ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ប្រជាសហគមន៍តាំងយូ មានជីវភាពប្រសើរ ដោយសារវិស័យទេចរណ៍ក្នុងតំបន់បេតិកភណ្ឌជាតិភ្នំត្បែង
13, Feb 2021 , 7:29 pm        
រូបភាព
ព្រះវិហារ៖ ប្រជាសហគមន៍ទឹកធ្លាក់តាំងយូភ្នំត្បែង មានជីវភាពកាន់តែប្រសើរឡើង តាមរយៈការផ្គត់ផ្គង់បន្លែត្រីសាច់ ម្ហូបអាហារ សម្រាប់ភ្ញៀវទេសចរណ៍នៅតំបន់បេតិកភណ្ឌជាតិភ្នំត្បែង។ ប្ដូរពីការចូលព្រៃកាប់ឈើ និងបរបាញ់សត្វ ប្រជាសហគមន៍នៅទីនេះ បានក្លាយជាអ្នកការពារព្រៃដ៏សកម្ម ហើយពួកគេរីករាយនឹងការដកអនុផលព្រៃឈើ ដើម្បីផ្គត់ផ្គង់តម្រូវការភ្ញៀវទេសចរណ៍។ ស្របពេលវិស័យទេសចរណ៍នៅភ្នំត្បែង កំពុងស្ដារជីវភាពប្រជាជន ក្រសួងបរិស្ថានក៏កំពុងសិក្សាតំបន់បេតិកភណ្ឌជាតិភ្នំត្បែងនេះ ដើម្បីស្នើទៅអង្គការយូណេស្កូ ដាក់ក្នុងបញ្ជីត្រៀម ដើម្បីស្នើសុំជាបេតិកភណ្ឌពិភពលោកផងដែរ។

 
តទៅនេះសូមលោកអ្នក អញ្ជើញស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយក្ដីរីករាយ៖



 
តាមរយៈព្រៃស្រោង និងព្រៃពាក់កណ្ដាលស្រោង ដោយនៅសេសសល់ឈើប្រណីតដូចជាគ្រញូង បេង និងធ្នង់ជាដើម រួមទាំងប្រភេទឈើសម្រាប់ធ្វើជាឱសថបុរាណខ្មែរ បន្ថែមដោយសត្វព្រៃកម្រៗដូចជាសត្វកែះ ពង្រូល ប្រើស ខ្លាឃ្មុំ និងទន្សោងជាដើម បានធ្វើឱ្យតំបន់បេតិកភណ្ឌជាតិភ្នំត្បែង ក្លាយជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិដ៏ទាក់ទាញ។ បន្ថែមពីនោះទឹកជ្រោះតាំងយូ ទឹកជ្រោះចក្រវិល ទឹកជ្រោះកណ្ដុរស ទឹកជ្រោះចាក់អង្រែក្រោម រូងប្រជៀវភ្នំត្បែង វត្តតាំងយូ ទីសក្ការថ្មបីដុំ និងកន្លែងទីសក្ការផ្សេងៗទៀត ជាទីតាំងដ៏សំខាន់បំផុតដែលបានទាក់ទាញភ្ញៀវទេសចរណ៍។ 
 
មានផ្ទៃដីជាង ២៥ពាន់ហិកតា ជាប់ភូមិសាស្ត្រស្រុក៥ គឺស្រុកត្បែងមានជ័យ ស្រុងរវៀង ស្រុកសង្គមថ្មី ស្រុកគូលែន និងក្រុងព្រះវិហារ តំបន់បេតិកភណ្ឌជាតិភ្នំត្បែង កំពុងរួមចំណែកជួយជីវភាពប្រជាសហគមន៍តាំងយូ ក៏ដូចជាប្រជាជនក្នុងតំបន់ជុំវិញ។


