ជាតិ
សេដ្ឋកិច្ច
កញ្ញា រស្មីឆពណ្ណ មានមហិច្ឆតា នាំចេញប្រេងធម្មជាតិដែលច្នៃចេញពីផលិតផលកសិកម្មទៅក្រៅប្រទេស
14, Feb 2021 , 10:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ កញ្ញា ឡុង រស្មីឆពណ្ណ ជាស្ថាបនិកស្ថាបនិកហត្ថកាលឡេប-Hathkal lab ដែលជាក្រុមហ៊ុនផលិត និងចែកចាយប្រេង ស្លឹកគ្រៃ ម្អម និងដូងធម្មជាតិនៅក្នុងទីផ្សារ។ ដ្បិតទើបតែឈានជើងចូលទីផ្សារ ប៉ុន្តែផលិតផលប្រេងធម្មជាតិ របស់ហត្ថកាលឡេប ទទួលបានការគាំទ្រគួរសម ដែលជាហេតុធ្វើឲ្យសហគ្រិន  ឡុង រស្មីឆពណ្ណ មានក្តីសង្ឃឹមថា នាងនឹងអាចពង្រីកអាជីវកម្មមួយនេះ ទៅដល់ទីផ្សារក្រៅស្រុកផងដែរ។ មិនតែប៉ុណ្ណោះ ការផលិតប្រេងធម្មជាតិចេញពីផលិតផលកសិកម្មរបស់កញ្ញា រស្មីឆពណ្ណ ក៏កំពុងរួមចំណែកលើកកម្ពស់ជីវភាពកសិករ និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកផងដែរ។
 
កញ្ញា ឡុង រស្មីឆពណ្ណ គឺជាស្ថាបនិកហត្ថកាលឡេប-Hathkal lab ។ ក្រុមហ៊ុន ហត្ថកាល ដែលកំពុងផលិត និងចែកចាយប្រេងធម្មជាតិដកចេញពីស្លឹកគ្រៃ ម្អម និងដូង នៅក្នុងទីផ្សារ។ កញ្ញា ឡុង រស្មីឆពណ្ណ បានប្រាប់សារព័ត៌មានថ្មីៗថា នាងបានចាប់ផ្តើមការស្រាវជ្រាវផលិតប្រេងធម្មជាតិ ដែលយកចេញពីវត្ថុធាតុដើមកសិកម្ម តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ យុវតីរូបនេះ បានចំណាយពេលជាង២ឆ្នាំ នៅក្នុងការងារស្រាវជ្រាវ។ ហើយនៅចុងឆ្នាំ២០១៩ ឆពនណ្ណ ក៏អាចម្រាញ់បានសារធាតុប្រេងធម្មជាតិចេញពីក្រូច ក្រូចសើច និងផ្កាម្លិះ។   
 
ដ្បិតជោគជ័យក្នុងការស្រាវជ្រាវ ប៉ុន្តែយុវតីដែលមានជំនាញវិស្វកម្មគីមី និងបច្ចេកទេសអាហារ និងជំនាញអប់រំភាសាអង់គ្លេសរូបនេះ មិនទាន់ផលិតលក់នៅលើទីផ្សារនោះទេ គឺនាងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីស្រាវជ្រាវផលិតប្រេងចេញពីវត្ថុធាតុដើមធម្មជាតិផ្សេងទៀត ស្វែងរកអ្នកផ្គត់ផ្គង់វត្ថុធាតុដើម សិក្សាទីផ្សារ ស្វែងរកដៃគូវិនិយោគ ព្រមទាំងសិក្សាពីឧបករណ៍ផលិតផងដែរ។
 
លុះដល់ពាក់កណ្តាលឆ្នាំ២០២០ ទើបកញ្ញា ឡុង រស្មីឆពណ្ណ សម្រេចចិត្តផលិតប្រេងធម្មជាតិផ្គត់ផ្គង់ក្នុងទីផ្សារ ដោយចាប់ផ្តើមពីផលិតផលប្រេងស្លឹកគ្រៃ ប្រេងម្អម និងប្រេងដូង ក្រោមការផ្គត់ផ្គង់វត្ថុធាតុដើមពីកសិករនៅក្នុងខេត្តកណ្តាល ព្រៃវែង  កំពង់ស្ពឺ និងកំពត។ ដ្បិតទើបប្រឡូកចូលក្នុងទីផ្សារ ប៉ុន្តែសហគ្រិនស្ត្រីវ័យក្មេងរូបនេះ អះអាងថាផលិតផលរបស់ខ្លួន ទទួលបានការគាំទ្រគួរសមពីអតិថិជន។ 
 
