ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម កំពុង​សិក្សា​លទ្ធភាព​ធ្វើឱ្យ​ថ្លៃដើម​ចិញ្ចឹម​ត្រី​ទាប សម្រាប់​ប្រកួត​តម្លៃ​ជាមួយ​​វៀតណាម​
12, Feb 2021 , 3:31 pm        
រូបភាព
លោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម។ រូបថត៖ ក្រសួងកសិកម្ម
លោក ពុំ សុថា ប្រធានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម។ រូបថត៖ ក្រសួងកសិកម្ម
​ភ្នំពេញ​៖ ក្រសួងកសិកម្ម កំពុង​សិក្សា​លទ្ធភាព​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ក្រសួងពាណិជ្ជកម្ម រួមទាំង​ស្ថាបនិក​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ថ្លៃដើម​នៃការចិញ្ចឹម​ត្រី​នៅក្នុង​ស្រុក​ទាប អាច​ប្រកួតប្រជែង​ថ្លៃ​ជាមួយនឹង​ត្រី​នាំចូល​ពី​ប្រទេស​វៀតណាម​នៅលើ​ទីផ្សារ​កម្ពុជាបាន។  នេះ​បើតាម​លោក ពុំ សុថា ប្រធានរដ្ឋបាល​ជលផល​​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

​ការចាប់ផ្តើម​សិក្សា​លទ្ធភាព​ក្នុងការ​កាត់បន្ថយ​ថ្លៃដើម​នៃ​ការចិញ្ចឹម​ត្រី​នៅក្នុង​ស្រុក​នេះ គឺធ្វើឡើង​បន្ទាប់ពី​ក្រសួងកសិកម្ម បានអនុញ្ញាត​ឱ្យមាន​កា​រ​នាំចូល​ត្រី​ពោ ត្រី​ប្រា ត្រី​អណ្តែង និង​ឆ្តោ ពី​វៀតណាម ឡើងវិញ​កាលពី​ថ្ងៃទី​៨​កុម្ភៈ ឆ្នាំ​២០២១​។ លោក ពុំ សុថា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នា​ព្រឹក​ថ្ងៃទី​១២​កុម្ភៈ ថា ៖«​ឥឡូវ​ហ្នឹង​ក្រុមការងារ​ខ្ញុំ​និង​អ្នកជំនាញ​នៅ​ក្រសួង​ពាក់ព័ន្ធ​កំពុង​សិក្សា​រួមគ្នា ត្រូវ​ធ្វើឱ្យ​យ៉ាងម៉េច​ឱ្យ​តម្លៃ​ដើម​នៃ​ការចិញ្ចឹម​ត្រី​ទាប ឬ​អាច​កាត់ថ្លៃដើម​បាន​ខ្លះ​សម្រាប់​ពលរដ្ឋ​ដែល​ចិញ្ចឹម​ត្រី​»​។​
 
​ក្រសួង​ពាក់ព័ន្ធ​ដែល​កំពុង​ធ្វើ​កិច្ចការងារ​ជាមួយ​ក្រសួងកសិកម្ម ក្នុងការ​កាត់បន្ថយ​ថ្លៃ​ដើម​សម្រាប់​វា​រី​វប្បករ មាន​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រួម​ជាមួយនឹង​ក្រសួងពាណិជ្ជកម្ម ខណៈ​កម្ពុជា​កំពុង​រឹតត្បិត​នៃ​ការ​នាំចូល​ត្រី​ពី​ប្រទេស​វៀតណាម​។ សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងកសិកម្ម​កាលពី​ថ្ងៃ​ទី​៨​កុម្ភៈ បញ្ជាក់ថា ទោះបី​ក្រសួង​អនុញ្ញាតឱ្យ​ឈ្មួញ​នាំ​ត្រី​ពី​វៀតណាម​ទាំង​៤​ប្រភេទ​ខាងលើ ចូល​ទីផ្សារ​កម្ពុជា​ក៏ពិតមែន ប៉ុន្តែ​ការនាំ​ចូល​ត្រី​ទាំងនោះ គឺធ្វើឡើង​ស្របតាម​តម្រូវការ​ជាក់ស្តែង​នៅក្នុង​ស្រុក ដោយ​អនុលោម​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។​
 
