អន្តរជាតិ
យោធា​មី​យ៉ាម៉ា​បញ្ជូន​រថពាសដែក​ចូល​ក្រុង​ធំៗ ស្របពេល​បាតុកម្ម​បន្ត​កើតមាន​ស្ទើរ​ទូទាំងប្រទេស​
15, Feb 2021 , 11:08 am        
រូបភាព
រថពាសដែក ដែលមានវត្តមាននៅក្នុងទីក្រុងយ៉ាំងហ្គោន នៅថ្ងៃទី១៤ ខែកុម្ភៈ។ រូបថត AFP
រថពាសដែក ដែលមានវត្តមាននៅក្នុងទីក្រុងយ៉ាំងហ្គោន នៅថ្ងៃទី១៤ ខែកុម្ភៈ។ រូបថត AFP
​គិត​ត្រឹម​ថ្ងៃទី​១៥ ខែកុម្ភៈ បាតុកម្ម​នៅ​មី​យ៉ាន់​ម៉ា បាន​ឈាន​ចូលដល់​ថ្ងៃទី​១០ ហើយ ខណៈពេល​មនុស្ស​ចូលរួម​មាន​ជាច្រើន​ម៉ឺន​នាក់ នៅ​ស្ទើរ​ទូទាំងប្រទេស​។ ស្របគ្នា​នេះ របប​សឹក បាន​បញ្ជូន​រថពាសដែក​ប៉ុន្មាន​គ្រឿង​មក​ក្នុង​ទីក្រុង​ធំៗ​របស់​មី​យ៉ាន់​ម៉ា ដែល​ធ្វើឱ្យមាន​ការបារម្ភ​ពី​ការបង្ក្រាប​លើ​ការតវ៉ា​របស់​ប្រជាជន​។​
 
 
 
​ប្រជាជន​មី​យ៉ាន់​ម៉ា​មក​ពី​គ្រប់​ស្រទាប់​នៅ​ស្ទើរតែ​ទូទាំងប្រទេស នៅតែ​បន្ត​ចេញមក​បាតុកម្ម និង​កាន់​តែមាន​ចំនួន​ច្រើនជាង​មុន​។ ពួកគេ​នៅតែ​ទាមទារ​របប​សឹក​ប្រគល់​អំណាច​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល ស្របពេល​ចលនា​ជំទាស់​យោធា ដែល​ចូលរួម​ដោយ​បុគ្គលិក​រដ្ឋ កាត់​តែមាន​ទំហំ​ធំ​។ សម្រែក «​ដោះលែង​ម៉ែ​ស៊ូ​» នៅតែ​បន្ត​លើកឡើង​។ លោកស្រី អ៊ុង​សាន ស៊ូ​ជី ត្រូវបាន​ប្រជាជន​មី​យ៉ាន់​ម៉ា​ភាគច្រើន​ចាត់ទុក​ដូចជា​ម៉ែ​។ 
 
​នៅក្នុង​រដ្ឋ Kachin ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស រដ្ឋាភិបាលយោធា បាន​បញ្ជូន​កម្លាំង​ប៉ូលិស​ជាច្រើន​នាក់ ទៅ​បំបែក​ក្រុម​ប្រជាជន​តវ៉ា នៅ​រោងចក្រ​អគ្គិសនី​។ ក្នុង​បាតុកម្ម​នេះ ប៉ូលិស​បាន​បាញ់កាំភ្លើង​ដាក់​ក្រុម​ប្រជាជន ដើម្បី​បំបែក​ការតវ៉ា​។ យ៉ាងណាមិញ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ ថា​តើ​ប៉ូលិស​បាន​បាញ់​គ្រាប់កាំភ្លើង​ពិត ឬ​គ្រាប់​ជ័រ​។ អ្នកសារព័ត៌មាន​ចំនួន ៥​នាក់ ដែលមាន​វត្តមាន​នៅក្នុង​បាតុកម្ម​នេះ និង​ថត​វីដេអូ​បង្ហោះ​លើ​បណ្តាញ​សង្គម​Facebook ត្រូវបាន​ចាប់ខ្លួន​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Reuters​។ 
 