 
ស្ថិតនៅដំណាក់ទី១ នៃផ្លូវឡើងទៅកំពូលភ្នំត្បែង តាមច្រកផ្លូវតាំងយូ លោក ចាន់ វណ្ណូ ដែលជាប្រធានសហគមន៍ទឹកធ្លាក់តាំងយូភ្នំត្បែង បានប្រាប់សារព័ត៌មានថ្មីៗថា ចាប់តាំងពីបង្កើតសហគមន៍តាំងយូ ប្រជាជននៅទីនេះ បានបញ្ឈប់ទាំងស្រុងលើការកាប់ឈើ ឬការបរបាញ់សត្វ ដោយបែរមកដកអនុផលព្រៃឈើ យកទៅផ្គត់ផ្គង់ក្នុងវិស័យទេសចរណ៍វិញ។ លោក ចាន់ វណ្ណូ ពន្យល់បន្ថែម៖«ចាប់តាំងពីបង្កើតសហគមន៍នេះឡើង ប្រជាជនមានការធ្វើ ឈប់ទៅចំណាកស្រុក ឈប់កាប់ដើមឈើ។ បើនិយាយទៅ ពីមុនមុខរបរគេ កាប់ដើមឈើ និងរកសត្វ ឥឡូវគេឈប់ទៅកាប់ហើយ គេមកនាំភ្ញៀវវិញ។ គេទទួលផលពីព្រៃឈើ ដូចជាទៅដកផ្សិត បោចវល្លិយកមកកែច្នៃ ដូចជាផ្ដៅ ជាពិសេសថ្នាំឈើ។ ផ្លែឈើព្រៃនៅទីនេះមានសិរមាន់ គុយ រំដួល និយាយទៅច្រើន ហើយដល់ខែបន្លែមានបន្លែ»។ 
 
កាន់តំណែងជាប្រធានសហគមន៍ក្នុងឆ្នាំ២០១៩ បុរសវ័យ៥៧ឆ្នាំ ដែលមានពិការភាពដៃខាងស្ដាំត្រឹមកំភួនដៃរូបនេះ ហាក់សប្បាយរីករាយក្នុងចិត្ត ដោយបង្ហាញតាមរយៈទឹកសំលេង នៅពេលដែលលោកលើកឡើងពីកម្រិតជីវភាពប្រជាសហគមន៍របស់ខ្លួន បានធូរធារព្រោះវិស័យទេសចរណ៍៖«ឥឡូវនេះពេលមានភ្ញៀវមក គេខ្ចប់ជាកញ្ចប់ ទុកឱ្យភ្ញៀវ ដូចជាធ្វើកូនកន្ត្រក បើកាលពីមុន អត់មានភ្ញៀវមិនដឹងយកទៅលក់ឱ្យអ្នកណា បេះមកតែល្មមហូប នៅសល់បោះចោល។ ប្រជាជននៅភូមិនេះ ដូចជាធូរជាងមុន ព្រោះគាត់បានជូនភ្ញៀវ ហើយគាត់បានដាំបន្លែលក់ឱ្យភ្ញៀវ ជាពិសេសគាត់ចិញ្ចឹមមាន់ស្រែ។ ឥឡូវនេះមាន់មួយគីឡូ២ម៉ឺន រកមាន់លក់មិនបានផង»។


 
ជាចុងភៅចម្អិនអាហារសម្រាប់ភ្ញៀវទេសចរណ៍ អ្នកស្រី គង់ សូនី អាយុ៣៥ឆ្នាំ កំពុងធ្វើដំណើរតាមច្រកតាំងយូ ដែលជាផ្លូវបុរាណឆ្លងកាត់កំផែងថ្មបត់បែនដូចពោះលូន ចុះពីលើភ្នំត្បែង។ សម្បុរស្រអែមស្រស់ មាត់លាបក្រែមក្រហមឆ្អៅ ស្ត្រីកូន២រូបនេះ ច្រើនផ្ដល់សេវាអាហារឱ្យភ្ញៀវទេសចរណ៍នៅពេលរសៀល ដោយត្រូវទៅចម្អិននៅលើកំពូលភ្នំត្បែងតែម្ដង៖«តាមភ្ញៀវចង់បាន បើភ្ញៀវឱ្យទៅលើភ្នំ ខ្ញុំទៅលើភ្នំ បើចង់ឱ្យនៅខាងក្រោម ខ្ញុំនៅខាងក្រោម ហើយអ្នកស្ពាយឥវ៉ាន់ផ្សេង។ ភាគច្រើនគេឱ្យចម្អិនពេលល្ងាច ជួនកាល១យប់ ជួនកាល២យប់ ហើយបើ២យប់គេទៅដំបូកខ្មៅទៀត។ ភាគច្រើនគេដុតមាន់ អាំងមាន់ ជួនកាលទៅឆាបន្លែ តាមភ្ញៀវគាត់ចង់បាន។ មួយថ្ងៃខ្ញុំគិតពីគេ៤ម៉ឺនរៀល ហើយបានមកខ្ញុំ៣ម៉ឺន៨ពាន់រៀល ហើយដាក់ក្នុងសហគមន៍២ពាន់»។ 
 