​បើតាម​លោក ពុំ សុថា បច្ចុប្បន្ន ត្រី​ដែល​អនុញ្ញាតឱ្យ​នាំចូល​ពី​វៀតណាម គឺមាន​ចំនួន​តិច​បំផុត​។ ប្រធានរដ្ឋបាល​ជល​ផលដែលទើបមកកាន់ដំណែង​រូបនេះ បាន​បញ្ជាក់ថា​៖«​រាល់ថ្ងៃ ការនាំ​ចូល​ត្រី​មាន​ត្រឹមតែ​១០​ភាគរយ​ប៉ុណ្ណោះ បើ​ធៀប​នឹង​កន្លងមក​គឺ​១០០​ភាគរយ ដែល​យើង​មិនទាន់​រឹតបន្តឹង​ចំពោះ​ឈ្មួញ​ក្នុងការ​នាំចូល​ត្រី​ពី​វៀតណាម​នេះ​»​។ 
​ក្នុងនាម​តំណាង​ក្រសួងកសិកម្ម​លោក សុថា ក៏​ទាមទារ​ឱ្យមាន​ទម្លាក់​ថ្លៃ​អគ្គិសនី​សម្រាប់​វា​រី​វប្បករ ក៏​ដូច​ពលរដ្ឋ​ចិញ្ចឹម​ត្រី​, កាត់​បន្ថយថ្លៃ​ដឹកជញ្ជូន និង​ព្យាយាម​ធ្វើយ៉ាងណា​ឱ្យមាន​រោងចក្រ​ឬ​ក្រុមហ៊ុន​ផលិត​ចំណី​ត្រី​នៅក្នុង​ស្រុក​ឱ្យបាន​ច្រើន​។ សព្វថ្ងៃនេះ កម្ពុ​ជាមាន​ក្រុមហ៊ុន​តែមួយ​ប៉ុណ្ណោះ ឈ្មោះ Agri Master  Company ដែល​ផលិត​ចំណី​សម្រាប់​ត្រី មាន​ទីតាំងនៅ​ភូមិ​ព្រែកក្តី ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​។ 
 
​លោក ទូច បូ​ណា អ្នក​ចិញ្ចឹម​ត្រី​នៅ​ខេត្តកណ្តាល បាន​និយាយថា ចំណី​ត្រី​នីមួយៗ​មានតម្លៃ​ប្រែប្រួល​ទៅ​កម្រិត​ប្រូតេអ៊ីន​នៅក្នុង​ចំណី​ទាំង​ត្រី​នោះ​។ ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​កន្លងមកនេះ ត្រី​ពោ​នៅក្នុង​កសិដ្ឋាន​របស់លោក​បូ​ណា ភាគច្រើនបំផុត​គឺ​ឱ្យ​ស៊ី​ចំណី​ដែល​នាំ​ចូលពី​ប្រទេស​វៀតណាម​។ លោក បន្ត រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ចំណីត្រី​មួយ​បាវ​ដែលមាន​ទម្ងន់​២៥​គីឡូក្រាម កម្រិត​ប្រូតេអ៊ីន​៤០ មានតម្លៃ​២២​ដុល្លារ​, ប្រូតេអ៊ីន​កម្រិត​៣៥​មានតម្លៃ​១៩,៧​ដុល្លារ​, ប្រូតេអ៊ីន​កម្រិត​៣០ មានតម្លៃ​១៦,៥​ដុល្លារ​, ប្រូតេអ៊ីន​កម្រិត​២៨ មានតម្លៃ​១៥,៨​ដុល្លារ​, ប្រូតេអ៊ីន​កម្រិត​២៦ មានតម្លៃ​១៥,៣​ដុល្លារ និង​ប្រូតេអ៊ីន​កម្រិត​២២ មានតម្លៃ​១៤,៣​ដុល្លារ​។ 
 
​ចំណី​ត្រី​កម្រិត​ប្រូតេអ៊ីន​ទាំងនេះ​គឺ​ប្រើប្រាស់​ទៅតាម​អាយុកាល ឬ​ពេលវេលា​លូតលាស់​របស់​ត្រី​។  លោក បូ​ណា បាន​និយាយ​ដូច្នេះ​៖«​ចំពោះ​ត្រី​ពោ​នៅពេលដែល​វា​នៅ​តូច​មាន​អាយុ​១-២​អាទិត្យ យើង​ឱ្យ​ចំណី​កម្រិត​ប្រូតេអ៊ីន​៤០​។ បាន​២​អាទិត្យ​ក្រោយ​ក យើង​ឱ្យ​ចំណី​ប្រូតេអ៊ីន​៣៥ រហូតដល់​មាន​អាយុ​១​ខែ យើង​ឱ្យ​ចំណី​ប្រូតេអ៊ីន​កម្រិត​៣០​វិញ​។ នៅពេល​វា​ធំ​បន្តិច​ម្តងៗ​ទៅតាម​អាយុកាល យើង​ប្រើប្រាស់​ចំណី​កម្រិត​តេ​ប្រូ​អ៊ី​ន​ទៅតាម​ហ្នឹង​ដែរ​។ ចំពោះ​ចំណី​ត្រី​ប្រូតេអ៊ីន​កម្រិត​២៦ គឺ​យើង​ប្រើប្រាស់​ច្រើនជាងគេ​រហូតដល់​លក់​»​។​


