីខេត្ត ឧត្តរមានជ័យ សៀមរាប កំពង់ធំ និងរតនគិរីចំនួន៤៦នាក់ បានចូលរួមវគ្គបណ្ដុះបណ្ដាលជំនាញសារព័ត៌មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ៨-១១ ខែកុម្ភៈ នៅក្រុងសំរោងខេត្តឧត្ដរមានជ័យ។

 
វគ្គបណ្ដុះបណ្ដាលនេះ សហការរៀបចំដោយ សារព័ត៌មានថ្មីៗ អង្គការតម្លាភាពអន្តរជាតិ (Transparency International Cambodia) និងអង្គការអាក់សិនអេតប្រចាំកម្ពុជា (ActionAid Cambodia) ដោយទទួលបានការគាំទ្រមូលនិធិពីសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA)។ ៤ថ្ងៃកន្លងទៅនេះ សិក្ខាកាមចំនួន៤៦នាក់ ទទួលបានចំណេះដឹងលើផ្នែកផលិតព័ត៌មានអនឡាញ , ក្រមសីលធម៌សារព័ត៌មាន , សុវត្ថិភាពលើបណ្ដាញសង្គម និងការផលិតព័ត៌មានវីដេអូតាមទូរស័ព្ទដៃ។ អ្នកជំនាញ និងអ្នកកាសែតដែលមានបទពិសោធន៍ច្រើនឆ្នាំ នៃសារព័ត៌មានថ្មីៗ គឺជាគ្រូឧទ្ទេសនៃវគ្គបណ្តុះបណ្តាលនេះ។
 
ថ្ងៃទី១និងទី២ នៃវគ្គបណ្ដុះបណ្ដាល គ្រូឧទ្ទេសលោក អ៊ឹង ចំរើន និពន្ធនាយកនៃសារព័ត៌មានថ្មីៗ បានបង្ហាញពីក្រមសីលធម៌សារព័ត៌មានសម្រាប់អ្នកសារព័ត៌មានសហគមន៍។ លោក សៅ ផលនិស្ស័យ និពន្ធនាយក Cambodianess បានបង្រៀនមេរៀនស្នូលទាក់ទងសារព័ត៌មាន ការជ្រើសរើសមុំ របៀបសរសេរព័ត៌មាន បច្ចេកទេសសម្ភាស ការបង្កើតកម្រងសំណួរ និងដឹកនាំការធ្វើលំហាត់អនុវត្តផ្ទាល់។
 
ដោយឡែក ពីរថ្ងៃចុងក្រោយ លោក នួន កក្កដា ប្រធានផ្នែកបច្ចេកវិទ្យានៃសារព័ត៌មានថ្មីៗ បាន បង្ហាញពីសុវត្ថិភាពលើបណ្តាញសង្គម។ កញ្ញា ខន ចំប៉ា និពន្ធនាយករងសារព័ត៌មានថ្មីៗ និងជាអ្នកសម្របសម្រួលគម្រោង បានដឹកនាំសិក្ខាកាមស្វែងរកប្រធានបទទាក់ទងនិងសេវាសារធារណៈ។ 
 
 រីឯ លោក សែម វណ្ណា និពន្ធនាយករងនៃសារព័ត៌មានថ្មីៗ២៥ បានបង្រៀនពីយុទ្ធការនៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យមានប្រសិទ្ធភាព បច្ចេកទេសថតរូប របៀបថត និងកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ បានបង្រៀនពីរបៀបកាត់តវីដេអូតាមទូរស័ព្ទដៃសម្រាប់ការផលិតព័ត៌មាន រួមទាំងដឹកនាំសិក្ខាកាមអនុវត្តផ្ទាល់។
 
នាពិធីបិទវគ្គ លោក អ៊ឹង ចំរើន និពន្ធនាយកនៃសារព័ត៌មានថ្មីៗ បានសម្គាល់ថា សិក្ខាកាមទាំងអស់ បានយកចិត្តទុក និងសហការគ្នាបានល្អ។ លោក បន្ថែមថា ទោះវគ្គបណ្ដុះបណ្ដាលនេះ បញ្ចប់ហើយក៏ដោយ តែសារព័ត៌មានថ្មីៗ នៅតែបន្តគាំទ្រសិក្ខាកាម ធ្វើយ៉ាងណាឱ្យពួកគេអាចផលិតព័ត៌មាន និងវីដេអូព័ត៌មានតាមទូរស័ព្ទដៃបាន ។
 
លោក រ៉ម តឿ ប្រធានកម្មវិធី នៃអង្គការក្រុមប្រឹក្សាយុវជន(YCC)    បានសង្កេតឃើញពីការយកចិត្តទុកដាក់របស់ក្រុមយុវជនក្នុងវគ្គបណ្តុះបណ្តាលរយៈពេល៤ថ្ងៃ។ លោក បានលើកឡើងថា ៖« ខ្ញុំសប្បាយរីករាយ ដែលវគ្គបណ្ដុះបណ្ដាលនេះ ប្រព្រឹត្តទៅរលូន ហើយយុវជនកាន់តែយល់ដឹងពីសារព័ត៌មាន»។ 
 
ខេត្តឧត្តរមានជ័យ ជាគោលដៅទីបី នៃវគ្គបណ្ដុះបណ្ដាលសារព័ត៌មាន ដោយកាលពីខែវិច្ឆិកា វគ្គបណ្ដុះបណ្ដាលដំបូង ត្រូវធ្វើឡើងនៅខេត្តកំពង់ធំ មានអ្នកចូលរួម២៥នាក់ បន្ទាប់មក ក្នុងខែ មករា ធ្វើឡើងនៅខេត្តកំពត មានអ្នកចូលរួមជាង៣០នាក់។ គម្រោងនេះ គឺទទួលបានជំនួយហិរញ្ញវត្ថុ ពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ដោយមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់២០២៣។ ឧត្តរមានជ័យ ជាខេត្តគោលដៅទីបី នៃវគ្គបណ្តុះបណ្តាលសារព័ត៌មាន បន្ទាប់ពីខេត្តកំពង់ធំ និងកំពត  មុនបន្តទៅកាន់បណ្តាខេត្តផ្សេងៗទៀត រួមមាន ពោធិ៍សាត់ និងកោះកុង។ វគ្គបណ្តុះបណ្តាលនេះ អាចប្រព្រឹត្តទៅបានក្រោមការសម្របសម្រួលរបស់ អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា (YCC)៕ 
 











































Tag:
 វគ្គបណ្ដុះបណ្ដាល
  សារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com