អន្តរជាតិ
តុលាការមីយ៉ាន់ម៉ា ពន្យារពេលឃុំខ្លួនលោកស្រី ស៊ូជី ពីរថ្ងៃទៀត 15, Feb 2021 , 4:02 pm
រូបថត AFP
× មេដឹកនាំមីយ៉ាន់ម៉ា អ៊ុងសាន ស៊ូជី នឹងត្រូវជាប់ឃុំឃាំងពីរថ្ងៃទៀត។ នេះការបញ្ជាក់របស់មេធាវីលោកស្រីនៅថ្ងៃទី១៥ ខែកុម្ភៈ។ តុលាការមិនបញ្ជាក់ពីមូលហេតុច្បាស់លាស់។
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវយោធាមីយ៉ាន់ម៉ា ចាប់ឃុំខ្លួននៅថ្ងៃទី១ ខែកុម្ភៈ ពេលដែលយោធាប្រកាសរដ្ឋប្រហារ។ ក្រោយមក លោកស្រី និងប្រធាធិបតី Win Myint ក៏រងការចោទប្រកាន់ពីរដោយឡែកពីគ្នា ហើយត្រូវឃុំខ្លួន១៤ថ្ងៃ គិតពីថ្ងៃទី១ ខែដដែល។ មកដល់ថ្ងៃទី១៥ ខែកុម្ភៈ លោកស្រី នៅមិនទាន់ត្រូវបានដោះលែងឡើយ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្រុងណៃពិដោ លោកមេធាវី Khin Maung Zaw បានស្រង់សម្តីរបស់ចៅក្រមថា លោកស្រីស៊ូជី នឹងបន្តជាប់ឃុំរហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ។ «ផ្អែកទៅតាមចៅក្រម, ការឃុំខ្លួន ត្រូវធ្វើដល់ថ្ងៃទី១៧ មិនមែនថ្ងៃនេះទេ»។ លោកមេធាវីលោកស្រី ស៊ូជី បានបញ្ជាក់បែបនេះ ដោយបន្ថែមថា លោកនឹងព្យាយាមជួបជាមួយលោកស្រី ស៊ូជី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy។
ចៅក្រមមិនបានបញ្ជាក់ពីមូលហេតុនៃការពន្យារពេលឃុំខ្លួនទេ។ មិនតែប៉ុណ្ណោះ ចៅក្រមក៏មិនបានបញ្ជាក់ពីការពន្យារពេលនេះ នឹងអនុវត្តលើលោក Win Myint ដែរទេយ៉ាងឡើយ។
នៅពេលត្រូវសួរថា តើដំណើរការរឿងក្តីនេះ នឹងជំនុំជម្រះដោយយុត្តិធម៌ឬយ៉ាងណា លោក Khin Maung Zaw បញ្ជាក់ថា គឺអាស្រ័យលើប្រជាជនជាអ្នកយល់ឃើញ។ បើតាមលោកមេធាវី ការបង្ហាញខ្លួនលើកដំបូងរបស់លោកស្រី ស៊ូជី នៅក្នុងសវនាការអាចធ្វើឡើងតាមប្រព័ន្ធវីដេអូ។ ក្នុងសវនាការតាមវីដេអូនេះ តុលាការនឹងសួរលោកស្រី ស៊ូជី ថាតើត្រូវការមេធាវីការពារខ្លួនឬទេ? មកទល់ពេលនេះ លោក Khin Maung Zaw មិនដែលបានជួបលោកស្រីស៊ូជីនៅឡើយទេ។
គួររំលឹកថា បន្ទាប់ពីរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិល មន្ត្រីប៉ូលិស នៅថ្ងៃទី៣ ខែកុម្ភៈ បានចូលទៅឆែកឆេរផ្ទះលោកស្រីស៊ូជី ដោយបានរកឃើញវិទ្យុ និងឧបករណ៍ ដែលនាំចូលខុសច្បាប់។ បញ្ហានេះ ត្រូវបានតុលារការចេញបញ្ជាឱ្យឃុំខ្លួនលោកស្រី ១៤ថ្ងៃ។ ក្នុងថ្ងៃដដែលនោះ ប៉ូលិស ក៏បានចោទ លោក Win Myint ផងដែរ។
មកដល់ថ្ងៃទី១៥ ខែកុម្ភៈ ប្រជាជនមីយ៉ាន់ម៉ាជាច្រើនពាន់នាក់ នៅតែបន្តទាមទារឱ្យដោះលែងលោកស្រី ស៊ូជី ដដែល ទោះរដ្ឋាភិបាលយោធា បានចល័តរថពាសដែក និងរថយន្តយោធាមួយចំនួន នៅក្នុងទីក្រុងធំមុនមួយថ្ងៃក៏ដោយ។ ចំណែកអ៊ីនធឺណិត ដែលបានកាត់ផ្តាច់តាំងពីពាក់កណ្តាល់យប់នោះ ក៏ត្រូវបានតភ្ជាប់ឡើងវិញដែរ នៅម៉ោង៩ព្រឹក ខណៈពេលបណ្តាញសង្គម នៅតែបន្តរឹតត្បិត៕
© រក្សាសិទ្ធិដោយ thmeythmey.com