ដើរក្នុងដំណើរស្វាហាប់ចុះពីលើភ្នំតាមកំផែងថ្ម ដោយស្ពាយកាបូបធំល្មមមួយនៅខាងក្រោយខ្នង ហើយមានដាក់បំពង់ទឹកបរិស្ថាននៅចំហៀងកាបូបផង ស្ត្រីពាក់អាវសក្រឡាការ៉ូខ្មៅ គង់ សូនី ដែលរស់ក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ក៏ត្រូវយកសម្លៀកបំពាក់ អង្រឹង និងទឹក ដាក់តាមខ្លួន ដើម្បីសម្រាកនៅលើកំពូលភ្នំ រាល់ពេលចម្អិនអាហារឱ្យភ្ញៀវ។


 
ដើរបណ្ដើរនិយាយបណ្ដើរ ប្រជាសហគមន៍ដែលទទួលផលពីវិស័យទេសចរណ៍ក្នុងតំបន់បេតិកភណ្ឌជាតិភ្នំត្បែងរូបនេះ ប្រាប់ថាខ្លួនចង់ឱ្យវិស័យទេសចរណ៍នៅទីនេះកាន់តែរីកចម្រើនជាងនេះទៀត៖«ខ្ញុំធ្វើស្រែ ហើយពីធ្វើស្រែនៅផ្ទះធម្មតា។ ឥឡូវខ្ញុំធ្វើស្រែដែរ តែហើយពីស្រែមានភ្ញៀវ ខ្ញុំបានដាំបាយឱ្យភ្ញៀវ។ មាន់សម្រាប់ធ្វើម្ហូបយកមកពីក្នុងភូមិ ក្នុងសហគមន៍នេះឯក មិនយកមកពីទីផ្សារទេ។ ខ្ញុំសប្បាយចិត្តមែនទែន ខ្ញុំចង់បានឱ្យរីកចម្រើនជាងនេះទៀត។ ប្រសិនបើខែណាមានភ្ញៀវគាត់មកបាន២ទៅ៣ក្រុមអី ខ្ញុំបានប្រហែល១០ម៉ឺនជាង»។
 
ក៏ជាប្រជាសហគមន៍ដែលទទួលផលពីវិស័យទេសចរណ៍ដែរ លោក ហួន ចាំ អាយុ៣០ឆ្នាំ គឺជាអ្នកនាំផ្លូវភ្ញៀវ និងជាអ្នកជញ្ជូនអ៊ីវ៉ាន់ចុះឡើងភ្នំ។ ប្រកបរបរនេះអស់រយៈពេល៣ឆ្នាំ លោក ហួន ចាំ ដែលកំពុងអង្គុយលើផ្ទាំងថ្មតូចល្មមនៅដំណាក់ទី១នៃផ្លូវឡើងទៅភ្នំត្បែង ក្រោមដើមស្រឡៅដ៏ធំមួយ រៀបរាប់ពីឥវ៉ាន់ដែលលោកតែងស្ពាយឡើងភ្នំដូច្នេះ៖«ជញ្ជូនឥវ៉ាន់ឱ្យគេទាំងអស់ ដូចជាម្ហូប សាច់មាន់ បន្ថែ អង្ករ តង់ ឥវ៉ាន់គេដេក ហើយនាំផ្លូវគេទៅ។ ស្ពាយឥវ៉ាន់ឱ្យគេហ្នឹង សហគមន៍ឱ្យយកពីគេ៤ម៉ឺនរៀល។ ក្នុងមួយថ្ងៃខ្ញុំអាចជញ្ជូនឥវ៉ាន់ឱ្យគេបាន២ជើងអីទេ។ ទម្ងន់មិនជាក់ស្ដែងដែរ ជួនកាល១៥គីឡូ ជួនចូល៣០គីឡូ ទៅ៤០គីឡូអី។ បើកាន់តែធ្ងន់ឡើងលុយទេ? អត់ទេតម្លៃដដែល ប៉ុន្ដែជួនកាលមានគេឱ្យថែមពីលើខ្លះ។ អរ! គេឃើញអាណិតគេជួយថែមខ្លះៗ? បាទ»។
 
