ជាតិ
សត្វស្លាបទឹក២៦ប្រភេទ និងស្វាព្រាម១០ក្បាល កំពុងរស់នៅតំបន់រ៉ាមសារស្ទឹងសែន
14, Feb 2021 , 9:29 pm        
រូបភាព
ដោយ:
តំបន់រ៉ាមសារស្ទឹងសែន មានទីតាំងនៅភូមិផាត់សណ្ដាយ ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ តំបន់នេះមានសារសំខាន់ណាស់ ក្នុងការទ្រទ្រង់ដល់ពពួកសត្វស្លាបទឹក ថនិកសត្វ និងមច្ឆាជាតិជាច្រើនប្រភេទ ដែលស្ថិតនៅប៉ែកអាគ្នេយ៍នៃបឹងទន្លេសាប ជាប្រភេទតំបន់ដីសើម សម្បូរ ព្រៃលិចទឹក និងជាទីជម្រកដ៏សខាន់សម្រាប់ជីវចម្រុះគ្រប់ប្រភេទ។
 
កាលពីខែមករាកន្លងទៅ កម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា (BirdLife) និងអង្គការជីវិតធម្មជាតិនៅកម្ពុជា បានធ្វើជំរឿនសត្វស្លាបអាស៊ី នៅតំបន់រ៉ាមសារស្ទឹងសែននេះ។ ជាលទ្ធផល សត្វស្លាបចំនួន ២៦ប្រភេទត្រូវបានប្រទះឃើញ និងកត់ត្រាទុក ក្នុងនោះមានសត្វស្លាបដែលកំពុងរងការគំរាមកំហែង ចំនួន៣ប្រភេទគឺ អកត្រីក្បាលប្រផេះ ស្មោញ និងទុងប្រផេះ។ នេះបើតាមទំព័រហ្វេសប៊ុករបស់អង្គការ BirdLife នៅថ្ងៃទី១៣ ខែកុម្ភៈ។
 
បើតាមអង្គការ BirdLife ក្នុងពេលជំរឿននោះដែរ ក្រៅពីបានកត់ត្រាសត្វស្លាបទាំង២៦ប្រភេទខាងលើក្រុមឧទ្យានុរក្ស ក៏បានកត់ត្រាសត្វស្វាព្រាម ដែលជាប្រភេទជិតផុតពូជចំនួន១០ក្បាលផងដែរ។ អង្គការ BirdLife បានបញ្ជាក់ផងដែរថា ប្រភេទសត្វស្លាបនាឆ្នាំនេះ ទាបជាងឆ្នាំមុនៗ។
 
ទាក់ទិននឹងការថយចុះចំនួនសត្វស្លាបនេះ លោក ស៊ុយ ទីណាន ឧទ្យានុរក្សប្រចាំក្នុងតំបន់រ៉ាមសារស្ទឹងសែន បានប្រាប់សារព័ត៌មាន ThmeyThmey25 ថា ជាទូទៅចាប់ពីខែវិច្ឆិកា ដល់ខែមេសា ជារដូវសម្បូរសត្វស្លាប ព្រោះទឹកនៅតំបន់នេះស្រក ងាយស្រួលសត្វរកចំណី។ តែឆ្នាំនេះ ទឹកមានការស្រកចុះយឺត ខ្វះចំណី ធ្វើឲ្យសត្វស្លាបទាំងនោះ ពិបាកស្វែងរកចំណី ហើយត្រូវទៅរកចំណីនៅកន្លែងផ្សេង។ 
 
ឧទ្យានុរក្សរូបនេះ បានបញ្ជាក់បន្ថែមថា៖«យើងមិនទាន់អាចសន្និដ្ឋានបានទេថា ឆ្នាំនេះប្រភេទសត្វស្លាប ធ្លាក់ចុះប៉ុន្មានភាគរយ ព្រោះរង់ចាំការធ្វើជំរឿនមួយឆ្នាំពេញសិន។ គ្រាន់តែយើងសង្កេតឃើញ ពីការធ្វើជំរឿនលើកទីមួយ ប្រភេទសត្វស្លាបក្នុងឆ្នាំនេះ ហាក់តិចជាងឆ្នាំមុន»។ 
 
តាមការកត់សម្គាល់របស់ក្រុមការងារ កម្រិតទឹកក្នុងតំបន់រ៉ាមសារ នៅមានកម្រិតខ្ពស់នៅឡើយ ដែលធ្វើឲ្យសត្វស្លាប មិនទាន់អាចរកចំណីនៅតំបន់ដីសើមនេះបាន។ ដោយឡែកចំពោះសកម្មភាពអង្កេតតាមដានជីវចម្រុះនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយឧទ្យានុរក្សប្រចាំការនៅក្នុងតំបន់រ៉ាមសារស្ទឹងសែន ផ្ទាល់តែម្ដង។ នេះបើតាមអង្គការ BirdLife៕
 

សត្វស្លាបនៅតំបន់រ៉ាមសារស្ទឹងសែន(រូបពីហ្វេសប៊ុកអង្គការBirdLife)


សត្វស្វាព្រាមនៅតំបន់រ៉ាមសារ(រូបពីហ្វេសប៊ុកអង្គការBirdLife)

 


Tag:
 រ៉ាមសារ
 ស្ទឹងសែន
© រក្សាសិទ្ធិដោយ thmeythmey.com