រថយន្ត
អន្តរជាតិ
Maybach S-Class ថ្មី ក្លាយជារថយន្តទី៥០លានរបស់ក្រុមហ៊ុន Mercedes
15, Feb 2021 , 7:39 pm        
រូបភាព
ដោយ: ធីតា
រថយន្តម៉ូដែល Mercedes-Maybach S 580 ឆ្នាំ២០២១ ផលិតនៅរោងចក្រ Factory 56 ក្នុងក្រុង Sindelfingen ប្រទេសអាល្លឺម៉ង់  បានក្លាយរថយន្តទី៥០លាននៃបណ្តាញផលិតសកលរបស់ក្រុមហ៊ុន Mercedes-Benz។
 
«Mercedes-Benz តែងតែបង្កើតនូវប្រណីតភាព។ នេះជាមូលហេតុដែលខ្ញុំមានមោទកភាពចំពោះខួបនៃផលិតផលដ៏ពិសេសនេះ។ រថយន្ត៥០លានគ្រឿងត្រូវផលិតជាប្រវត្តិសាស្ត្រនៃក្រុមហ៊ុនរបស់យើង និងជាសមិទ្ធផលរបស់ពិសេសរបស់ក្រុមទាំងមូល»។ នេះជាការលើកឡើងរបស់លោក Jorg Burzer សមាជិកគណៈគ្រប់គ្រងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Mercedes-Benz AG។
 
Mercedes-Maybach S 580 ឆ្នាំ២០២១ ជាលំដាប់ S-Class ឆ្លាតវៃ ដែលនៅរោងចក្រ Factory 56 ក្រោយដំណើរចាប់ពីខែកញ្ញា ឆ្នាំ២០២០មក។ រោងចក្រដែលស្ថិតនៅក្រុង Sindelfingen នេះ ត្រូវបានប្រើប្រាស់ជាទីតាំងផលិតប្រភេទរថយន្ត S-Class និង ម៉ូដែលអគ្គិសនី EQ EV ដោយផ្អែកតាមគោលការណ៍ ភាពបត់បែន ឌីជីថល ប្រសិទ្ធភាព និងនិរន្តភាព។


 
Mercedes បានទាន់បានបង្ហាញពីតម្លៃពិតប្រាកដរបស់ Maybach S 580 ឡើយ ប៉ុន្តែរបាយការណ៍នានាបានឲ្យដឹងថា រថយន្តដ៏ទំនើបនេះ មានតម្លៃចាប់ពី ១៧៣ ០០០ដុល្លារអាមេរិក ហើយគ្រោងបង្ហាញវត្តមាននៅលើទីផ្សារនៅពាក់កណ្តាលឆ្នាំ២០២១។
 
កាលពីឆ្នាំ២០១៦ ក្រុមហ៊ុនហុងដាជប៉ុន ឈានដល់ការផលិតបានរថយន្តទី១០០លានរបស់ខ្លួន ហើយមួយឆ្នាំក្រោយមក Volkswagen ប្រកាសពីផលិតផលទី១៥០លាន។ ងាកទៅឆ្នាំ២០១២ ក្រុមហ៊ុនតូយ៉ូតា ផលិតបានរថយន្តម៉ូដែលទី២០០លាន។
 
BMW មិនទាន់បង្ហាញពីគោលដៅសាកលនៃច្រវាក់ផលិតកម្មខ្លួននោះឡើយ ប៉ុន្តែកាលពីឆ្នាំមុន គូប្រជែងដ៏ធំរបស់ Mercedes មួយនេះ ទើបផលិតបានរថយន្ត៥លានគ្រឿងនៅសហរដ្ឋអាមេរិក។ អ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនោះ គឺក្នុងចំណោមរថយន្ត៥០លានគ្រឿង Mercedes ផលិតបានប្រភេទ G-Wagon ទី៤០ម៉ឺនកាលពីចុងឆ្នាំ២០២០៕


 

© រក្សាសិទ្ធិដោយ thmeythmey.com