ដ្បិតតែត្រូវស្ពាយឥវ៉ាន់ឡើងភ្នំច្រើន រហូតពេលខ្លះសឹងហួសកម្លាំងផងក៏មាន ក៏បុរសសម្បុរស្រអែម ពាក់អាវក្រឡាការ៉ូពណ៌សលាយខ្មៅដៃវែងរូបនេះ មិនត្អូញត្អែរឡើយ ប៉ុន្តែលោកបែរជាសំណូមពរឱ្យភ្ញៀវទេសចរណ៍យកសំណល់ប្លាស្ទិក ដែលនាំមកជាមួយយកទៅផ្ទះវិញ។ លោក ហួន ចាំ បញ្ជាក់ដោយសម្ដីមួយៗ៖«ឥវ៉ាន់ច្រើនរកអ្នកស្ពាយតិច ដល់អ៊ីចឹងដាក់ធ្ងន់ខ្លាំងដែរ គេខ្លាចអស់លុយ ដល់អ៊ីចឹងធ្ងន់។ សម្រាប់ភ្ញៀវ ខ្ញុំសំណូមពរឱ្យតែគាត់កាន់ថង់ប្លាស្ទិកដែលគាត់យកមកហ្នឹង ឱ្យយកទៅវិញ ព្រោះខ្ញុំប្រមូលរហូតដែរហ្នឹង ពេលដុតទៅធំផ្សែងពុលចង់វិលដែរ»។


 
កង្វក់មិនខុសគ្នាប៉ុន្មានឡើយ លោក មឿង លំផុន ដែលជាប្រធានការិយាល័យតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង មានតួនាទីដើរល្បាតព្រៃឈើ និងមើលបទល្មើសផ្សេងៗ ក៏នឿយហត់ចិត្តនឹងបញ្ហាគ្រប់គ្រងសំរាមប្លាស្ទិកនេះដែរ។ មានវ័យ៥៥ឆ្នាំ លោក មឿង លំផុន បានមកកាន់ការងារក្នុងតំបន់ភ្នំត្បែងក្នុងខេត្តព្រះវិហារ តាំងពីឆ្នាំ១៩៩៣។ មានស្រុកកំណើត នៅក្រុងព្រះវិហារ 
ខេត្តព្រះវិហារ បុរសសម្បុរស្រអែមមាឌមាំរូបនេះ ថាភ្ញៀវភាគច្រើនមិនបានចាប់អារម្មណ៍ លើការជួយថែរក្សាបរិស្ថាន តាមរយៈការគ្រប់គ្រងសំរាមប្លាស្ទិកឱ្យបានត្រឹមត្រូវឡើយ៖«ភាគច្រើនភ្ញៀវមកលេង គាត់ហូបហើយ គាត់បោះចោលនៅហ្នឹង អត់យកចិត្តទុកដាក់ក្នុងការអនាម័យបរិស្ថានផង ទោះបីដាក់ពាក្យតាមដើមឈើ ក៏គាត់មិនចាប់អារម្មណ៍មើល។ នៅកន្លែងទឹកធ្លាក់តាំងយូ មានសំរាមច្រើន ដោយសារភ្ញៀវមកកម្សាន្ត គាត់មិនចាប់អារម្មណ៍អ្វីទាំងអស់។ ខ្ញុំដល់ពេលរដូវភ្ជុំ កឋិនហ្នឹង ១០ម៉ែត្រយើងដាក់បេរមួយ  ទុកឱ្យភ្ញៀវគាត់ដាក់សំរាម ប៉ុន្តែភ្ញៀវភាគច្រើនគាត់មិនដាក់។ ហើយកន្លែងនេះទៀតមិនមានអ្នកណាចូលរួមជួយសម្អាតទេ។ ក្នុងមួយឆ្នាំយើងមានកម្មវិធីសិស្សសាលា គាត់អាចចូលរួមជួយសម្អាត នៅលើខ្នងភ្នំត្បែង ទឹកធ្លាក់ចាមរីយើងហ្នឹង»។


