កីឡាអន្តរជាតិ
អន្តរជាតិ
Rashford ក្លាយជា​កីឡាករ​ថ្លៃ​ជាងគេ​លើ​លោក ខណៈ Mbappe ធ្លាក់​ទៅ​លេខ​៥
16, Feb 2021 , 8:29 am        
រូបភាព
Marcus Rashford ខ្សែប្រយុទ្ធ​ក្រុម Manchester United បាន​ក្លាយជា​កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ទិញ​ផ្តាច់​កិច្ចសន្យា​ថ្លៃ​បំផុត​ក្នុង​ពិភព​បាល់ទាត់​នាពេល​បច្ចុប្បន្ន ជាមួយនឹង​តម្លៃ​២០៨​លាន​ដុល្លារ​។ Erling Haaland របស់ Borussia Dortmund ឡើងទៅ​លេខ​រៀង​ទី​ពីរ ខណៈ Kylian Mbappe ខ្សែប្រយុទ្ធ​ឆ្នើម Paris Saint-Germain ដែល​ធ្លាប់​ឈរ​កំពូល​តារាង​បាន​ធ្លាក់​ទៅ​លេខ​៥​។​

​យោងតាម​ទិន្នន័យ​របស់​មន្ទីរ​ស្រាវជ្រាវ​កីឡាបាល់ទាត់ CIES Football Observatory បង្ហាញថា​ដោយសារតែ​កត្តា​អាយុ​នៅ​តិច និង​ទេពកោសល្យ​ទើប​ធ្វើឱ្យ Rashford អាចមាន​តម្លៃ​ខ្លួន​ថ្លៃ​បែបនេះ​។​
 
Rashford ដែល​សព្វថ្ងៃ​មាន​អាយុ ២៣ ឆ្នាំ​បានបង្ហាញ​ភាពលេច​ធ្លោ​នៅ​រដូវ​កាល ២០២០-២១ នេះ ដោយ​ស៊ុត​បញ្ចូល​ទី​បាន​១៥​គ្រាប់​នៅ​គ្រប់ការ​ប្រកួត​ទាំងអស់​សម្រាប់​ក្លិប​បិសាច​ក្រហម និង​ជម្រើសជាតិ​អង់គ្លេស​។ រូបគេ​បាន​ជួយ Man Utd ស្ថិតនៅ​លេខ​២​ក្នុង​ក្របខណ្ឌ Premier League បណ្តោះអាសន្ន​។  
 
​សម្រាប់ Erling Haaland តារា​ឆ្នើម​របស់ Borussia Dortmund និង Trent Alexander-Arnold ខ្សែការពារ​របស់ Liverpool ស្ថិតនៅ​កំពូល​ទាំងបី​ក្នុងនាម​កីឡាករ​មានតម្លៃ​ខ្លួន​ថ្លៃ​ជាមួយ Rashford ផងដែរ​។​
 
Haaland សញ្ជាតិ​ន័​រ​វែ​ស​ដែលមាន​វ័យ​ទើប​២០​ឆ្នាំ ត្រូវបាន CIES Football Observatory កំណត់​តម្លៃ​ទិញ​ផ្តាច់​កិច្ចសន្យា​ចំនួន ១៩២​លាន​ដុល្លារ​អាមេរិក ខណៈ Arnold វ័យ​២២​ឆ្នាំ និង​ជា​ខ្សែការពារ​អន្តរជាតិ​អង់គ្លេស​មានតម្លៃ ១៩០​លាន​ដុល្លារ​អាមេរិក​។​
 



Bruno Fernandes ដែល​ជួយ Man Utd បង្កើន​ទម្រង់​លេង​ល្អ​មួយកម្រិត​ឡើងវិញ​នៅ​ចំណាត់ថ្នាក់​ទី​៤ ដោយមាន​តម្លៃ​ផ្ទេរ ១៩០​លាន​ដុល្លារ​អាមេរិក​ផងដែរ​។​
 
​អ្វីដែល​គួរកត់សម្គាល់ ខ្សែប្រយុទ្ធ​អន្តរជាតិ​បារាំង Kylian Mbappe ដែល​ឈរ​កំពូល​តារាង​ក្នុងនាម​កីឡាករ​ថ្ងៃ​ជាងគេ​លើ​លោក​កន្លងមក​បាន​ធ្លាក់​ទៅ​លេខ​៥​វិញ​គិត​ត្រឹម​ដើមឆ្នាំ​២០២១​នេះ​។ ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​យក្ស PSG វ័យ​២២​ឆ្នាំ​រូបនេះ មានតម្លៃ​ផ្ទេរ ១៨៧​លាន​ដុល្លារ​អាមេរិក​។​
 
Jadon Sancho ខ្សែបម្រើ Borussia Dortmund, Joao Felix ខ្សែបម្រើ AT-Madrid, Alphonso Davies ខ្សែការពារ Bayern Munich, Raheem Sterling ខ្សែប្រយុទ្ធ Manchester City និង Kai Havertz ខ្សែបម្រើ Chelsea ស្ថិតក្នុង​ចំណោម​កីឡាករ​បាល់ទាត់​ទាំង​១០​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​។​
 
​ដោយឡែក Lionel Messi ខ្សែប្រយុទ្ធ​ឆ្នើម Barcelona ឯណោះ​វិញ​បាន​ធ្លាក់​ទៅ​លេខ​រៀង​ទី​៩៧ ក្នុងតម្លៃ ៦៨​លាន​ដុល្លារ ហើយ Cristiano Ronaldo របស់ Juventus ធ្លាក់​ទៅ​លេខ​១៣១ ជាមួយ​តម្លៃ​ផ្ទេរ ៦៦​លាន​ដុល្លារ​។ ធ្លាក់​ថ្លៃ ដោយសារ​តារា​ឆ្នើម​ទាំងពីរ​មាន​វ័យ​កាន់តែ​ចាស់ និង​កិច្ចសន្យា​ជាមួយ​ក្លិប​មាន​រយៈពេល​ខ្លី​៕
 
 

Tag:
 Marcus Rashford
  CIES Football Observatory
© រក្សាសិទ្ធិដោយ thmeythmey.com