ជាតិ
ងាយៗ និងចំណេញលុយ! របៀបដាំជីអង្កាមក្នុងផើង ដែលលោក-អ្នកអាចដាំដោយខ្លួនឯងបាន
14, Feb 2021 , 8:59 pm        
រូបភាព
បភាពពីហ្វេសប៊ុកលោក ហេង សំអឿន
បភាពពីហ្វេសប៊ុកលោក ហេង សំអឿន
ដោយ:
ដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃពលរដ្ឋគួរបង្កើនការដាំដុះដោយខ្លួនឯងដូចជា ជី ម្ទេស ស្លឹកគ្រៃ ជាដើមដែលជាតម្រូវការប្រចាំថ្ងៃ។ លោក-អ្នក អាចជ្រើសវិធីសាស្ដ្រដាំដុះងាយៗដែលមិនចាំបាច់ត្រូវការបរិវេណធំទូលាយនោះទេ ដូចជាការកែច្នៃរបស់ចាស់ៗមកដាំ ឬដាំក្នុងផើងជាដើម។
 
ថ្ងៃនេះសារព័ត៌មាន ThmeyThmey25 សូមចែករំលែកពីបច្ចេកទេសដាំជីអង្កាមក្នុងផើងងាយៗ ពីលោក ហេង សំអឿន ដែលបានអនុវត្តវិធីនេះផ្ទាល់ និងទទួលបានជោគជ័យ។
 
បើតាមលោក ហេង សំអឿង ដើម្បីដាំជីអង្កាមក្នុងផើងដំបូងត្រូវយកដី ធ្យូង និងអង្កាម លាយជាល្បាយដាក់ក្នុងផើងសម្រាប់ផ្សាំដើម្បីឲ្យដីធូរល្អមិនជាំទឹក និងងាយចាក់ឫស។ បន្ទាប់ពីរៀបចំដីរួចហើយត្រូវកាត់យកដើមជីដែលមានត្រួយប្រវែង១តឹក ហើយត្រូវបេះស្លឹកផ្នែកក្រោមចេញទុកត្រឹម៣ត្រួយ។ បន្ទាប់កាត់ត្រួយជីអង្កាមរួច យើងយកទៅកប់ក្នុងផើងប្រវែង ២ថ្នាំងដៃរួចស្រោចទឹក។
 
សម្រាប់ទំហំផើងយើងអាចជ្រើសរើសតាមតម្រូវការ។ បន្ទាប់ពីដាំរួចត្រូវយកថង់ប្លាស្ទិកគ្របលើផើង និងជីអង្កាម រួចចងមាត់ថង់ជាប់ផើង រួចយកទៅទុកក្នុងម្លប់ដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ រយៈពេល២សប្ដាហ៍(ប៉ុន្តែថង់ដែលយកទៅគ្របត្រូវចោះរន្ធ ៥ ទៅ៦កន្លែងដើម្បីឲ្យខ្យល់ចេញចូល។ រយៈពេល ២សប្ដាហ៍បន្ទាប់ពីគ្របថង់ត្រូវដកថង់ចេញ និងទុកជីនៅកន្លែងដដែល ដើម្បីស៊ាំនឹងបរិយាកាស ហើយត្រូវស្រោចទឹកមួយថ្ងៃ២ដងនៅពេលព្រឹកនិងពេលល្ងាច។ លោក សំអឿន បញ្ជាក់ថា ក្នុងរយៈពេលនេះយើងអាចបំបែកដាំក្នុងផើងថ្មី និងអាចបេះសម្រាប់ប្រើការបាន។
 
ក្រៅពីចែករំលែកវិធីសាស្រ្តដាំជីអង្កាម លោក ហេង សំអឿន ក៏ចែករំលែកពីការធ្វើជីទឹកស្រោចលើដំណាំដែលអាចឲ្យដំណាំលូតលាស់បានល្អផងដែរ។ សម្រាប់គ្រឿងផ្សំមានដូចជា ពងមាន់១គ្រាប់, កាពិ១ ស្លាបព្រាបាយ,ប៊ីចេង១ស្លាបព្រាបាយ,ភេសជ្ជគោជល់២គម្រប។ បន្ទាប់មកត្រូវកូរល្បាយទាំងនោះឲ្យរលាយចូលគ្នា រួចយកទៅលាយទឹកចំនួន ២០លីត្រ។
 
ចំពោះការប្រើប្រាស់ជីទឹកលើជីអង្កាម អាចដួសស្រោចលើជីឲ្យជោគ ក្នុងមួយសប្ដាហ៍ម្ដង ឬរយៈពេល៣ថ្ងៃស្រោចម្ដង។ សម្រាប់ជីទឹកនេះអាចស្រោចលើបន្លែ និងដំណាំផ្សេងៗដូចជា ជី ស្លឹកគ្រៃ ម្ទេស ប៉េងប៉ោះ  ជាដើម ដែលកសិករអាចប្រើប្រាស់បានចៀសវៀងការប្រើប្រាស់ថ្នាំគីមីដែលប៉ះពាល់ដល់សុខភាពចំពោះអ្នកប្រើប្រាស់និងអ្នកបរិភោគ៕
 

Tag:
 ជីអង្កាម
© រក្សាសិទ្ធិដោយ thmeythmey.com