រថយន្ត
អន្តរជាតិ
ទីផ្សាររថយន្តនៅអាស៊ីអាគ្នេយ៍ធ្លាក់ចុះ២៩ភាគរយក្នុងឆ្នាំ២០២០
15, Feb 2021 , 7:19 pm        
រូបភាព
ដោយ: ធីតា
វិបត្តិកូវីដ-១៩ បានធ្វើឲ្យការលក់រថយន្តនៅតំបន់អាស៊ីអាគ្នេយ៍ ធ្លាក់ចុះ២៩ភាគរយកាលពីឆ្នាំ២០២០កន្លងមក។ នេះបើយោងតាមការផ្សាយរបស់ Nikkei Asia។
 
 
របាយការណ៍ពីថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន និងសិង្ហបុរី បង្ហាញថា រថយន្តដែលបានលក់ចេញរួមគ្នាកាលពីឆ្នាំកន្លងមក បានត្រឹមតែ២,៤៤លានគ្រឿងប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ២៩ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩។
 
ថៃដែលជាទីផ្សាររថយន្តធំជាងគេក្នុងតំបន់ បានលក់ចេញតែត្រឹម ៧៩០ ០០០គ្រឿងប៉ុណ្ណោះ។ នេះជាលើកដំបូងនារយៈពេល៣ឆ្នាំចុងក្រោយ ដែលឧស្សាហកម្មរថយន្តថៃ បានបរាជ័យមិនបានសម្រេចគោលដៅលក់ចេញ១លានគ្រឿងក្នុង១ឆ្នាំ។
 
ឥណ្ឌូណេស៊ី ត្រូវបានចាត់ទុកជាប្រទេសដែលមានតួលេខធ្លាក់ចុះខ្លាំងជាងគេកាលពីឆ្នាំមុន ដោយបញ្ចេញបានតែត្រឹម ៥៣០ ០០០គ្រឿងប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ៤៨ភាគរយ។ ប្រទេសដ៏ធំជាងគេនៅក្នុងតំបន់មួយនេះ ខំប្រឹងស្តារយ៉ាងខ្លាំងកាលពីខែធ្នូ ប៉ុន្តែមិននៅតែមានកម្រិតទាបជាង៣៥ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩។
 
តួលេខនៅបណ្តាប្រទេសផ្សេងទៀតបង្ហាញថា ម៉ាឡេស៊ី ធ្លាក់ចុះ១២ភាគរយ វៀតណាមធ្លាក់ចុះ៨ភាគរយ និងហ្វីលីពីន ធ្លាក់ចុះ៤១ភាគរយ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com