COVID-19
ជាតិ
អ្នកជំងឺបរទេស៣នាក់នៅកម្ពុជា មានវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី
15, Feb 2021 , 5:16 pm        
រូបភាព
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនាល្ងាចថ្ងៃចន្ទ នេះ បាន​ចេញសេចក្តីប្រកាសព័ត៌មានពីករណីអ្នកជំងឺបរទេស​៣នាក់ ដែលមាន​វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី។ អ្នកជំងឺទាំងនោះមាន​បុរសឥណ្ឌាអាយុ​២៨​ឆ្នាំ ស្ត្រីឥណ្ឌាអាយុ​២៣ឆ្នាំ និង​ស្ត្រីចិនអាយុ២៦​ឆ្នាំ។ បច្ចុប្បន្នពួកគាត់​ត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាល​នៅមជ្ឈមណ្ឌល​ជាតិកំចាត់រោគរបេង និងហង់សិន។


បុរស និង​ស្ត្រីឥណ្ឌា បាន​ធ្វើដំណើរមកពីប្រទេសខ្លួន ដោយឆ្លងកាត់សិង្ហបុរី និងមកដល់កម្ពុជា​នៅថ្ងៃទី​៣ ខែកុម្ភៈ រីឯស្ត្រីចិន មកពីប្រទេសខ្លួន ដោយឆ្លងកាត់​កូរ៉េខាងត្បូង ហើយមាន​ដល់​កម្ពុជានៅ​ថ្ងៃទី​៧ ខែកុម្ភៈ។

តាមអង្គការសុខភាព​ពិភពលោក (WHO) គិតត្រឹមថ្ងៃទី​១៥ ខែកុម្ភ​ៈ នេះ ករណីឆ្លងវីរុសកូវីដ-១៩ ដែលបាន​បំប្លែងខ្លួនថ្មី (ប្រភេទ B.1.1.7) រាលដាលដល់ប្រមាណ​៨០​ប្រទេស ហើយ​ជាង​៣០០ករណី ត្រូវបាន​រកឃើញ​នៅ១០ប្រទេស​នៅ​តំបន់ប៉ាស៊ីហ្វិក​ខាងលិច និង​៨​ប្រទេស​/តំបន់ មាន​ករណី​បំប្លែងខ្លួនថ្មី (ប្រភេទ 501Y.V2 Variant) ដោយលើសពី​៨០ករណី ក្នុងនោះមាន​បណ្តាប្រទេសនៅតំបន់អាស៊ានផងដែរ។

«សូមបងប្អូនប្រជាពលរដ្ឋកម្ពុជា មាន​ការប្រុង​ប្រយ័ត្ន​ខ្ពស់ ការពារខ្លួន កុំធ្វេសប្រហែសឲ្យសោះ និងមិនត្រូវមើលរំលងពីលទ្ធភាព​នៃការចម្លងវីរុស​កូវីដ-១៩ ប្រភេទបំប្លែង​ថ្មីទាំងនេះ មកក្នុងសហគមន៍កម្ពុជា​យើងនោះឡើយ»។ នេះជាការក្រើន​រំលឹក​របស់ក្រសួងសុខាភិបាល។

៣ករណីដែល​កម្ពុជាបាន​រកឃើញនេះ មាន​ការ​ឆ្លងការវិភាគមន្ទីរពិសោធន៍នៅថ្ងៃទី១៤ ខែកុម្ភៈ ដោយវិទ្យាស្ថានប៉ាស្ទ័រ។ វាជាករណី​វីរុសកូវីដ-១៩​ថ្មី ដែលបាន​បំប្លែងខ្លួនថ្មី (ប្រភេទ UK Variant 20I/501Y.V1, VOC 202012/01 និង B.1.1.7)៕

© រក្សាសិទ្ធិដោយ thmeythmey.com