​ស្របពេល​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​មាននៅ​ស្ទើរ​ទូទាំងប្រទេស អាជ្ញាធរ​មី​យ៉ាន់​ម៉ា បាន​បញ្ជូន​រថពាសដែក​ប៉ុន្មាន​គ្រឿង ចូលក្នុង​ទីក្រុង​ធំៗ ដូចជា​ក្រុង​យ៉ាំង​ហ្គោ​ន​, ក្រុង​Myitkyina និង​ក្រុង​Sittwe​។ ការបញ្ជូន​រថពាសដែក​បែបនេះ ទំនងជា​ចង់បង្ហាញ​ពី​ភាព​អស់​ការអត់ធ្មត់​របស់​ក្រុម​យោធា និង​សញ្ញា​នៃ​ការបង្ក្រាប​ទ្រង់ទ្រាយ​ធំ​លើ​ក្រុមបាតុករ អាច​កើតឡើង​ឆាប់ៗ ក្នុងពេល​ខាងមុខ​។ កន្លងមក រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា បាន​បំបែក​ក្រុមបាតុករ ក្នុង​ទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ ដូចជា​ការបាញ់ទឹក និង​បាញ់​គ្រាប់កាំភ្លើង​ជ័រ​ជាដើម​។ 
 
​បន្ថែម​ពីលើ​នេះ ការបញ្ជូន​រថពាសដែក​ខាងលើ ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ មុន​ការ​អស់​សុពលភាព​នៃ​ការឃុំខ្លួន​លើ​លោកស្រី​ស៊ូ​ជី មេដឹកនាំ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ត្រូវបាន​ឃុំខ្លួន​១៤​ថ្ងៃ ពី​ការ​នាំចូល​វិទ្យុ និង​ឧបករណ៍​ទាក់ទង​ខុសច្បាប់ ។ 
 
​បន្ទាប់ពី​មាន​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​កើតឡើង​បែបនេះ របប​សឹក បាន​កាត់ផ្តាច់​អ៊ីនធឺណិត​ស្ទើរតែ​ទាំងស្រុង​នៅក្នុង​ប្រទេស​។ ចាប់ពី​ពាក់​កណ្តាលយប់​ចូល​ថ្ងៃទី​១៥ ខែកុម្ភៈ ប្រជាជន​មី​យ៉ាន់​ម៉ា មិនអាច​ប្រើប្រាស់​អ៊ីនធឺណិត​របស់​ក្រុមហ៊ុន​ទូរគមនាគមន៍​ចំនួន​៤ នៅ​មី​យ៉ាន់​ម៉ា​បានឡើយ​។ អ៊ីនធឺណិត អាច​នឹង​ដាច់​ពី​ចន្លោះ​ម៉ោង ១​យប់ រហូតដល់ ៩​ព្រឹក​។ 
 
​ទន្ទឹមនេះ ស្ថានទូត​សហភាព​អឺរ៉ុប អង់គ្លេស និង​កាណាដា បានចេញ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ដោយ​អំពាវនាវ​ឱ្យ​ក្រុមប៉ូលិស​មី​យ៉ាន់​ម៉ា ចៀសវាង​ប្រើប្រាស់​ហិង្សា​ដាក់​ក្រុមបាតុករ និង​ប្រជាជន​ស៊ីវិល​។ ចំណែក​ស្ថានទូត​អាមេរិក អំពាវនាវ​ប្រជាជន​ខ្លួន​រក​កន្លែង​ជ្រកកោន ស្របពេល​រដ្ឋាភិបាល​ច​ល័ត​រថពាសដែក​ចូលក្នុង​ទីក្រុង​ធំៗ​៕ 

Tag:
 ​មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com