 
ដោយសារផ្លូវឡើងទៅលើកំពូលភ្នំ នៅមានលក្ខណៈបុរាណ ដែលអាចមានគ្រោះថ្នាក់ខ្លះដល់ភ្ញៀវ នៅរដូវវស្សា ប្រធានសហគន៍តាំងយូ លោក  ចាន់ វណ្ណូ ស្នើដល់អង្គការ ក្រុមហ៊ុន ឬក្រសួងពាក់ព័ន្ធនានា វិនិយោគលើការរៀបចំខ្សែរ៉ត ដើម្បីសម្រួលដល់វិស័យទេសចរណ៍នៅទីនេះ ឱ្យកាន់តែមានទំនើបកម្ម៖«ខ្ញុំចង់បានច្រើនមែនទែនហើយ ប៉ុន្តែវាមិនមានលទ្ធភាព ខ្ញុំចង់បានខ្សែរ៉តហ្នឹងគឺពិសេសហើយ។ ពេលភ្លៀងមានការលំបាក មានរអិលមានអី។ សព្វថ្ងៃហ្នឹងខ្ញុំធ្វើកាំជណ្ដើរ ពេលមួយឆ្នាំទៅពីរឆ្នាំបាក់ហើយ បើយើងធ្វើខ្សែរ៉តវាបានយូរ។ ខាងអង្គការឬក្រុមហ៊ុនអី សូមជួយដើម្បីយើងការពារព្រៃភ្នំហ្នឹង ព្រោះវាមិនទាន់រេចរឹលវានៅល្អ»។
 
ឆ្លើយតបទៅនឹងការចង់បានរបស់ប្រធានសហគមន៍ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បញ្ជាក់ដូច្នេះ៖«សម្រាប់ក្រសួងបរិស្ថាន យើងផ្ដោតសំខាន់លើការងារការពារ និងអភិរក្សធនធានធម្មជាតិរបស់យើង។ ពាក់ព័ន្ធនិងការរៀបខ្សែរ៉ត ឬរៀបចំអ្វីមួយ គឺអាស្រ័យលើសហគមន៍ ឬក៏មានការស្នើសុំ វិនិយោគណាមួយ នៅក្នុងកម្រិតដែលសហការជាមួយសហគមន៍ ដើម្បីបង្ករភាពងាយស្រួល។ ពេលខ្លះយើងមិនអភិរក្សងប់ងុលពេកទេ ប្រសិនបើយើងបង្កើតភាពងាយស្រួល ដល់ភ្ញៀវទេសចរណ៍ យើងនឹងអាចទទួលបានភ្ញៀវទេសចរណ៍ច្រើន ចំណូលក៏បានចូលមកប្រជាពលរដ្ឋ និងប្រជាសហគមន៍ដែរ»។
 
ដោយមានសក្ដានុពលធនធានធម្មជាតិ ជីវចម្រុះ និងជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិដ៏ទាក់ទាញ  ក្រសួងបរិស្ថានកំពុងសិក្សា តំបន់ការពារធម្មជាតិភ្នំត្បែង ដាក់ក្នុងបញ្ជីត្រៀម ដើម្បីស្នើទៅអង្គការយូណេស្កូ ដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៖«ទី១ គឺជាទីតាំងគោរពសក្ការបូជាតាំងពីដើមមក រហូតមកដល់ពេលនេះ ជាកន្លែងដែលស័ក្ដិសិទ្ធិ ដែលមានជំនឿ នេះពាក់ព័ន្ធជាមួយនឹងវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់។ ទី២ គឺមានសក្ដានុពលខាងផ្នែកជីវចម្រុះ នៅតំបន់ភ្នំត្បែងនេះ គឺសម្បូរទៅដោយប្រភេទសត្វដែលកម្រ ដូចជាសត្វកែះ សត្វប្រើស សត្វឈ្លូស សត្វខ្លាឃ្មុំ និងសត្វប្រភេទផ្សេងៗទៀត»។


