ជាតិ
BirdLife បារម្ភ​ពី​ការគំរាមកំហែង​សត្វព្រៃ​នៅ​លំផាត់​ដោយសារ​ការដាក់​អន្ទាក់ និង​ការបំពុល​តាម​ត្រពាំង​
16, Feb 2021 , 7:59 am        
រូបភាព
ឈ្លូសដែលជាប់អន្ទាក់ស្លាប់(រូបពីអង្គការBirdLife)
ឈ្លូសដែលជាប់អន្ទាក់ស្លាប់(រូបពីអង្គការBirdLife)
ដោយ:
​ការដាក់​អន្ទាក់ ការបំពុល​តាម​ត្រពាំង និង​កំណើន​ការ​បរបាញ់ ជា​កត្តា​គំរាមកំហែង​ដល់​សត្វព្រៃ​ដែល​អង្គការ BirdLife មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​លំផាត់​


​បាន​ប្រទះឃើញ​សត្វ​ឈ្លូស​ចំនួន ២​ក្បាល​ងាប់ ដោយសារ​ជាប់អន្ទាក់​ព្រានព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ខេត្តរតនគិរី ឆ្នាំ​២០២១​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អង្គការ BirdLife នៅ​ថ្ងៃទី​១១ ខែកុម្ភៈ​។​
 
​អង្គការ BirdLife បញ្ជាក់ថា កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឧ​ទ្យា​នុ​រក្ស​នៃ​ដែនជម្រកសត្វព្រៃ​លំផាត់ បាន​ប្រទះឃើញ​សត្វ​ឈ្លូស​ចំនួន ២​ក្បាល​បាន​ជាប់អន្ទាក់​ព្រានព្រៃ​ងាប់​។ តាម​សភាព​សាកសព សត្វ​នេះ​បាន​ងាប់ យ៉ាងតិច ៧​ថ្ងៃ មុនពេល​ឧ​ទ្យា​នុ​រក្ស​បាន​ជួបប្រទះ ក្រោយមក​ឧ​ទ្យា​នុ​រក្ស​ក៏បាន​ដុត​សាកសព​ឈ្លូស​នោះ​ចោល​។ 


សកម្មភាពដុតសត្វឈ្លូសរបស់ឧទ្យានុរក្ស 

​អង្គការ BirdLife លើកឡើងថា​៖ «​នៅ​ថ្ងៃទី​៥ ខែកុម្ភ​: ក៏មាន​សត្វ​ត្រយង​យក្ស​មួយ​ក្បាល​បាន​ជាប់អន្ទាក់​ដែរ តែ​ត្រូវបាន​ឧ​ទ្យា​នុ​រក្ស​ជួយសង្គ្រោះ​ទាន់ពេល​។ ដោយឡែក​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ​នេះ សហគមន៍​អូ​រ៉ៃបាន​ដោះ​អន្ទាក់​បាន​ចំនួន ១៧​ខ្សែ​ដាក់​រាយ​ជុំវិញ​ត្រពាំង​ចា​រ្យ ដែល​ស្ថិតនៅលើ​ទីតាំង​ដែលមាន​ចម្ងាយ​ប្រមាណ​មួយ​គីឡូម៉ែត្រ ពី​ចម្ការចេក​របស់​ដី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច នៅលើ​ខ្សែ​អន្ទាក់​មាន​ជាប់​ស្នាម​ឈាម ដែល​អាច​សន្និដ្ឋានថា​ធ្លាប់មាន​សត្វ​ជាប់​»​។ 
 
​លោក ប៊ូ វរ​សក្ស នាយក​កម្មវិធី​អង្គការ BirdLife ប្រចាំ​កម្ពុជា ស្នើ​ឲ្យ​បង្កើន​ការ​ល្បាត​អនុវត្ត​ច្បាប់​នៅតាម​ទីតាំង​ត្រពាំង​សំខាន់ៗ ដែល​នៅសល់​មានទឹក ដើម្បី​ដោះ​អន្ទាក់ បង្ក្រាប់​ជនល្មើស និង​ស្វែងរក​ជនល្មើស​។ លោក​ក៏​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​អប់រំ​ផ្សព្វផ្សាយ ប្រជា​សហគមន៍​ឲ្យ​បញ្ឈប់​ការបំពុល ការដាក់​អន្ទាក់ និង​ការ​បរបាញ់​តទៅទៀត​។ បន្ថែម​លើ​នេះ នាយក​កម្មវិធី​អង្គការ BirdLife ប្រចាំ​កម្ពុជា សំណូមពរ​ដល់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច សូម​អប់រំ​ផ្សព្វផ្សាយ​ដល់​កម្មករ​របស់ខ្លួន​កុំ​ឲ្យ​ចូលរួម​សកម្មភាព​បំពុល ដាក់​អន្ទាក់ និង​ការ​បរបាញ់​ជាដើម​៕

Tag:
 ឈ្លូស​
 ​ដែនជម្រកសត្វព្រៃ​លំផាត់​
 ​រតនគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com