ជាតិ
វីដេអូ
សេដ្ឋកិច្ច
កសិករ ណន ង៉ា ធ្វើរោងសំណាញ់ដាំបន្លែសុវត្ថិភាពអស់ត្រឹម២៥០ដុល្លារ អាចដាំដុះគ្រប់រដូវ រហូត៥ឆ្នាំ 15, Feb 2021 , 10:59 pm
អ្នកស្រីណន ង៉ា កំពុងបោចស្មៅ ក្នុងរោងសាឡាត កាលពីថ្ងៃទី២៤មករា ឆ្នាំ២០២១។
× ភ្នំពេញ៖ រយៈពេលជិតមួយឆ្នាំមកហើយ ដែលកសិករ ណន ង៉ា បានដាំដុះបន្លែសុវត្ថិភាពគ្រប់ប្រភេទ នៅក្នុងរោងសំណាញ់ដែលមានទទឹងទំហំ៤ម៉ែត្រ និងបណ្តយ១៨ម៉ែត្រ។ រោងដាំបន្លែរបស់អ្នកស្រី ង៉ា ដែលធ្វើឡើងពីដែក ប្រក់ដោយប្លាស្ទិក និងមានសំណាញ់សម្រាប់បិទបាំងជុំវិញផងនោះ គឺអាចដាំដុះបន្លែគ្រប់ប្រភេទ ដាំបានគ្រប់រដូវកាលបាន យ៉ាងហោចណាស់៥ឆ្នាំ។
កសិករវ័យ៤៩ឆ្នាំរូបនេះ បានចំណាយប្រាក់អស់ត្រឹម១លានរៀល ឬស្មើនឹង២៥០ដុល្លារប៉ុណ្ណោះ សម្រាប់ធ្វើរោងដាំបន្លែនេះឡើង។ អ្នកស្រី ណន ង៉ា បាននិយាយដូច្នេះ៖« ទាំងទិញដែក ទាំងទិញប្លាស្ទិក និងទាំងជួលជាងមកផ្សាដែកធ្វើរោងបន្លែនេះ អស់តែ១លានរៀលទេ»។
បើតាមស្ត្រីដែលមានបទពិសោធន៍ដាំបន្លែអស់ជាង៣០ឆ្នាំ រស់នៅក្នុងភូមិគោកដូង សង្កាត់ក្របីរាល ក្រុងសៀមរាប ខេត្តសៀមរាបរូបនេះ បា្លស្ទិកដែលកំពុងប្រក់នៅលើរោងដាំបន្លែនោះ មានអាយុកាលរហូតទៅដល់៥ឆ្នាំ ខណៈដែកអាចនឹងអាកាសធាតុ ប្រើបានរាប់សិបឆ្នាំ។ សម្រាប់រោងដាំបន្លែរបស់អ្នកស្រី ណន ង៉ា មានរូបរាង ឬលក្ខណៈ និងអត្ថប្រយោជន៍ប្រហាក់ប្រហែលទៅនឹងផ្ទះសំណាញ់ ដែលអាចអនុញ្ញាតឱ្យកសិកម្មដាំដុះ បានគ្រប់រដូវកាល ផងដែរ។
អ្នកស្រីណន ង៉ា កំពុងស្រោចទឹកកូនសាឡាដនៅក្នុងរោង។
«នៅពេលរដូវភ្លៀងខ្លាំង យើងមានរោងបន្លែដែលមានប្លាស្ទិកបាំងបែបនេះ គឺយើងមិនបារម្ភខ្លាចខូចនៅរដូវវស្សា»។ នេះ ជាការលើកឡើងរបស់អ្នកស្រី ណន ង៉ា ដោយបន្តរៀបរាប់ដូច្នេះ៖«ហើយប្រសិនបើនៅរដូវក្តៅខ្លាំង យើងអាចដាំមុខបន្លែណា[ឆាប់បានផល]។ ដូចជា ប្រភេទសាឡាដយើងធម្មតា ប្រភេទសាឡាដបរទេសជាដើម»។
ចំពោះសាឡាដ ដែលដាំដុះនៅក្នុងរោងសំណាញ់នេះ ទោះបីមានអាកាសធាតុក្តៅខ្លាំង ដែលកសិករដទៃដាំមិនបានផល ក៏អ្នកស្រី ង៉ា អាចដាំនិងទទួលទិន្នផលបានយ៉ាងហោចណាស់ ពី៤៥ទៅ៦០គីឡូក្រាម ហើយនឹងបានរហូតដល់១២០គីឡូក្រាម ក្នុងករណីអាកាសធាតុល្អសមស្រប និងអំណោយផលក្នុងការដាំដុះ។ ជាប្រចាំកសិកររូបនេះ អាចរកចំណូលពីសាឡាដបាន៨,០០០រៀលក្នុងមួយគីឡូក្រាម ក្នុងរយៈពេល២០ថ្ងៃម្តង នៃការដាំដុះលើរោងសំណាញ់អស់ រយៈពេលជិតមួយឆ្នាំមកនេះ៕
រោងបន្លែរបស់អ្នកស្រី ណន ង៉ា។
Tag:
កសិកម្ម
បន្លែសុវត្ថិភាព
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com