 
លោក នេត្រ ភក្ត្រា ប្រាប់បន្ថែមពីសក្ដានុពល ក្នុងតំបន់ការពារធម្មជាតិភ្នំត្បែង៖«តំបន់នេះសម្បូររុក្ខជាតិដែលមានព្រៃស្រោង ព្រៃពាក់កណ្ដាលស្រោង និងឈើប្រណីត ហើយក៏មានឈើដែលប្រើប្រាស់ជាឱសថផ្សេងៗដែរ។ ទី៣ ពាក់ព័ន្ធជាមួយនឹងទេសចរណ៍នេះតែម្ដង ដែលជាផ្នែកមួយមានសក្តានុពលសំខាន់។ ឥឡូវអ្នកជំនាញ ទន្នឹមនឹងគាត់ឯកភាពថា យកតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង សម្រាប់ស្នើសុំឱ្យអង្គការយូណេស្កូដាក់ជាបញ្ជីត្រៀម ដើម្បីស្នើសុំជាបេតិកភណ្ឌធម្មជាតិពិភពលោក គឺគាត់បានស្នើសុំឱ្យសិក្សា នូវចំណុចចុងក្រោយបន្ថែម ពាក់ព័ន្ធជាមួយនឹងផ្នែកទេសចរណ៍»។
 
ស្ថិតនៅដំណាក់ទី១នៃផ្លូវឡើងទៅកំពូលភ្នំត្បែង តាមច្រកតាំងយូ ដែលជាផ្លូវបុរាណ លោក នេត្រ ភក្រ្តា ថាអ្នកជំនាញខាងបេតិកភណ្ឌ តម្រូវឱ្យមានការសិក្សាប្រវត្តិភ្នំត្បែង ផ្សារភ្ជាប់ទៅតំបន់ប្រវត្តិសាស្រ្តមួយចំនួនទៀត៖«អ្នកជំនាញឱ្យសិក្សាផ្នែកទេសចរណ៍ ពីតំបន់ភ្នំត្បែងនេះ ទៅតំបន់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ដោយផ្សារភ្ជាប់ប្រវត្តិពីភ្នំត្បែង ទៅព្រះវិហារ ពីកោះកែរ៍មកភ្នំត្បែង ពីប្រាសាទអង្គវត្ត មកអតីតរាជធានីផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានសក្តានុពលខាងផ្នែកទេសចរណ៍»។


 
ភ្នំត្បែងមានច្រកឡើងទៅលើកំពូលភ្នំ៤ផ្លូវ គឺផ្លូវដំបូកខ្មៅស្ថិននៅប៉ែកខាងកើតភ្នំ មានកាំជណ្ដើរ១,០៩២កាំ។ ច្រកផ្លូវតាំងយូ ស្ថិតនៅប៉ែកខាងជើងភ្នំ ផ្លូវនេះជាផ្លូវបុរាណ ត្រូវដើរតាមកំផែងឬដំណាក់ថ្ម។ ចំណែកច្រកផ្លូវថ្ម៣ដុំ នៅប៉ែកខាងត្បូង ផ្លូវនេះកំពុងរៀបចំធ្វើជណ្ដើរដែក ដោយគ្រោងនឹងសង់ទំហំទទឹង១ម៉ែត្រ។ រីឯផ្លូវទី៤ គឺច្រកសហគមន៍ចាក់អង្រែ ដែលស្ថិតនៅប៉ែកខាងលិច។
 
តំបន់ការពារធម្មជាតិភ្នំត្បែង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចូលជាតំបន់បេតិកភណ្ឌជាតិភ្នំត្បែង នៅថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៦។ នៅជុំវិញភ្នំត្បែង មានសហគមន៍ចំនួន៣ គឺសហគមន៍តាំងយូ សហគមន៍ចាក់អង្រែ និងសហគមន៍ដាតាវឹក។ ភាគច្រើនភ្ញៀវទេសចរណ៍ទៅកម្សាន្តនៅភ្នំត្បែង នៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិធំៗ ដូចជាចូលឆ្នាំប្រពៃណីជាតិ និងភ្នំបិណ្ឌជាដើម៕ 
 

Tag:
 សហគមន៍
  តាំយូ
  ទេសចរណ៍
  ភ្នំត្បែង
  បេតិកភណ្ឌ
© រក្សាសិទ្ធិដោយ thmeythmey.com