ជាតិ
បឹងធម្មជាតិ«ពារាំង» ក្នុងខេត្តសៀមរាប កំពុងចូលរួមអភិរក្សសត្វស្លាបដល់ទៅ ១៦០ប្រភេទ
15, Feb 2021 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ បឹងធម្មជាតិ«ពារាំង» ជាបឹងដែលបានចូលរួមអភិរក្សសត្វស្លាបជាច្រើនប្រភេទ និងកំពុងជំរុញសក្ដានុពលទេសចរណ៍ ក្នុងខេត្តសៀមរាបផងដែរ។ បច្ចុប្បន្ន បឹងធម្មជាតិ«ពារាំង» បានអភិរក្សសត្វស្លាបកម្រ ដែលងាយរងគ្រោះ បាន១៦០ប្រភេទ លើផ្ទៃដី២៥០ហិកតា ផងដែរ។ នេះបើតាមការផ្សាយរបស់ក្រសួងព័ត៌មាន។

សហគមន៍អេកូទេសចរណ៍ បឹងធម្មជាតិ«ពារាំង» ដែលស្ថិតក្នុងសង្កាត់ជ្រាវ នៅប៉ប្រះទឹកបឹងទន្លេសាប ចម្ងាយ១៣គីឡូម៉ែត្រពីក្រុងសៀមរាប បានអភិរក្សសត្វស្លាបចំនួន១៦០ប្រភេទ ដែលមានដូចជា សត្វទុង,ត្រដក់,រនាលពណ៌,ក្អែកទឹកតូចធំ,ក្រសារ,កុក,ក្រៀល និងស្មោញ ជាដើម។
 
បើតាមការផ្សាយរបស់ក្រសួងព័ត៌មានដដែល សហគមន៍អេកូទេសចរណ៍ បឹងធម្មជាតិ«ពារាំង» បានបង្កើតឡើងតាំងពីឆ្នាំ២០១៦មក។ មកដល់បច្ចុប្បន្ន មិនត្រឹមតែអាជ្ញាធរនោះទេ ពលរដ្ឋ ក្នុងសហគមន៍ ក៏បានចូលរួមអភិរក្សក៏ដូចជាថែរក្សា ធនធានធម្មជាតិនៅក្នុងតំបន់នោះផងដែរ។
 
ក្រសួងព័ត៌មានបានស្រង់សម្តី លោក សុខ សំណាង ប្រធានផ្នែកទេសចរណ៍នៃសហគមន៍ទេសចរណ៍ វប្បធម៌ ធម្មជាតិបឹងពារាំងថា ក្រៅពីយាមត្បាត ក្រុមការងារសហគមន៍ ក៏បានបញ្រ្ជាបការយល់ដឹង ទាក់ទងនឹងអត្ថប្រយោជន៍របស់សត្វស្លាប និងធម្មជាតិ ទៅពលរដ្ឋ ពិសេសលើវិស័យទេសចរណ៍ផងដែរ។
 
រយៈពេល៣ឆ្នាំ ក្រោយការបង្កើត បឹងធម្មជាតិ«ពារាំង» ទម្រាំពលរដ្ឋក្នុងសហគមន៍ បានយល់ដឹងច្បាស់ ក៏បានចូលរួមអភិរក្សត្រីក្នុងបឹងសម្រាប់ធ្វើជាចំណីសត្វស្លាប អភិរក្សព្រៃលិចទឹកដើម្បីធ្វើជាជម្រក និងចំណីត្រី ក៏ដូចបម្រែបម្រួលអាកាសធាតុថែមទៀតផង។ នេះបើតាមប្រភពដដែល។
 
សហគមន៍ទេសចរណ៍ វប្បធម៌ ធម្មជាតិ បឹងពារាំង តំបន់អភិរក្សត្រីមេពូជ ព្រៃលិចទឹក និងដើមពារាំង ដែលវាជាជម្រកត្រី និងសត្វស្លាបកម្រជាច្រើន ចន្លោះ១៣០ក្បាល ទៅ១៦០ក្បាល នៅលើផ្ទៃដី២៥០ហិកតា។ នេះបើតាមការបញ្ជាក់ពីក្រសងព័ត៌មាន ដោយបន្ថែមថា បច្ចុប្បន្ន សហគមន៍ ទេសចរណ៍ វប្បធម៌ ធម្មជាតិ បឹងពារាំង ក៏ជាតំបន់អេកូទេសចរណ៍មួយសម្រាប់ទស្សនាសត្វស្លាបចម្រុះ និងព្រៃលិចទឹកផងដែរ៕

រូបភាពពីក្រសួងព័ត៌មាន៖ 









Tag:
 បឹងធម្មជាតិ
 ពារាំង
 សត្វស្លាប
© រក្សាសិទ្ធិដោយ thmeythmey.com