បុរសម្នាក់កំពុងឈរបាចចំណីឱ្យត្រី។ រូបថត៖​ សមាគមវារីវប្បករកម្ពុជា 
​ចំណី​ត្រី​ភាគច្រើន​ដែល​វា​រី​វប្បករ​ប្រើប្រាស់​សព្វថ្ងៃ គឺ​ភាគច្រើន​នាំចូល​ពី​បរទេស និង​មានតម្លៃ​ខ្ពស់​ជាងគេ​ជាង​។ លោក​ទូច បូ​ណា បាន​អះអាងថា លោក ចង់​ប្រើប្រាស់​ចំណី​ត្រី​ដែល​ផលិតផល​ក្នុងស្រុក​ដែលមាន​តម្លៃ​ទាប​ជាង​ចំណី​នាំចូល​ពី​វៀតណាម និង​ជា​ចំណី​មាន​ចំណី​ត្រី​ដែលមាន​គុណភាព​។ 
 
​ជាមួយនឹង​គ្នា​នេះ លោក ឡែ​ម​ផូ​រ សុថា​វរិ​ទ្ធិ អ្នកទទួលបន្ទុក​អភិវឌ្ឍ​វារីវប្បកម្ម​នៃ​សហគម​វា​រី​វប្បករ​កម្ពុជា បាន​លើកឡើងថា ច្រ​វាក់​ផលិតកម្ម​នៃ​ការចិញ្ចឹម​ត្រី​របស់​ពលរដ្ឋ​ក្នុងស្រុក គឺមាន​តម្លៃ​ខ្ពស់​ខ្លាំងណាស់ បើ​ធៀប​នឹង​ប្រទេសជិតខាង ហើយ​ថែមទាំង​ប្រឈម​នឹង​ការខាតបង់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ផងដែរ​។  បើតាម លោក សុថា​វរិ​ទ្ធិ វត្ថុធាតុដើម​ដែល​បម្រើ​ក្នុង​វិស័យ​វារីវប្បកម្ម ដែល​កម្ពុជា​នាំចូល​ពី​បរទេស ពិសេស​ជា​ប្រទេស​វៀតណាម​នោះ គឺមាន​ថ្លៃ​ខ្ពស់ ដោយ​រាប់​ចាប់ពី​ចំណី​ត្រី ។ ក្រៅពីនេះ កូន​ត្រី​សម្រាប់​ចិញ្ចឹម​ក្នុងស្រុក​ក៏​ថ្លៃ​, ថ្នាំ​ព្យាបាល​ឬ​ថ្នាំ​បង្ការ​នានា​ក៏​ថ្លៃ​...​ហើយ​ថែមទាំង​ចរន្តអគ្គិសនី និង​សេវា​ដឹកជញ្ជូន​នៅ​កម្ពុជា មានតម្លៃ​ខ្ពស់​ទៀត ដែល​ធ្វើឱ្យ​វា​រី​វប្បករ​នានា គ្មាន​លទ្ធភាព​ប្រកួតប្រជែង​ថ្លៃ​ជាមួយ​ត្រី​នាំចូល​ពី​វៀតណាម​ឡើយ​។ 
 
​ក្រុមការងារ​អន្តរក្រសួង​បាន​ឯកភាពគ្នា​ថា កម្ពុជា​គួរ​ពង្រឹងសមត្ថភាព​ប្រកួតប្រជែង​របស់​វា​រី​វប្បករ​ក្នុងស្រុក ដោយ​ឈរលើ​គោលការណ៍​ពាណិជ្ជកម្ម​សេរី និង​ពង្រឹង​ការកសាង​និង​អនុ​វត្តបទ​ប្បញ្ញត្តិ​បច្ចេកទេស ដើម្បី​ធានា​គុណភាព និង​សុវត្ថិភាព​ចំណីអាហារ​។ នេះ​បើតាម​ចុះផ្សាយ​របស់ក្រសួង​ពាណិជ្ជកម្ម  កាលពី​ថ្ងៃទី​៦​កុម្ភៈ ឆ្នាំ​២០២១​។ 
 
​សូមជម្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រេច​អនុញ្ញាតឱ្យ​នាំចូល​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង និង​ត្រី​ឆ្តោ ពី​ប្រទេស​វៀតណាម​វិញ​នេះ ក្រោយ​មានការ​ផ្អាក​នាំចូល​ត្រី​ទាំង​បួន​ប្រភេទ​នេះ អស់​រយៈពេល​មួយខែ​កន្លងមក​។ ការអនុញ្ញាតឱ្យ​ឈ្មួញ​នាំចូល​ពី​ត្រី​ទាំងនេះ​ពី​វៀតណាម​វិញ គឺធ្វើឡើង​បន្ទាប់ពី​ភាគី​វៀតណាម​សម្តែង​ការមិន​ពេញចិត្ត​ជាខ្លាំង​មក​កម្ពុជា ដោយបាន​លើកឡើងថា កម្ពុជា​គឺ​ធ្វើ​ផ្ទុយ​ពី​ស្មារតី​សេរីភាព​ភាវូបនីយកម្ម​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​៕
 
 

Tag:
 ត្រី​
  វារីវប្បកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com