អាជីវកម្មដំណើរការល្អគឺជារឿងគួរឲ្យរីករាយមួយសម្រាប់សហគ្រិនរូបនេះ។ កញ្ញា រស្មីឆពណ្ណ ក៏កាន់តែត្រេកអរផងដែរ នៅពេលដែលអាជីវកម្មខ្លួន កំពុងចូលរួមលើកកម្ពស់ការប្រើប្រាស់ផលិតផលកម្មដោយប្រយោល និងជួយជំរុញសេដ្ឋកិច្ចកសិករដែលផ្គត់ផ្គង់វត្ថុធាតុដើមមកឲ្យក្រុមហ៊ុនខ្លួនដោយផ្ទាល់តែម្តង។  កញ្ញា ឡុង រស្មីឆពណ្ណ បន្ថែម៖«ការផលិតប្រេងរុក្ខជាតិទាំងនោះ វាជាការរួមចំណែកមួយដែរ។ ការបំប្លែងផលិតផលនោះវាជួយរកកសិករមានទីផ្សារដែរ។ ទីផ្សារស្លឹកគ្រៃវាមាន តែវាតម្លៃថោក។ ខ្ញុំអាចចិញ្ចឹម និងរកទីផ្សារឲ្យអ្នកភូមិ ដែលគាត់ដាំស្លឹកគ្រៃហ្នឹង និងខេត្តផ្សេងៗ ដែលគាត់ដាំអ្វីផ្សេងៗទៀត»។ 
 
សហគ្រិនរូបនេះ ក៏មានមហិច្ឆតានាំចេញផលិតប្រេងធម្មជាតិ និងផលិតផលផ្សេងៗទៀតពីកម្ពុជា ទៅទីផ្សារក្រៅប្រទេសផងដែរ នៅថ្ងៃអនាគត។ «គោលដៅរបស់ខ្ញុំ គឺចង់ចម្រាញ់ផលិតផលកសិកម្មរបស់ខ្មែរ ធ្វើជាផលិតផលប្រើប្រាស់ សម្រាប់នាំចេញពីស្រុកក្រៅ ដើម្បីលើកមុខមាត់ប្រទេសកម្ពុជាយើងដែរ»។ នេះជាការរៀបរាប់របស់ កញ្ញា ឡុង រស្មីឆពណ្ណ ដោយនាងបានបន្តអះអាងថា ក្រុមហ៊ុនខ្លួន នឹងខិតខំពង្រឹងគុណភាពប្រេងធម្មជាតិនេះ ឲ្យមានស្តង់ដារ ដើម្បីអាចសម្រេចបានមហិច្ឆតានាំចេញនេះ។ កញ្ញា ឡុង រស្មី ឆពណ្ណ បន្ថែម៖«ខ្ញុំចង់ផលិតប្រេង ដែលអាចឈរលើទីផ្សារអន្តរជាតិ ពីព្រោះខ្ញុំជឿ លើផលិតផលកសិកម្មរបស់ខ្មែរ»៕


កញ្ញា ឡុង រស្មីឆពណ្ណ អ្នក​ផលិត​ប្រេងដែលចម្រាញ់ពីស្លឹក​គ្រៃ​ ស្លឹកម្អម និងដូង​


កញ្ញា ឡុង រស្មីឆពណ្ណកំពុងតែ​ចិត​ស្លឹក​គ្រៃ សម្រាប់​​​ផលិត​ជា​ប្រេងស្លឹកគ្រៃ


ស្លឹកម្អម​ដែលកញ្ញា ឡុង រស្មីឆពណ្ណ​ ផលិត និង​ចម្រាញ់ជា​ប្រេងសម្រាប់ប្រើប្រាស់​ប្រចាំ​ថ្ងៃ


ប្រេង​ស្លឹកគ្រៃ


Tag:
 ប្រេងស្លឹកគ្រៃ
 ប្រេងម្អម
 ប្រេងដូង
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com